យុគសម័យ - សំដៅធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគោលដៅកសាងរដ្ឋាភិបាលអេឡិចត្រូនិក និងរដ្ឋាភិបាលឌីជីថល ទៅតាមកម្មវិធីកែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ ២០២៦ នេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានប្រកាសដាក់ចេញនូវផែនការដាក់ឱ្យអនុវត្តការកសាង "គំរូឌីជីថលនៅមូលដ្ឋាន" នៅលើភូមិសាស្ត្រខេត្ត។ នេះត្រូវបានចាត់ទុកថាជាជំហានឈានជើងដ៏សំខាន់មួយ សំដៅនាំយកការផ្លាស់ប្តូរឌីជីថលឱ្យចូលទៅកៀកជិតនឹងប្រជាពលរដ្ឋបន្ថែមទៀត ដោយយកថ្នាក់ភូមិ និងសង្កាត់ធ្វើជាភូមិសាស្ត្រស្នូល ដើម្បីបង្កើតឡើងនូវបណ្តាគំរូឌីជីថលដែលមានលក្ខណៈជាក់ស្តែង មានប្រសិទ្ធភាព និងមានលទ្ធភាពពង្រីកបន្តបាន។
| អ្នកនេសាទនៅខេត្ត Ca Mau ចូលរួមសវនាការសាកល្បងប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU) ខេត្ត Ca Mau និងខេត្តកោះកុងបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី |
តាមផែនការ ខេត្តនឹងដាក់ឱ្យអនុវត្តសាកល្បងនៅតាមឃុំ សង្កាត់ចំនួន ២០ ដែលស្ថិតនៅតាមភូមិសាស្ត្រផ្សេងៗគ្នា ក្នុងគោលដៅកសាងបណ្តាគំរូផ្លាស់ប្តូរឌីជីថលដែលភ្ជាប់ជិតស្និទ្ធទៅនឹងជីវភាពរស់នៅរបស់ប្រជាជន សកម្មភាពផលិតកម្ម អាជីវកម្ម និងការគ្រប់គ្រងសង្គម។
![]() |
| បណ្តាតំណាងចូលរួមពិធីចេញទ័ពកសាងគំរូ។ |
យកប្រជាពលរដ្ឋជាមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរឌីជីថល
គោលដៅស្នូលមួយក្នុងចំណោមគោលដៅស្នូលទាំងឡាយនៃផែនការ គឺការលើកកម្ពស់ការយល់ដឹង និងជំនាញឌីជីថលសម្រាប់កម្មាភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋ ឈានទៅបង្កើតសង្គមឌីជីថលជាជំហានៗ ដែលជាកន្លែងដែលប្រជាពលរដ្ឋមានសមត្ថភាពប្រើប្រាស់យ៉ាងស្ទាត់ជំនាញនូវបណ្តាប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងសេវាឌីជីថលនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ខេត្តកាម៉ាវ បានកំណត់ថា ប្រជាពលរដ្ឋគឺជាមជ្ឈមណ្ឌល និងជាម្ចាស់នៃដំណើរការផ្លាស់ប្តូរឌីជីថល។ ហេតុដូច្នេះហើយ បណ្តាសកម្មភាពដាក់ឱ្យអនុវត្តនឹងផ្តោតទៅលើខ្លឹមសារទាំងឡាយណាដែលជិតស្និទ្ធ ងាយស្រួលឈានទៅប្រើប្រាស់ និងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ ដូចជា ការប្រើប្រាស់សេវាសាធារណៈអនឡាញ អត្តសញ្ញាណកម្មអេឡិចត្រូនិក ការទូទាត់ប្រាក់មិនប្រើសាច់ប្រាក់ ពាណិជ្ជកម្មអេឡិចត្រូនិក និងជំនាញធានាសុវត្ថិភាពព័ត៌មាននៅលើបរិស្ថានបណ្តាញអុីនធឺណិត។
