យុគសម័យ - ក្នុងឱកាសរំលឹកគម្រប់ខួប ៧៥នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (២ កញ្ញា) ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅប្រទេសមួយចំនួននៅលើពិភពលោក បានរៀបចំពិធីនេះយ៉ាងមហោឡារិត។
នៅទីក្រុងយ៉ាំងហ្គោន ស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
*នាថ្ងៃទី ៣១ ខែសីហា នៅទីក្រុងយ៉ាំងហ្គោន ស្ថានទូតវៀតណាមប្រចាំប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០)។ ថ្លែងក្នុងពិធីនេះឯកអគ្គរដ្ឋទូត Le Quoc Tuan បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនិងជោគជ័យរបស់ប្រទេសក្នុងអំឡុងពេល ៧៥ ឆ្នាំកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានអះអាងអំពីតួនាទីនិងឋានៈរបស់វៀតណាម ដែលកំពុងកើនឡើងនៅលើឆាកអន្តរជាតិដោយរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការថែរក្សាសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោកជាពិសេសនៅឆ្នាំ ២០២០ វៀតណាមកាន់តំណែងជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តាមរយៈទំរង់តាមអ៊ិនធរណេត ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងតំបន់នោះ លោក U Soe Han លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការទូតមីយ៉ាន់ម៉ាក្នុងនាមរដ្ឋាភិបាលមីយ៉ាន់ម៉ាបានថ្លែងសុន្ទរកថាដើម្បីអបអរសាទរទិវាឯករាជ្យជាតិដ៏ឱឡារិតរបស់ប្រជាជនវៀតណាម ព្រមទាំង អបអរសាទរចំពោះសមិទ្ធិផលខាងសេដ្ឋកិច្ច-សង្គមដ៏គួរឱ្យកត់សម្គាល់របស់វៀតណាមដោយចាត់ទុកថាវៀតណាមជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីរៀនសូត្រតាមផងដែរ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WHO) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ (ស្វ៊ីស)
* អបអរសាទរខួបលើកលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២០) នៅថ្ងៃទី ១ ខែកញ្ញាស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WHO) និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) បានប្រារព្ធពិធីអបអរជាផ្លូវការនៅទីស្នាក់ការនៃស្ថានបេសកកម្មផងដែរ។ ថ្លែងក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ ហ្សឺណែវបានអះអាងថា កម្មាភិបាលទាំងអស់នៃស្ថានបេសកកម្មវៀតណាមអមអង្គការសហប្រជាតិនិងអង្គការអន្តរជាតិដទៃទៀតប្រចាំទីក្រុងហ្សឺណែវកំពុងតែជំរុញទំនាក់ទំនងការទូតវៀតណាម ដោយអនុវត្តតាមគោលនយោបាយការបរទេសឯករាជ្យដោយមានភាពម្ចាស់ការ និងមានទំនាក់ទំនងពហុភាគីក្នុងកិច្ចការបរទេសផងដែរ។ ជាមួយគ្នានេះ វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀត ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព សមភាពនិងមានផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
ទីក្រុងប្រាក ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក
*នាថ្ងៃដដែល នៅទីក្រុងប្រាក ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក បានប្រារព្ធខួបលើកទី ៧៥ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សម្តែងពីកិត្តិយសរបស់ខ្លួនដែលមានវត្តមានក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីឆែក Andrej Babis បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងអំឡុងពេលដែលរីករាលដាលជំងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីឆែកក៏បានបង្ហាញជំនឿថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ នឹងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគតជាពុំខាន។
*ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានរៀបចំព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយវប្បធម៌និងរូបភាពប្រទេសនិងប្រជាជនវៀតណាម ចំពោះមិត្តភក្តិអន្តរជាតិ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត ដោយបានណែនាំអំពីភាពស្រស់ស្អាតខាងវប្បធម៌និងលក្ខណៈពិសេសនៃម្ហូបអាហារវៀតណាមដល់ប្រព័ន្ធផ្សព្វផ្សាយនិងមិត្តភក្តិអេហ្ស៊ីប៖ “ទំនាក់ទំនងត្រូវបានបង្កើតឡើងដោយផ្អែកលើបណ្តាញវប្បធម៌និងការផ្សព្វផ្សាយព័ត៌មាន។ ជាពិសេស ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីឈានទៅរកភាពជិតស្និទ្ធជាមួយគ្នា បណ្តាញផ្សព្វផ្សាយដើម្បីលើកកម្ពស់មុខមាត់ប្រទេសនីមួយៗលើប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់។ ដូច្នេះ ក្នុងឱកាសនេះ យើងបានជំរុញការបញ្ចាំងខ្សែភាពយន្តណែនាំអំពីម្ហូបវៀតណាម របាំវៀតណាមនិងចម្រៀងនៅតាមបណ្តាញសារព័ត៌មានអេហ្ស៊ីប ដើម្បីឱ្យប្រជាជនអេហ្ស៊ីបបានយល់ច្បាស់អំពីរូបភាពទឹកដីនិងមនុស្សវៀតណាម”។ នេះបើយោងតាមប្រសាសន៍របស់លោក Tran Thanh Cong៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)



មតិពីមិត្តអ្នកអាន