យុគសម័យ-នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម និងរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា។
វៀតណាមនិងកម្ពុជាបង្កើនទំនាក់ំទំនងទ្វេភាគីតាមរយៈការតភ្ជាប់ផ្លូវគោកនិងផ្លូវដែក (រូបថត៖ baogiaothong.vn)
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានសម្តែងក្តីសប្បាយរីករាយនៅពេលដែលភាគីវៀតណាមបានត្រៀមថវិការដីធ្លីដើម្បីសាងសង់ស្នាដៃសម្រាប់គំរូ“បញ្ជរច្រកចេញចូលតែមួយ”នៅច្រកទ្វារអន្តរជាតិ Moc Bai (វៀតណាម)។ លោកស៊ុនចាន់ ថុល បានលើកឡើងថាតំបន់ព្រំដែន Moc Bai - បាវិតនាពេលកន្លងមកតែងតែកើតមានការកកស្ទះដែលបង្កការខ្ជះខ្ជាយពេលវេលា។ បន្ទាប់ពីកិច្ចប្រជុំនេះ កម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធនានានៅវៀតណាម ដើម្បីបង្រួបបង្រួមនិងដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរអនុម័តលើឯកសារនានា ក្នុងការបង្កលក្ខណៈអំណោយផលដល់ធុរជននិងប្រជាជននៃប្រទេសពីរអាចធ្វើដំណើរចេញចូលតាមរយៈច្រកទ្វារព្រំដែនយ៉ាងរលូនថែមទៀតផងដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baogiaothong.vn)
លោក ស៊ុនចាន់ថុល ក៏បានបន្តទៀតថារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជាកំពុងសិក្សាស្រាវជ្រាវនិងសំណើស្តីពីការសាងសង់ផ្លូវដែកពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ ដើម្បីតភ្ជាប់ចរាចរណ៍ បង្កើនសមត្ថភាពដឹកជញ្ជូនទំនិញនិងអ្នកដំណើរផងដែរ។លើសពីនេះទៀតនាពេលអនាគតកម្ពុជានឹងសាងសង់ខ្សែរថភ្លើងក្រោមដី (មេត្រូ) ហេតុដូច្នេះភាគីកម្ពុជាក៏បានស្នើបង្កើតលក្ខណៈអំណោយផលសម្រាប់មន្ត្រីកម្ពុជាទៅសិក្សាពីបទពិសោធន៍ក្នុងការសាងសង់ខ្សែរថភ្លើងមេត្រូលេខ១ Ben Thanh – Suoi Tien (ទីក្រុងហូជីមិញ)។
ចំណែកខ្លូនវិញ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The ទទួលស្គាល់សំណើរបស់លោកទេសរដ្ឋមន្រ្តី ស៊ុនចាន់ ថុល និងចាត់ឱ្យទីភ្នាក់ងារពាក់ព័ន្ធនានារបស់វៀតណាមសិក្សាស្រាវជ្រាវនិងសហការគ្នាក្នុងការត្រួតពិនិត្យអនុវត្តឯកសារដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូចជាកិច្ចព្រមព្រៀងដឹកជញ្ជូនទ្វេភាគីវៀតណាម-កម្ពុជាក្នុងការជំរុញពាណិជ្ជកម្មនិងបម្រើបងប្អូនប្រជាជនធ្វើដំណើររវាងប្រទេសទាំងពីរផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)


មតិពីមិត្តអ្នកអាន