យុគសម័យ - រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន Motegi Toshimitsu បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងម៉ឺងម៉ាត់ដែលប្រទេសវៀតណាមបានអនុវត្តដើម្បីការពារការនិងប្រយុទ្ធប្រឆាំងនឹងរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (រូបថត៖ vtv.vn)
នាថ្ងៃទី ៣១ ខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃជំងឺឆ្លងកូវីដ១៩ កំពុងបន្តមានការវិវឌ្ឍដ៏ស្មុគស្មាញនៅលើពិភពលោក។
លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់ជប៉ុនសម្រាប់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ហើយស្នើឱ្យរដ្ឋាភិបាលជប៉ុនបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅជប៉ុន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវនេះ។
លោក Pham Binh Minh បានបន្ថែមទៀតថាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក៏ដូចជាក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូនានាដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ១៩។
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Motegi Toshimitsu
រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi Toshimitsu បានវាយតម្លៃខ្ពស់ចំពោះវិធានការយ៉ាងប្ដូរផ្ដាច់របស់វៀតណាម ក្នុងការបង្កានិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ក្នុងរយៈពេលកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានផ្តោតការយកចិត្តទុកដាក់ក្នុងការធានាសុវត្ថិភាពដល់ប្រជាជនជប៉ុនចំនួន ២ ម៉ឺននាក់ ដែលកំពុងរស់នៅ និងធ្វើការនៅវៀតណាមផងដែរ។
លោកក៏បានបន្ថែមទៀតថា ប្រទេសជប៉ុននឹងបន្តជួយឧបត្ថម្ភដល់វៀតណាមយ៉ាងហោចណាស់ចំនួន ២០០ លានយ៉េនតាមរយៈអង្គការអន្តរជាតិនានាដើម្បីជួយប្រទេសវៀតណាមទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)


មតិពីមិត្តអ្នកអាន