យុគសម័យ - នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីស្នាក់ការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - អ៊ុយក្រែនបានប្រគល់ម៉ាសចំនួន ៥,០០០ និងប្រាក់ចំនួន ៣៣២ លានដុងដើម្បី ជួយគាំទ្រដល់ប្រជាជននៃប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។
សមាគមមិត្តភាពវៀតណាម - អ៊ុយក្រែនបានប្រគល់ម៉ាសចំនួន ៥,០០០ និងប្រាក់ចំនួន ៣៣២ លានដុងដើម្បី ជួយគាំទ្រដល់ប្រជាជននៃប្រទេសមិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។
ចូលរួមពិធីនេះ តំណាងសម្ព័ន្ធអង្គការមិត្តភាពវៀតណាមរួមមាន៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Pham Thi Thai។ នៅខាងសមាគមមិត្តភាពវៀតណាម - អ៊ុយក្រែនមានប្រធានសមាគម លោក Dang Van Chien; អនុប្រធាននិងជាអគ្គលេខាធិការសមាគមលោក Mai Ha និងតំណាងគណប្រតិបត្តិការ គណៈកម្មការអចិន្ត្រៃយ៍នៃសមាគមនិងសមាជិកនៃសមាគម។
នៅខាងស្ថានទូតអ៊ុយក្រែនមាន៖ ភារៈធារីស្ដីទីនៃស្ថានទូតអ៊ុយក្រែន លោកស្រី H.E Nataliya Zhynkina និងតំណាងស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាម។
ទិដ្ឋភាពនៃពិធីប្រគល់អំណោយ។
អ៊ុយក្រែននិងវៀតណាមជាប្រទេសពីរដែលមានប្រពៃណីមិត្តភាពយូរលង់ណាស់មកហើយ។ អ៊ុយក្រែនបានធ្លាប់បណ្តុះបណ្តាលនិស្សិតនិងអ្នកស្រាវជ្រាវវៀតណាមរាប់ម៉ឺននាក់ ចែករំលែកកម្លាំងមនុស្ស កម្លាំងទ្រព្យសម្បត្តិ មានអតីតយុទ្ធជនជាច្រើនដែលបានប្រយុទ្ធជាមួយប្រជាជនវៀតណាមក្នុងអំឡុងសង្គ្រាម។
ប្រឈមមុខនឹងស្ថានការណ៍នៃជំងឺរាតត្បាត COVID-19 ដែលផ្ទុះឡើងទូលំទូលាយនិងក្លាយជាជំងឺរាតត្បាតជាសកល ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ អ៊ុយក្រែនបាននិងកំពុង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតនេះ។ នាពេលបច្ចុប្បន្ន ស្ថានភាពនៃជំងឺរាតត្បាត COVID-19 នៅអ៊ុយក្រែនកំពុងកើតឡើងយ៉ាងស្មុគស្មាញ មិនអាចទាយទុកជាមុនបាន។ ប្រទេសមិត្តបានខ្វះបទពិសោធន៍ក្នុងការបង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាតនេះ ក៏ដូចជាកង្វះឧបករណ៍វេជ្ជសាស្រ្តនិងសម្ភារៈវេជ្ជសាស្រ្ត។
បណ្តាតំណាងថតរូបអនុស្សាវរីយ៍ក្នុងពិធីប្រគល់អំណោយ។
ហេតុដូច្នេះ សមាគមមិត្តភាពវៀតណាម - អ៊ុយក្រែនបានអំពាវនាវនិងរៀបចំការបរិច្ចាគប្រាក់និងម៉ាសវេជ្ជសាស្រ្តដើម្បីជួយគាំទ្រដល់ប្រជាជននៃប្រទេសមិត្តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។ យុទ្ធនាការនេះត្រូវបានចូលរួមគាំទ្រដោយសមូហភាព បុគ្គលជាច្រើនដែលបានរស់នៅ សិក្សានិងស្រឡាញ់ប្រទេសអ៊ុយក្រែន៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)



មតិពីមិត្តអ្នកអាន