![]() |
| បណ្តាតំណាងអនុវត្តពិធីការនៃពិធីចេញទ័ពកសាងគំរូ។ |
ទន្ទឹមនឹងនោះ តួនាទីរបស់ក្រុមការងារបច្ចេកវិទ្យាឌីជីថលសហគមន៍ និងកម្លាំងសមាជិកយុវជន យុវជន ត្រូវបានលើកកម្ពស់ជាពិសេសនៅក្នុងការជួយជ្រោមជ្រែងប្រជាពលរដ្ឋឱ្យឈានទៅប្រើប្រាស់បច្ចេកវិទ្យា ផ្សព្វផ្សាយជំនាញឌីជីថលជាសកល និងជំរុញដំណើរការផ្លាស់ប្តូរឌីជីថលចាប់ពីថ្នាក់មូលដ្ឋាន។
បង្កើតបណ្តាគំរូឌីជីថលភ្ជាប់នឹងការអនុវត្តជាក់ស្តែងនៅមូលដ្ឋាន
តាមផែនការ ខេត្តនឹងដាក់ឱ្យអនុវត្តក្នុងពេលដំណាលគ្នានូវគំរូផ្លាស់ប្តូរឌីជីថលគំរូចំនួន ០៥។ ក្នុងនោះ គំរូភូមិ និងសង្កាត់ឌីជីថលគំរូឈានមុខ បានដាក់ចេញនូវសូចនាករជាក់លាក់ជាច្រើន ដូចជា កម្មាភិបាលទទួលបន្ទុកនៅតាមភូមិ និងសង្កាត់ចំនួន ១០០% ត្រូវបានបណ្តុះបណ្តាលជំនាញឌីជីថល រាល់ឯកសារផ្លាស់ប្តូររវាងថ្នាក់ឃុំជាមួយមេភូមិ និងចៅសង្កាត់ ត្រូវអនុវត្តនៅលើបរិស្ថានអេឡិចត្រូនិក (លើកលែងតែឯកសារសម្ងាត់) និងយ៉ាងហោចណាស់ ៩០% នៃប្រជាពលរដ្ឋពេញវ័យប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ព្រមទាំងមានគណនីអត្តសញ្ញាណកម្មអេឡិចត្រូនិកកម្រិត ២។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ខេត្តឆ្ពោះទៅរកគោលដៅយ៉ាងហោចណាស់ ៩០% នៃសហគ្រាស និងគ្រួសារអាជីវកម្ម អនុវត្តការទូទាត់ប្រាក់មិនប្រើសាច់ប្រាក់ ៨០% នៃគ្រួសារមានសមាជិកដែលមានគណនីធនាគារ ឬកាបូបប្រាក់អេឡិចត្រូនិក និង ៦០% នៃប្រជាពលរដ្ឋពេញវ័យចេះប្រើប្រាស់បណ្តាសេវាសាធារណៈអនឡាញដែលជាតម្រូវការចាំបាច់។
![]() |
| បណ្តាសហគ្រាសនៅលើភូមិសាស្ត្រ សម្តែងការគាំទ្រនិងរួមដំណើរជាមួយអាជ្ញាធរមូលដ្ឋាន នៅក្នុងការដាក់ឱ្យអនុវត្តការកសាង «គំរូឌីជីថលនៅមូលដ្ឋាន» នៅលើភូមិសាស្ត្រខេត្ត។ |
ក្នុងពេលដំណាលគ្នានោះដែរ គំរូផ្សារឌីជីថលនឹងត្រូវដាក់ឱ្យអនុវត្តក្នុងគោលដៅធានាឱ្យបាន ១០០% នៃអាជីវករត្រូវបានបំពាក់នូវវិធីសាស្ត្រទូទាត់ប្រាក់មិនប្រើសាច់ប្រាក់។ បណ្តាផ្សារនឹងប្រើប្រាស់កម្មវិធីទន់ គ្រប់គ្រងគ្រួសារអាជីវកម្ម ប្រភេទមុខទំនិញ និងទីតាំងអាជីវកម្ម ព្រមទាំងតំឡើងប្រព័ន្ធកាមេរ៉ាឆ្លាតវៃដើម្បីបម្រើដល់ការងារសន្តិសុខសណ្តាប់ធ្នាប់ និងការបង្ការ ពន្លត់អគ្គិភ័យ។ បណ្តាផ្សារក៏នឹងផ្តល់ជូននូវសេវា Wifi ដោយឥតគិតថ្លៃដើម្បីបម្រើដល់អាជីវករ និងប្រជាពលរដ្ឋផងដែរ។
