ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលស្វាគមន៍និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

20:41 | 28/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភានិងភរិយាបានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែឧសភា។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ VOV)

នារសៀលថ្ងៃទី ២៨ ខែឧសភា ពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការចំពោះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធឡើងយ៉ាងអធឹកអធត្តិនៅឯសភាជាតិ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក ភាគីទាំងពីរបានចាប់ផ្តើមជំនួបពិភាក្សា។

ក្នុងជំនួបនេះ តាងនាមរដ្ឋសភាវៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជនវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថតៈ TTXVN)

អញ្ជើញជាការឆ្លើយតប សម្តេច ហេង សំរិន បានជម្រាបលោកស្រីប្រធានរដ្ឋសភាវៀតណាមថា រដ្ឋសភាកម្ពុជានៅក្នុងនីតិកាលទី៦បានកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភាតាមរយៈសកម្មភាពចូលរួមក្នុងវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកម្ពស់ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក។​ ជាក់ស្តែងនៅឆ្នាំ២០២០ខាងមុខនេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជាបានពង្រីកបន្ថែមទៀតនូវក្រុមមិត្តភាពសភាកម្ពុជាជាមួយបណ្តាសភាប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក តាមការស្នើសុំពីសភាប្រទេសជាមិត្តភាព និងភាពចាំបាច់របស់រដ្ឋសភាកម្ពុជាខ្លួនឯង។ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្ដី តាំងពីឆ្នាំ២០១៥ សម្រាប់ជាសេនាធិការរបស់រដ្ឋសភា ក្នុងគោលដៅអនុវត្ដគោលនយោបាយលើកកម្ពស់សមភាពយេឌ័រ និងផ្ដល់ភាពអង់អាចដល់ស្រ្ដី ចូលរួមក្នុងវិស័យនយោបាយ និងសកម្មភាពសង្គមគ្រប់កម្រិត។

ទិដ្ឋភាពនៃជំនួបពិភាគ្សា (រូបថតៈ TTXVN)

ចំពោះទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា​ និងវៀតណាម សម្តេចប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋសភានៃប្រទេសទាំងពីរ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារ សភាទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ រដ្ឋសភាកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរសភា។

សម្តេច ហេង សំរិន បានអបអរសាទរ និងវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល​ និងប្រជាជន វៀតណាមសម្រេចបាន ក្នុងការកសាងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរីកចម្រើន ជឿនលឿនយ៉ាងឆាប់រហ័ស ស្របតាមទិសដៅ នៃមហាសន្និបាតលើកទី១២ របស់បក្សកុំម្មុយនីស្តវៀតណាម។ សម្តេចបានអរគុណដល់ការគំាទ្ររបស់ប្រទេសវៀតណាមចំពោះកម្ពុជា ពិសេសរដ្ឋសភាកម្ពុជា រាប់តំាងពីការជួយបណ្តុះបណ្តាលធនធានមនុស្ស និងជំនួយអគាររដ្ឋបាលក្នុងទឹកប្រាក់​ ២៥លានដុល្លារដែលនឹងលេចជារូបរាងនៅពេលខាងមុខនេះ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ​ (រូបថតៈ daibieunhandan.vn)

ប្រធានរដ្ឋសភាវៀតណាម បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា​ កម្ពុជា និងបានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញទំនាក់ទំនងប្រទេស​ និងរដ្ឋសភានៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់​ និងជាប្រពៃណីស្រាប់នេះ ឲ្យកាន់តែរឹងមាំឡើង។ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានជម្រាប​សម្តេចប្រធានរដ្ឋសភាកម្ពុជាថា នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ ប្រទេសវៀតណាមនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន​ និងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) ផងដែរ។

លោកស្រី Nguyen Thi Kim Ngan បានស្នើសុំរដ្ឋសភាកម្ពុជាគាំទ្រ​ និងចូលរួមកិច្ចប្រជុំខាងលើនេះដែរ។ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព​ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានសំណូមពរប្រធានរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងសមាជិករដ្ឋសភាវ័យក្មេង និងសមាជិករដ្ឋសភាស្រ្តី រួមនិងការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍រវាងគណៈកម្មការជំនាញគ្រប់វិស័យ និងនៅក្នុងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ​ ពិសេសការបន្តជំរុញដល់ដំណើរការរៀបចំសន្និសីទប្រចាំឆ្នាំរវាងគណៈកម្មការសេដ្ឋកិច្ច គណៈកម្មការកិច្ចការបរទេស និងគណៈកម្មការការពារជាតិ រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ឲ្យបានទៀងទាត់ដើម្បីគាំទ្រ​ និងជំរុញដល់ការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ដែលរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាមបានបង្កើតឡើងនោះ។

ស្តីពីបញ្ហាព្រំដែន ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានសេចក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលនៃការងារបោះបង្គោលព្រំដែន រវាងប្រទេសទំាងពីរ ដែលសម្រេចប្រមាណ ៨៤% ដើម្បីប្រែក្លាយជាព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ សម្រាប់ទុកជាមរតកដល់អ្នកជំនាន់ក្រោយ។ ចំពោះផ្នែកព្រំដែនដែលមិនទាន់ត្រូវបានកំណត់ បោះបង្គោលនោះ ភាគីទាំងពីរបន្តធ្វើការផ្លាស់ប្តូរនិងស្វែងរកដំណោះស្រាយយុត្តិធម៌ សមហេតុផលនិងអាចទទួលយកបានដើម្បីបញ្ចប់ការងារនេះជាស្ថាពរនាពេលខាងមុខ។

ឆ្លៀតឱកាសនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យភាគីកម្ពុជាជួយសម្រួលដល់ការងារស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសវៀតណាមវិញ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ​ ខុទ្ទកាល័យរដ្ឋសភាវៀតណាមជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា (រូបថតៈ daibieunhandan.vn)

លោកស្រី Nguyen Thi Kim Ngan បានមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរដ្ឋសភារបស់​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងការដឹកនាំរាជរដ្ឋាភិបាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសនិងប្រជាជនកម្ពុជានឹងទទួលបានសមិទ្ធផលថ្មីៗបន្តបន្ទាប់ទៀត។

បន្ទាប់មក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ​ និងបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ​ ខុទ្ទកាល័យរដ្ឋសភាវៀតណាមជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip