យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាវិនិយោគិនបរទេសដែលកំពុងមានគម្រោងការវិនិយោគនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនបរទេសដែលកំពុងមានគម្រោងការវិនិយោគនៅវៀតណាម (រូបថតៈ chinhphu.vn)
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសម្តែងក្តីសោមនស្សរីករាយ ដែលបានអញ្ជើញជួបសំណេះសំណាលជាមួយវិនិយោគិនជួរមុនដែលទើបនឹងបានចូលរួមសន្និសីទវិនិយោគិន VinaCapital 2019 នៅទីក្រុងហាណូយ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគនៅវៀតណាមរបស់វិនិយោគិនទាំងអស់ផងដែរ។
លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមកំពុងមានអត្រាកំណើនខ្ពស់និងសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចគឺល្អផងដែរ។ ទន្ទឹមជាមួយគ្នានេះ វៀតណាមបានបន្តបង្កើតបរិយាកាសអាជីវកម្មនិងវិនិយោគអំណោយផលសម្រាប់វិនិយោគិន ជាពិសេសខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការលំបាកក៏ដូចជាឧបសគ្គទាំងអស់ ដើម្បីជួយសម្រួលដល់អាជីវកម្ម។ លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសនូវដំណឹងល្អសម្រាប់វិនិយោគិនគឺថា យោងតាមការវាយតម្លៃនាពេលថ្មីៗនេះ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) គឺសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងសកលរបស់វៀតណាម (GCI) បានកើនឡើងចំនួន ១០ កម្រិត និងត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានពិន្ទុកើនឡើងខ្ពស់បំផុតនៅក្នុងពិភពលោកផងដែរ។ ឆ្លៀតពេលនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម មានបំណង ចង់អោយវិនិយោគិនទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ទៅលើទីផ្សាររបស់វៀតណាម ដោយមានការវិនិយោគយ៉ាងខ្លាំងក្លាថែមទៀត ទៅលើបណ្តាវិស័យ និងគម្រោងការដែលវៀតណាមមានតម្រូវការ ដូចជា មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនិងថាមពលផងដែរ។
ក្នុងនាមជាវិនិយោគិនមួយរូប លោក Steve Bates ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិវិនិយោគធំ ៗ ចំនួន ៣ បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់វៀតណាម ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកជួបការលំបាកនិងមានបំរែបំរួលយ៉ាងស្មុគស្មាញ។ លោករូបនេះក៏បានសម្តែងការចាប់អារម្មណ៍ ពីព្រោះវៀតណាមបានបង្កើនចំណាត់ថ្នាក់របស់ខ្លួនក្នុងការប្រកួតប្រជែងជាសកល។ ពោលគឺ ប្រទេសវៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចទាក់ទាញបំផុតសម្រាប់ការវិនិយោគតែម្តង។
អញ្ជើញជាការឆ្លើយតប នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្វាគមន៍ចំពោះវិនិយោគិន ដែលបានវិនិយោគដោយផ្ទាល់និងដោយប្រយោលនៅប្រទេសវៀតណាម ព្រមទាំងអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែប្តេជ្ញា បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម។ នាពេលខាងមុខ វៀតណាមបន្តធានាស្ថិរភាពម៉ាក្រូនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពរឹងមាំថែមទៀត។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា វិនិយោគិននឹងមិនខកខានឱកាសវិនិយោគនៅវៀតណាមនោះទេ៕
(យោងតាម VGP បកប្រែដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន