យុគសម័យ - នៅថ្ងៃទី ៨ ខែកញ្ញានេះជាលើកដំបូងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូន(OIF) ។
សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ AFP / VNA)
នៅថ្ងៃទី ៨ ខែកញ្ញា ជាលើកដំបូងដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំឡើងសម័យប្រជុំពិភាក្សាបើកទូលាយតាមរយៈប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការហ្វ្រង់កូហ្វូនអន្តរជាតិ (OIF)។ អគ្គលេខាធិការ OIF លោកស្រី Louise Mushikiwabo និងជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Bintou Keita និងរដ្ឋមន្រ្តីការបរទេសអាមេនី និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃបណ្តាប្រទេសនិយាយភាសាបារាំង (Francophone) លោក Zohrab Mnatsakanyan បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សានេះ។
ក្នុងសម័យប្រជុំនេះ អគ្គលេខាធិការ OIF បានបញ្ជាក់ឡើងវិញនូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ OIF បានសហការយ៉ាងសកម្មជាមួយដៃគូ ក្នុងនោះរួមមានអង្គការសហប្រជាជាតិក្នុងវិស័យដូចជាការរក្សាសន្តិភាព ការការពារនិងការគ្រប់គ្រងវិបត្តិ និងការគាំទ្រប្រទេសជាសមាជិក ដើម្បីពង្រឹងសមត្ថភាពនិយាយភាសាបារាំងរបស់ពួក ក៏ដូចជាធានានូវភាពចម្រុះនៃភាសានិងពង្រឹងតួនាទីរបស់ស្ត្រីផងដែរ។
អញ្ជើញថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអបអរសារទរចំពោះ ការចូលរួមវិភាគទានរបស់ OIF ក្នុងការងាររបស់អង្គការសហប្រជាជាតិនិយាយរួមនិងក្រុមប្រឹក្សាសន្តិសុខនិយាយដោយឡែក តាមរយៈការចូលរួមរបស់ ប្រទេសជាសមាជិក OIF ជាច្រើនក្នុងការរក្សាសន្តិភាព ទប់ស្កាត់ជម្លោះ និងការជំរុញអនុវត្តកម្មវិធីស្តីពីស្ត្រី សន្តិភាពនិងសន្តិសុខផងដែរ។ ក្នុងនាមជាសមាជិកនៃអង្គការ OIF និងអង្គការសហប្រជាជាតិ វៀតណាមបានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រនិងជំរុញទំនាក់ទំនងរវាងអង្គការទាំងពីរនេះ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្នើថា OIF និងអង្គការសហប្រជាជាតិ បន្តលើកកម្ពស់លទ្ធិពហុភាគីនិយម ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធីនិងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាដើរតួនាទីក្នុងការទប់ស្កាត់និងផ្សះផ្សារជម្លោះសំដៅជម្រុញនិងស្វែងរកដំណោះស្រាយខាងនយោបាយដ៏ល្អបំផុតសម្រាប់ជំលោះនានា ព្រមទាំងចាត់បញ្ជូនកំលាំងធនធានមនុស្សឲ្យចូលរួមក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថាប្រទេសវៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការជួយលើកកម្ពស់ទំនាក់ទំនងរវាងអង្គការទាំងពីរក្នុងនាមជាសមាជិកនៃអង្គការ OIF និងអង្គការសហប្រជាជាតិ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

មតិពីមិត្តអ្នកអាន