យុគសម័យ -នារសៀលថ្ងៃទី ១២ ខែមីនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកាណាដាលោកស្រី Marta Morgan។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ Baoquocte)
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រពៃនៃទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៧ និងបានឈានទៅអនុវត្តន៍កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពនៃដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ព្រមទាំងឯកភាពគ្នាផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ក៏ដូចជារក្សាយន្តការសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរបានបញ្ជាក់ពីការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិនិងក្នុងតំបន់នៅឆ្នាំវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ -២០២១។
ម្យ៉ាងវិញទៀតភាគីទាំងពីរក៏បានចែករំលែកបទពិសោធន៍ក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតកូវីដផងដែរ។ លោក Bui Thanh Son បានអះអាងថា រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តនិងកំពុងព្យាយាមអស់ពីសមត្ថភាពក្នុងការការពារនិងប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះតែម្តង។ លើកពីនេះទៀតវៀតណាមសន្យាថានឹងបន្តបង្កើតលក្ខណៈអំណោយផលបំផុតសម្រាប់ការថែរក្សានូវសកម្មភាពបោះទុនវិនិយោគ ផលិតកម្មនិងអាជីវកម្មនៅវៀតណាមផងដែរ។
អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកាណាដា លោកស្រី Marta Morgan
រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសកាណាដា លោកស្រី Marta Morgan បានវាយតម្លៃខ្ពស់ចំពោះវិធានការការពារនិងប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩យ៉ាងខ្លាំងនិងមានភាពម្ចាស់ការរបស់វៀតណាមក្នុងរយៈពេលកន្លងមក ព្រមទាំងអះអាង ថារដ្ឋាភិបាលកាណាដានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្រោមក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយគាំទ្រវៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ក៏ដូចជាសង្ឃឹមថាប្រទេសទាំងពីរបន្តសហការគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀតលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នាក្នុងវេទិកាតំបន់និងពិភពលោកផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)


មតិពីមិត្តអ្នកអាន