យុគសម័យ- នាព្រឹកថ្ងៃទី៨ ខែមេសា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំជាវិសាមញ្ញ។ នៅក្នុងកិច្ចប្រជុំនេះគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានឹងផ្តល់យោបល់អំពីវិធានការណ៍នានា ដើម្បីជួយឧបត្ថម្ភដល់ប្រជាជន ដែលកំពុងជួបការលំបាកដោយសាររោគរាតត្បាត Covid-19 ដែលបានស្នើដោយរដ្ឋាភិបាល។ នេះគឺជាខ្លឹមសារសំខាន់និងបន្ទាន់ដែលចាំបាច់ត្រូវសំរេចចិត្តនិងអនុវត្តអោយបានទាន់ពេលវេលា ក្នុងស្ថានភាពបច្ចុប្បន្ន។
ទិដ្ឋភាពរួមនៃកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ េVOV)
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ បន្ទាប់ពីចូលក្នុង “សង្គ្រាមប្រឆាំងនឹងការរាតត្បាត Covid-19” ការដឹកនាំនិងទិសដៅ "ប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ" បានកំណត់ និងបេ្តជ្ញាចិត្តខ្ពស់បំផុត សំដៅអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ Nguyen Phu Trong ប្រព័ន្ធនយោបាយទាំងមូលនៃប្រទេសវៀតណាម បានអនុវត្តយ៉ាងតឹងរឹង បង្រួបបង្រួមនិងឯកភាពនូវវិធានការណ៍ប្រឆាំងនឹងការរាតត្បាតដែលរដ្ឋាភិបាលនិងគណៈកម្មាធិការជាតិដឹកនាំស្តីពីបង្ការនិងទប់ស្កាត់ជំងឺ Covid-19 បានដាក់ចេញ ។ ដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់នឹងការរីករាលដាល នៅទូទាំងប្រទេសគ្រប់គ្រងការរីករាលដាលប្រកបដោយប្រសិទ្ធភាព និងការពារសុខភាពនិងជីវិតរស់នៅរបស់ប្រជាជន។ ហេតុដូច្នេះ ទោះបីជាមានហានិភ័យជាច្រើន ស្ថានភាពនៃការរាលដាលជាស្មុគស្មាញនិងការវិវត្តដែលមិនអាចប៉ាន់ស្មានជាមុនបានទេក៏ដោយ យើងនៅតែទទួលសញ្ញាវិជ្ជមានជាច្រើនដូចជា៖ ចំនួននៃការឆ្លងថ្មីបានថយចុះជាបណ្តើរៗ ចំនួនអ្នកជំងឺដែលបានព្យាបាលឲ្យបានជាសះស្បើយដែលកើនឡើង។
ក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោកស្រីប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលដែលមានភាពសកម្មនិងអនវត្តយ៉ាងប្តូរប្តេជ្ញ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក៏ដូចជាយកចិត្តទុកដាក់លើផលិតកម្ម និងស្ថេរភាពអាជីវកម្ម រក្សាសន្តិសុខសង្គមនិងការការពារប្រជាជន ធានាដល់ការរស់នៅរបស់ប្រជាជន ... ត្រូវបានកត់សម្គាល់ដោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្នុងសម័យប្រជុំលើកទី ៤៣។ ជាពិសេសការដាក់ចេញនូវគោលនយោបាយនិងវិធានការណ៍នានា ដើម្បីជួយឧបត្ថម្ភប្រជាជននិងអាជីវកម្មជំនះការលំបាក ដែលបានរាយការណ៍នៅក្នុងសម័យប្រជុំថ្ងៃនេះ ដែលបានបង្ហាញកាន់តែច្បាស់នូវស្មារតី“ គ្មាននរណាម្នាក់បានទុកចោលនៅខាងក្រោយ” នៃបក្សនិងរដ្ឋរបស់យើងឡើយ។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ថ្លែងនៅឯកិច្ចប្រជុំនេះ។ ((រូបថត៖ េVOV)
បន្ទាប់ពី គោលនយោបាយបានអនុវត្ត លោកស្រីប្រធានរដ្ឋសភាបានស្នើថា គ្រប់ជាន់ថ្នាក់ត្រូវមានភាពម្ចាស់ការ និងអនុវត្តភ្លាមៗ និងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជន។ ទន្ទឹមនឹងនេះដែរ ត្រូវពង្រឹងការត្រួតពិនិត្យ កុំបង្កឱ្យមានបាតុភាពអវិជ្ជមាន ការកេងចំណេញ ឬខ្វះតម្លាភាពក្នុងដំណើរការអនុវត្ត។
លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹង Covid-19 នាពេលខាងមុខពិតជាមានការលំបាកខ្លាំងណាស់ ប៉ុន្តែដោយមានសាមគ្គីភាពនិងការប្តេជ្ញាចិត្តរបស់ជាតិ លោកស្រីប្រធានរដ្ឋសភាជឿជាក់ថា វៀតណាមនឹងឈ្នះជំងឺ Covid-19./.
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន