យុគសម័យ - នាថ្ងៃទី ២២ ខែតុលានៅទីក្រុងហូជីមិញ អគ្គនាយកដ្ឋានព្រៃឈើ (ក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទវៀតណាម) បានសហការជាមួយអគ្គនាយកដ្ឋានព្រៃឈើ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ) កម្ពុជា ដើម្បីរៀបចំកិច្ចពិភាក្សាគោលនយោបាយស្តីពីពាណិជ្ជកម្មឈើនិងផលិតផលឈើស្របច្បាប់និងនិរន្តរភាព។
វៀតណាមនិងកម្ពុជាជម្រុញពាណិជ្ជកម្មឈើស្របច្បាប់
យោងតាមព័ត៌មានពីសន្និសីទ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្នែកឧស្សាហកម្មកែច្នៃឈើវៀតណាមមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងស្ថេរភាព។ ក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមបានក្លាយជាទីផ្សារនាំចេញឈើលំដាប់ទី ៥ របស់ពិភពលោក ជាមួយនឹងចំណូល ៨ ពាន់លានដុល្លារអាមេរិក។ ការធានាឱ្យបានឈើមានប្រភពស្របច្បាប់គឺជាដំណោះស្រាយសំខាន់មួយក្នុងចំណោមដំណោះស្រាយសំខាន់បំផុតក្នុង គោលនយោបាយអភិវឌ្ឍន៍នៃឧស្សាហកម្មកែច្នៃឈើរបស់វៀតណាម។
នាពេលកន្លងទៅ ប្រភពឈើនាំចូលមកពីប្រទេសកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមវត្ថុធាតុដើមក្នុងស្រុក។ នាឆ្នាំ ២០១៧ តម្លៃពាណិជ្ជកម្មនៃការនាំចូលវត្ថុធាតុដើមឈើរបស់វៀតណាមពីកម្ពុជាទទួលបាន ២១៣លានដុល្លារអាមេរិក។ រីឯក្នុងត្រីមាសទាំង៣នៃឆ្នាំ២០១៨នេះ គឺទទួលបាន ៨៤ លានដុល្លារអាមេរិក។
ហើយនាពេលកន្លងទៅនេះ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការដឹកជញ្ជូននិងពាណិជ្ជកម្មឈើឆ្លងដែលខុសច្បាប់។ នាពេលបច្ចុប្បន្ននេះស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ កំពុងបន្តពង្រឹងស្ថាប័ននិងឯកសារគតិយុត្តិនិង ពង្រឹងការគ្រប់គ្រងព្រៃឈើនិងពាណិជ្ជកម្មព្រៃឈើរវាងតំបន់មានព្រំប្រទល់ផងដែរ។
សូមគូសបញ្ជាក់ថា មុននេះនាថ្ងៃទី ១៩ ខែតុលានៅទីក្រុងព្រុចសែល (ព្រះរាជាណាចក្របែលហ្ស៉ិក) វៀតណាមនិងសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូស្ម័គ្រចិត្តស្តីពីការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ចព្រៃឈើនិងការជួញដូរផលិតផលព្រៃឈើ(VPA / FLEGT) ដែលមានសុពលភាពពីថ្ងៃទី១ខែមករាឆ្នាំ២០១៩។ កិច្ចព្រមព្រៀងនេះ សំដៅជួយពង្រឹងការគ្រប់គ្រងព្រៃឈើ ដោះស្រាយការកាប់ឈើខុសច្បាប់និងលើកកម្ពស់ការនាំចេញផលិតផលឈើស្របច្បាប់របស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនិងទីផ្សារផ្សេងទៀត។
ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឈើស្របច្បាប់ជាមួយប្រទេសកម្ពុជាគឺដើម្បីធានាការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មឈើវៀតណាម ព្រមទាំងឆ្លើយតបនឹងការសន្យារបស់វៀតណាមជាមួយសហភាពអឺរ៉ុបក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀង VPA / FLEGT ផងដែរ៕

មតិពីមិត្តអ្នកអាន