យុគសម័យ - នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន ហិរញ្ញវត្ថុ Hana (កូរ៉េខាងត្បូង) លោក Kim Jung Tai។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបជាប្រធានសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Hana លោក Kim Jung Tai (រូបថតៈ chinhphu.vn)
អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូងនៅតែបន្តអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ហេតុដូច្នេះ កិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Hana និងធនាគារពាណិជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) គឺជាសក្ខីភាពដ៏រស់រវើសបញ្ជាក់ពីទំនាក់ទំនងនេះ។ លោកនាយករដ្ឋមន្រ្តីក៏បានសម្តែងក្តីរីករាយដោយឃើញថា ប្រទេសកូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីរបស់វៀតណាមក្នុងគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់ខ្លួន។
ជាការឆ្លើយតប លោក Kim Jung Tai បានអោយដឹងថា សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Hana បានក្លាយទៅជាម្ចាស់ភាគហ៊ុនយុទ្ធសាស្ត្ររបស់ BIDV ជាផ្លូវការ។ នេះគឺជាឱកាសដ៏ល្អសម្រាប់សម្ព័ន្ធក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពង្រីកអាជីវកម្មនិងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍរបស់វៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា អាជីវកម្មកូរ៉េខាងត្បូង កំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងនៅវៀតណាម ហើយនេះគឺជាឱកាសដ៏ល្អសម្រាប់សម្ព័ន្ធក្រុមហ៊ុន Hana និង BIDV បង្កើនកិច្ចសហប្រតិបត្តិការ។
យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកូរ៉េខាងត្បូង។ ឈរលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មកូរ៉េខាងត្បូង ធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ លើសពីនេះទៅទៀត រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ របស់សម្ព័ន្ធក្រុមហ៊ុន Hana សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ផងដែរ៕
(ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន