យុគសម័យ - រដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានបញ្ជាក់ថារុស្ស៊ីផ្តល់អាទិភាពដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាមដែលក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការការពារជាតិ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergey Shoigu បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនិងជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ VN+)
នាថ្ងៃទី ៥ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergey Shoigu បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម ក្នុងឱកាសលោក និងគណៈប្រតិភូយោធាជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។
លោក Sergey Shoigu បានបញ្ជាក់ថារុស្ស៊ីតែងតែចាត់ទុកវៀតណាមជាមិត្តភក្តិប្រពៃណីនិងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់សហព័ន្ធរុស្ស៊ីក្នុងតំបន់ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដើម្បីឆ្លើយតបផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់នីមួយៗនិងលើពិភពលោកផងដែរ។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ (រូបថត៖ VN+)
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី នាយឧត្តមសេនីយ៍ Ngo Xuan Lich បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីក្នុងយន្តការសន្តិសុខក្នុងតំបន់ ជាពិសេសគឺអាស៊ាន ហើយអះអាងថាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាក់ស្តែងនឹង ចូលរួមចំណែកក្នុងការពង្រឹងការជឿទុកចិត្ត ដោះស្រាយឲ្យបានល្អនូវបញ្ហាប្រឈមខាងសន្តិសុខ ជាពិសេសសន្តិសុខមិនមែនប្រពៃណីផងដែរ។
ក្នុងជំនួបពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីររូបនេះបានឯកភាពគ្នានិងវាយតម្លៃថាកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ដែលនាំមកនូវប្រសិទ្ធភាពជាក់ស្តែង ព្រមទាំងពង្រឹងជំនឿទុកចិត្តខាងនយោបាយ និងស្របនឹងការអភិវឌ្ឍនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី។ ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីររូបនេះក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃការទុកចិត្តខាងនយោបាយ ហើយយោងតាមឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខា ជាពិសេសគឺ“ សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម” បានរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងទូលំទូលាយផងដែរ។ តាមនោះភាគីទាំងពីររូបនេះនឹងបង្កើនការចែករំលែកទស្សនៈ លើបញ្ហាដែលទាក់ទិននឹងវិស័យការពារជាតិ-សន្តិសុខ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិក្នុងវិស័យប្រពៃណី ជាក់ស្តែងនិងអាចជឿទុកចិត្តគ្នាបានផងដែរ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីក្នុងដំណាក់កាល ២០២០-២០២៥ ផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)


មតិពីមិត្តអ្នកអាន