នៅក្នុងវិស័យរដ្ឋបាលសាធារណៈ គំរូផ្តល់សេវាសាធារណៈអនឡាញនៅតាមសង្កាត់ និងភូមិ នឹងត្រូវកសាងឡើងជាមួយនឹងបណ្តាចំណុចជួយជ្រោមជ្រែងប្រជាពលរដ្ឋក្នុងការអនុវត្តនីតិវិធីរដ្ឋបាលអនឡាញ ដោយមានបំពាក់នូវម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនស្កែន រួមជាមួយការតភ្ជាប់បណ្តាញអុីនធឺណិតប្រកបដោយស្ថិរភាព។ នៅតាមចំណុចនីមួយៗសុទ្ធតែមានបុគ្គលិកទទួលបន្ទុករង់ចាំណែនាំប្រជាពលរដ្ឋក្នុងការដាក់ពាក្យស្នើសុំឯកសារអនឡាញ ស្វែងរកលទ្ធផល និងអនុវត្តការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។
ជំរុញវិស័យកសិកម្មឆ្លាតវៃ និងសន្តិសុខសង្គមឌីជីថល
ចំពោះតំបន់ជនបទ ខេត្តកាម៉ាវមានទិសដៅកសាងគំរូកសិកម្មឆ្លាតវៃ តាមរយៈការយកបច្ចេកវិទ្យាមកប្រើប្រាស់នៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការផលិត។ បណ្តាគំរូនេះនឹងត្រូវបំពាក់នូវឧបករណ៍ចាប់សញ្ញាបរិស្ថាន ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាព ភាពប្រៃ កម្រិត pH ឬប្រព័ន្ធផ្តល់ចំណីស្វ័យប្រវត្តិនៅក្នុងការចិញ្ចឹមវារីសត្វ។
ទន្ទឹមនឹងនោះ ផលិតផលកសិកម្មត្រូវបានលើកទឹកចិត្តឱ្យអនុវត្តការស្វែងរកប្រភពដើមដោយប្រើប្រាស់កូដ QR ផ្សព្វផ្សាយ និងលក់នៅលើបណ្តាប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងទំព័រពាណិជ្ជកម្មអេឡិចត្រូនិក។ គោលដៅចុងក្រោយ គឺការលើកកម្ពស់ទិន្នផល គុណភាពផលិតផល កាត់បន្ថយការចំណាយលើការផលិត បង្កើនប្រាក់ចំណូលសម្រាប់កសិករ សហករណ៍ និងសហគ្រាស។
ក្នុងពេលជាមួយគ្នានោះដែរ គំរូសន្តិសុខសណ្តាប់ធ្នាប់សង្គមឆ្លាតវៃ នឹងផ្តោតការយកចិត្តទុកដាក់លើការតំឡើងកាមេរ៉ាសន្តិសុខនៅតាមតំបន់ប្រជុំជន ខ្សែផ្លូវស្នូលនានា ផ្សារ និងស្ថាប័នសាធារណៈ ព្រមទាំងកសាងបណ្តាច្រកទទួលព័ត៌មានឆ្លុះបញ្ចាំងរបស់ប្រជាពលរដ្ឋតាមរយៈកម្មវិធី Zalo ខ្សែទូរស័ព្ទទាន់ហេតុការណ៍ ឬកម្មវិធីឌីជីថល។
ព័ត៌មានព្រមានអំពីបទល្មើស ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាជាន់ខ្ពស់ អគ្គិភ័យ និងបណ្តាបញ្ហាដែលពាក់ព័ន្ធនឹងសន្តិសុខសណ្តាប់ធ្នាប់ នឹងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ ដែលជួយលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងធានាសុវត្ថិភាពសម្រាប់សហគមន៍។
តាមកាលវិភាគ ឃុំ សង្កាត់ចំនួន ២០ ដែលត្រូវបានជ្រើសរើសសម្រាប់ដាក់ឱ្យអនុវត្តសាកល្បង នឹងចុះឈ្មោះយ៉ាងហោចណាស់គំរូផ្លាស់ប្តូរឌីជីថលចំនួន ០១ ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។ តាមការរំពឹងទុក នាកាលថ្ងៃទី ១០ មិថុនា ឆ្នាំ ២០២៦ នេះ បណ្តាមូលដ្ឋាននឹងរៀបចំពិធីចេញទ័ពក្នុងពេលដំណាលគ្នាក្នុងការដាក់ឱ្យអនុវត្តអនុវត្តផែនការ។
រាល់បណ្តាគំរូទាំងអស់ត្រូវតែបញ្ចប់ឱ្យបានរួចរាល់នៅមុនថ្ងៃទី ០៥ សីហា ឆ្នាំ ២០២៦។ បន្ទាប់មក បណ្តាឃុំ សង្កាត់នឹងប្រព្រឹត្តទៅការបូកសរុប វាយតម្លៃលទ្ធផលអនុវត្តនៅមុនថ្ងៃទី ១៥ សីហា ហើយខេត្តនឹងរៀបចំសន្និបាតបូកសរុបគ្រប់ជ្រុងជ្រោយនៅចុងខែសីហា ឆ្នាំ ២០២៦។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការដាក់ឱ្យអនុវត្ត គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភារកិច្ចជាក់ស្តែងជូនដល់បណ្តាមន្ទីរ និងវិស័យពាក់ព័ន្ធ ដូចជា ការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត, មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ស្នងការដ្ឋាននគរបាលខេត្ត, មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម, មន្ទីរកសិកម្មនិងបរិស្ថាន, មន្ទីរអប់រំ យុវជន និងកីឡា, គណៈកម្មាធិការសម្ព័ន្ធយុវជនខេត្ត រួមជាមួយបណ្តាសហគ្រាសទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។
ជាមួយនឹងវិធីសាស្ត្រចូលទៅជិតដោយយកប្រជាពលរដ្ឋជាមជ្ឈមណ្ឌល និងយកថ្នាក់មូលដ្ឋានធ្វើជាភូមិសាស្ត្រដាក់ឱ្យអនុវត្តស្នូល ផែនការកសាង «គំរូឌីជីថលនៅមូលដ្ឋាន» ត្រូវបានរំពឹងថានឹងបង្កើតនូវគ្រឹះស្ថានដ៏សំខាន់មួយ ដើម្បីឱ្យខេត្តកាម៉ាវជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកបង្កើតឡើងនូវរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលនៅក្នុងដំណាក់កាលថ្មី៕
យុគសម័យ - ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង "ការសាងសង់ទំនប់ទឹកសមុទ្រខាងលិចពី Cai Doi Vam ដល់ Kenh Nam និងទំនប់ទឹក ដើម្បីការពារ និងទប់ស្កាត់ការហូរច្រោះឆ្នេរសមុទ្រតាមផ្នែកសំខាន់ៗចាប់ពីមាត់ទន្លេ Ong Doc ដល់មាត់សមុទ្រ Bay Hap ខេត្ត Ca Mau" រវាងក្រសួងហិរញ្ញវត្ថុ និង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ... |
យុគសម័យ - ចាប់ពីថ្ងៃទី ៦-៧ ខែសីហា នៅទីក្រុង Ca Mau អង្គការ CARE International នៅវៀតណាមបានសម្របសម្រួលជាមួយសហភាពនារីខេត្ត Ca Mau ដើម្បីបណ្តុះបណ្តាល ណែនាំ តាមដាន និងវាយតម្លៃគម្រោងទី ៨ “អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាបន្ទាន់សម្រាប់ស្ត្រី និងកុមារ”។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន