យុគសម័យ - គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀត ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Luong Cuong បានអញ្ជើញទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែកញ្ញា។
នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន អញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ឯក Luong Cuong
តាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ នាងផាត រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូកម្មាភិ បាលជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Luong Cuong លេខាមជ្ឈឹមបក្ស អគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២២កញ្ញា។
នារសៀលថ្ងៃទី២១ខែកញ្ញា ឧត្តមសេនីយ៍ លោក Luong Cuong អញ្ជើញជួបសម្តែងការួរសមចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសេន។
ទិដ្ឋភាពនៃជំនួប
ក្នុងជំនួបនោះ លោក Luong Cuong បានជម្រាបជូនសម្តេចតេជោថា នេះ ជាលើកទីមួយហើយ ដែលលោកបានដឹកនាំគណៈប្រតិភូអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម មកកាន់រកម្ពុជា។
លោក Luong Cuong បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោត និងទទួលបានតំណែងដឹកនាំប្រទេសបន្តទៅទៀត។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលកន្លងមកបានជួយដល់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ភាពរស់រានមានជីវិត និងភាពរុងរឿងរបស់កម្ពុជា មិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែករបស់វៀតណាមបានឡើយ។
ក្នុងជំនួបនេះ លោក Luong Cuong ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោពីដំណើរដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។ លោកថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបពិភាក្សាការងារជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏បានធ្វើទស្សនកិច្ចនៅកងពលតូចលេខ៧០ និងបានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ នាង ផាត។

លោក Luong Cuong បានអះអាងថា តាមរយៈជំនួបនេះភាគីទាំងពីរបានរួមគ្នាវាយតម្លៃពីស្ថានភាពនយោបាយ លើពិភពលោក ស្ថានភាពនយោបាយក្នុងតំបន់ ក៏ដូចជាការវាយតម្លៃពីសក្តានុពល និងការប្រឈមទាំងឡាយ និងរួមគ្នាពង្រឹងមិត្តភាព ដើម្បីធ្វើយ៉ាងណារក្សាឲ្យបានសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ជាពិសេសតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ការផ្លាស់ប្ដូរព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស និងការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរ។
ទិដ្ឋភាពនៃជំនួប
មុននោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជាក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក Luong Cuong លេខាមជ្ឈឹមបក្ស និងជាប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម។
កិច្ចប្រជុំពិភាក្សាការងារនេះ បានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកងទ័ពប្រទេសទាំងពីរយ៉ាងច្រើនកុះករផងដែរ។

សូមជម្រាបថា ឧត្តមសេនីយ៍ឯក Luong Cuong បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ហើយនឹងវិលត្រឡប់ទៅប្រទេសវៀតណាមវិញ នៅថ្ងៃទី២៣ ខែកញ្ញានេះ៕
(សរុបព័ត៌មាន ដោយ មិញ អាញ់)



មតិពីមិត្តអ្នកអាន