យុគសម័យ - បក្សនិងរដ្ឋឡាវមានសេចក្តីសប្បាយរីករាយ មោទនភាពនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗ ដែលបក្សនិងប្រជាជនវៀតណាម ទទួលបានក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។
លោកស្រី Sounthone Sayachak សមាជិកាគណៈកម្មាធិការកណ្តាលបក្សរបស់ឡាវ អញ្ជើញជូនផ្កាដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមដល់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung (រូបថត៖ VN+)
យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសឡាវបានឲ្យដឹងថា នាថ្ងៃទី ៣ ខែកុម្ភៈនៅទីក្រុងវៀងចន្ទន៍(ឡាវ) គណៈប្រតិភូគណៈកម្មាធិការកិច្ចការបរទេសកណ្តាលនៃបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោកស្រី Sounthone Sayachak សមាជិកាគណៈកម្មាធិការកណ្តាលបក្សរបស់ឡាវ បានអញ្ជើញមកកាន់ស្ថានទូតវៀតណាមប្រចាំនៅឡាវ ដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវា បង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ / ៣ ខែកុម្ភៈ ២០២០) ។
លោកស្រី Sounthone Sayachak បានសម្តែងការសប្បាយរីករាយនៅពេលដែលបក្សកុម្មុយនិស្តវៀតណាមឈានចូលអាយុ ៩០ ឆ្នាំ ដោយបញ្ជាក់ថាថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ១៩៣០ មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងសម្រាប់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំង ៣ និយាយរួម ពីព្រោះបក្សឥណ្ឌូចិនកាលពីមុនគឺជាការរួមបញ្ចូលរបស់បក្សប្រជាជនបដិវត្តឡាវ បក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី Sounthone Sayachak បានជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវ របស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងបន្តទទួលបានជោគជ័យកាន់តែធំធេងថែមទៀតក្នុងបុព្វហេតុកសាងងអភិវឌ្ឍន៍ប្រទេសជាតិផងដែរព្រមទាំងបន្តប្រែក្លាយវៀតណាមទៅជាប្រទេសឧស្សាហកម្មទំនើបនិងសំរេចគោលដៅធ្វើឱ្យប្រជាជនកាន់តែសម្បូរធូរធារ រុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌ផងដែរ។
លោកស្រី Sounthone Sayachak បានអះអាងថា បក្សនិងរដ្ឋឡាវមានសេចក្តីសប្បាយរីករាយ មោទនភាពនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗ ដែលបក្សនិងប្រជាជនវៀតណាម ទទួលបានក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក។ នេះត្រូវបានចាត់ទុកថាជាកម្លាំងចលករដ៏ធំធេងនិងខ្លាំងក្លា សម្រាប់បក្សប្រជាជនបដិវត្តឡាវក្នុងការតស៊ូប្រយុទ្ធ ដើម្បីដណ្តើមឯករាជ្យភាពកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន