យុគសម័យ - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១១ ខែមីនា បានបើកកិច្ចពិភាក្សាអំពីស្ថានភាពអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនៅក្នុងទ្វីបអាហ្រ្វិកតាមគំនិតផ្តួចផ្តើមរបស់ប្រទេសចិនដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមីនា ឆ្នាំ ២០២០ ។
ទិដ្ឋភាពនៃកិច្ចពិភាក្សា។ (រូបថត៖ Khac Hieu/ TTXVN)
យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកនយោបាយនិងការកសាងសន្តិភាព លោកស្រី Rosemary Dicarlo តំណាងសហភាពអាហ្រ្វិកប្រចាំនៅអង្គការសហប្រជាជាតិលោក Fatima Mohammed និងជំនួយការ អគ្គលេខាធិការអង្គការសហប្រជាជាតិនិងជាទីប្រឹក្សាពិសេសរបស់អគ្គនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លោក Abdoulaye Dieye បានឲ្យដឹងថាបច្ចុប្បន្នស្ថានភាពភេរវករនៅទ្វីបអាហ្វ្រិកកំពុងមានការព្រួយបារម្ភ ជាពិសេសនៅតំបន់ Sahel បឹង Chad និងតំបន់ស្នែងអាហ្វ្រិក ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពសន្តិសុខនិងជីវិតរបស់ប្រជាជន។
អ្នករាយការណ៍ក៏បានបង្ហាញពីវិធានការណ៍ដើម្បីដោះស្រាយអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលតាមរយៈការដោះស្រាយបញ្ហាប្រឈមអំពីនយោបាយ នីតិរដ្ឋ វិសមភាព និងជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរក្នុងតំបន់ក៏ដូចជាអន្តរជាតិ។
ប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពភេរវកម្មនៅទ្វីបអាហ្វ្រិកនិងអំពីផលប៉ះពាល់នៃអំពើភេរវកម្មទៅលើសន្តិសុខស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។ បណ្តាប្រទេសបានចែករំលែកទស្សនៈលើតម្រូវការសម្រាប់ដំណោះស្រាយដ៏ទូលំទូលាយមួយដើម្បីដោះស្រាយអំពើភេរវកម្មនិងអំពើហឹង្សាជ្រុល រួមទាំងការដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច - សង្គម វិសមភាព និងសិទ្ធិមនុស្ស និងការបង្កើនការចូលរួមរបស់នារីនិងយុវជន និងដោះស្រាយបញ្ហានយោបាយដែលនៅសេសសល់។ បណ្តាប្រទេសបានសង្កត់ធ្ងន់លើសារៈសំខាន់នៃជំនួយអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងធនធានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនៅក្នុងទ្វីបអាហ្រ្វិកក៏ដូចជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នៅក្នុងកិច្ចពិភាក្សានេះដែរ ក្រុមប្រឹក្សាសន្តិសុខបានឯកភាពអនុម័តសេចក្តីថ្លែងការណ៍របស់ប្រធានដើម្បីដោះស្រាយបញ្ហាទាំងនេះ។
ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ Khac Hieu/ TTXVN)
ថ្លែងនៅឯកិច្ចពិភាក្សានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីសកម្មភាពរបស់ក្រុមភេរវករដែលគំរាមកំហែងដល់ស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការដោះស្រាយឬសគល់នៃអំពើភេរវកម្មតាមរយៈការដោះស្រាយបញ្ហាទាក់ទងនឹងអភិបាលកិច្ច សន្តិសុខ វិសមភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Dang Dinh Quy លើកឡើងថាសន្ធិសញ្ញាអន្តរជាតិនិងដំណោះស្រាយអន្តរជាតិរបស់អង្គការសហប្រជាជាតិគួរតែត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្តល់មូលនិធិនិងការគាំទ្រដល់អំពើភេរវកម្ម។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់បណ្តាប្រទេសអាហ្វ្រិកនៅក្នុងបញ្ហានេះ ហើយបានអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍អន្តរជាតិសម្រាប់បណ្តាប្រទេសអាហ្វ្រិកក្នុងការដោះស្រាយបញ្ហាប្រឈមនៃអំពើភេរវកម្មនិងអំពើហឹង្សាជ្រុល៕
(ប្រែសម្រូលដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន