យុគសម័យ - នាយុបថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានសហការជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បីរៀបចំពិធីរំលឹកខួបលើកទី ២៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក (១២ កក្កដា ១៩៩៥ - ១២ កក្កដា ២០២០) ។
ប្រតិភូបានអនុវត្តពិធីលើកទង់ជាតិនៃប្រទេសទាំងពីរនៅក្នុងពិធីនោះ
ថ្លែងនៅក្នុងពិធីនេះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដែលប្រធានាធិបតីអាមេរិក Bill Clinton និងនាយករដ្ឋមន្រ្តីវៀតណាមលោក Vo Van Kiet បានប្រកាសជាផ្លូវការនូវការធ្វើប្រក្រតីនីយកម្មនៃទំនាក់ទំនង និងការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិកគឺជាការចាប់ផ្តើមនៃ “ដំណើរនៃការព្យាបាលនិងសំណង់” ដូចដែលប្រធានាធិបតី Bill Clinton បាននិយាយ។
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga បានថ្លែងនៅក្នុងពិធីនេះ
យោងតាមប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ទោះបីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ១៩៩៥ ប៉ុន្តែមានទំនាក់ទំនងពិសេសនិងការតភ្ជាប់រវាងប្រជាជនទាំងពីរតាំងពីច្រើនឆ្នាំមុន។ ចាប់តាំងពីប៉ុន្មានឆ្នាំចុងក្រោយនៃសង្គ្រាមលោកលើកទី ២ ប្រជាជនវៀតណាមបានចូលរួមជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងរណសិរ្សប្រឆាំងហ្វាស៊ីសនិយម។ ត្រឹមតែ ៤៥ ថ្ងៃបន្ទាប់ពីវៀតណាមប្រកាសឯករាជ្យរបស់ខ្លួន នៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញបានសម្រេចចិត្តបង្កើតសមាគមមិត្តភាពវៀតណាម - អាមេរិក (មុនគេនៃសមាគមវៀតណាម - អាមេរិកសព្វថ្ងៃ) ដែលជាអង្គការមិត្តភាពទ្វេភាគីដំបូងស់របស់ប្រជាជនវៀតណាមជាមួយប្រជាជនពិភពលោក ហើយឆ្នាំ ២០២០ ក៏ជាឆ្នាំប្រារព្ធខួបលើកទី ៧៥ នៃសមាគមវៀតណាម - អាមេរិកផងដែរ។ភាពស្អិតរមួតរវាងប្រជាជននៃប្រទេសទាំងពីរបាននិងកំពុងពង្រឹងជាប្រចាំ បន្ទាប់ពីវៀតណាមនិងសហរដ្ឋអាមេរិកបានបង្កើតទំនាក់ទំនងការទូត។ មិត្តអាមេរិកជាច្រើន រួមទាំងអតីតយុទ្ធជន អង្គការសង្គមនិងមនុស្សធម៌អាមេរិកបានចូលរួមព្យាបាលរបួសនៃសង្គ្រាម គាំទ្រនិងជួយវៀតណាមក្នុងដំណើរការសមាហរណកម្មនិងអភិវឌ្ឍន៍ជាក់ស្តែង ចូលរួមចំណែកជួយប្រទេសទាំង ២ ឱ្យជៀសផុតពីចម្ងាយ, កសាងនិងបណ្តុះមិត្តភាពតាមស្មារតីនៃការយោគយល់គ្នានិងចែករំលែកគ្នា។
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោក Nguyen Phuong Nga បានបង្ហាញជំនឿយ៉ាងមុតមាំថា ដោយឈរលើមូលដ្ឋាននៃសមិទ្ធិផលដែលទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយមានការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ការព្រមព្រៀងនិងការគាំទ្ររបស់ប្រជាជននៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិកនឹងមានការអភិវឌ្ឍដោយឥតឈប់ឈរទាំងទទឹងនិងជម្រៅ បំពេញផលប្រយោជន៍និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានថ្លែងនៅក្នុងពិធីនេះ
នៅក្នុងសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងវៀតណាមគឺគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងួទាំងទទឹងនិងជម្រៅ។ ប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ចាប់ពីបញ្ហាសន្តិសុខ ពាណិជ្ជកម្ម ការអប់រំនិងបញ្ហាដែលសង្គ្រាមបន្សល់ទុក រហូតដល់ថាមពលនិងសុខភាព។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ខណៈដែលវៀតណាមគឺជាទីផ្សារនាំចេញលឿនបំផុតរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។ឆ្នាំ ២០២០ បង្ហាញពីបញ្ហាប្រឈមដ៏ធំមួយគឺជំងឺរាតត្បាតសកល។ បើទោះបីជាមានការប្រឈមមុខនឹងបញ្ហាទាំងនេះ ប៉ន្តែយោងតាមលោកឯកអគ្គរដ្ឋទូត Daniel J. Kritenbrink ថា នេះគឺជាពេលវេលាដែលមានក្តីសង្ឃឹម ពីព្រោះសហរដ្ឋអាមេរិកនិងវៀតណាមបានរួមគ្នាជួយគ្នាក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលមិនមានពីមុននេះទេ។
លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវគោលបំណងថា ទំនាក់ទំនងទ្វេភាគីវៀតណាម - សហរដ្ឋអាមេរិកបន្តអភិវឌ្ឍន៍យ៉ាងល្អនៅឆ្នាំ ២០២០ និងក្នុងរយៈពេល ២៥ ឆ្នាំខាងមុខនិងច្រើនឆ្នាំខាងមុខទៀត។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានថ្លែងនៅក្នុងពិធីនេះ
យោងតាមឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam វៀតណាមតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសឯករាជ្យភាព ស្វ័យភាព ការធ្វើពិពិធកម្ម និងពហុភាគី ដោយចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់បំផុតក្នុងគោលនយោបាយការបរទេសរួមរបស់ខ្លួន។ នៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមទទួលយកតួនាទីជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ភាគីទាំងពីរបានធ្វើការយ៉ាងជិតស្និទ្ធលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមកនៅឯវេទីកាក្នុងតំបន់និងអន្តរជាតិ។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 វៀតណាមនិងសហរដ្ឋអាមេរិកនៅតែបន្តធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះនិងបញ្ហាប្រឈមផ្សេងទៀតដែលកំពុងកើតមាននៅលើពិភពលោក។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានសម្តែងការកោតសរសើរចំពោះការរួមចំណែករបស់មេដឹកនាំ អ្នកនយោបាយ អង្គការនិងបុគ្គល មិត្តភក្តិមកពីប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តចូលរួមជាមួយភាគីអាមេរិកដើម្បីពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយរួមចំណែកប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសទាំងពីរក៏ដូចជាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)




មតិពីមិត្តអ្នកអាន