បទអត្ថាធិប្បាយរបស់វៀតណាមចំពោះមតិរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី

06:36 | 05/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានថ្លែងនៅឯកិច្ចសន្ទនា Shangrila និងបង្ហោះ នៅលើគេហទំព័រផ្ទាល់ខ្លួនកាលថ្ងៃទី ៣១ ខែឧសភា ដោយនិយាយថា វៀតណាមបាន “ឈ្លានពាន” ប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ​លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN)

នាថ្ងៃទី ៤ ខែមិថុនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានដោយស្នើផ្តល់នូវអត្ថាធិប្បាយរបស់វៀតណាម ចំពោះមតិរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Li Hsien Loong នៅក្នុងកិច្ចសន្ទនា Shangri La និងបង្ហោះលើគេហទំព័រផ្ទាល់ខ្លួន កាលពីថ្ងៃទី ៣១ ខែឧសភា ដោយនិយាយថា វៀតណាមបាន “ឈ្លានពាន” និង “កាន់កាប់” កម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា:

វៀតណាមមានការសោកស្តាយ ដោយឃើញថា មានមតិមួយចំនួនដែលឆ្លុះបញ្ចាំងមិន ពិតពីប្រវត្តិសាស្រ្ត និងបង្កឱ្យមាន ផលប៉ះពាល់អាក្រក់ដល់មតិសាធារណៈ។ ក្រសួងការបរទេសវៀតណាមបានពិភាក្សាជាមួយក្រសួងការបរទេសសឹង្ហបុរីអំពីបញ្ហានេះ។

គួជម្រាបថា ការរួមចំណែកនិងការលះបង់របស់វៀតណាមក្នុងការរួមជាមួយប្រជាជនកម្ពុជា ដើម្បីបញ្ចប់របបប្រល័យពូជសាសន៍ខ្មែរក្រហម គឺជាការពិតដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយរួចជាស្រេចហើយ។ នៅថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៨ តុលាការពិសេសរបស់កម្ពុជា (ECCC) បានចេញសាលក្រមអំពីបទឧក្រិដ្ឋប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិរបស់ខ្មែរក្រហម។ សេចក្តីសម្រេចនេះ បានឆ្លុះបញ្ចាំងដោយសត្យានុម័តពីការពិតប្រវត្តិសាស្រ្ត ការប្រតិបត្តិច្បាប់ និងនាំ មកនូវយុត្តិធម៌ជូនដល់ជនរងគ្រោះ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីអង្គការសហប្រជាជាតិក៏ដូចជាសហ គមន៍អន្តរជាតិផងដែរ។

សមិទ្ធផលដែលអាស៊ានទទួលបានដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់សមាជិកទាំងអស់តាមរយៈប្រវត្តិសាស្រ្តរបស់សមាគម។ សមាជិកម្នាក់ៗសុទ្ធតែបានជ្រាបយ៉ាងជ្រាលជ្រៅពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងគោលការណ៍រួមរបស់អាស៊ាន។

ក្នុងនាមជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ាន វៀតណាមបាននិងនឹងបន្តរួមជាមួយសមាជិកដទៃទៀតនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីគោលដៅកសាងសហគមន៍អាស៊ានដ៏រឹងមាំ ឯកភាព សាមគ្គីភាព និងមានតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់៕

សូមជម្រាបថា កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន ​លោក​ ហ៊ុន ម៉ានី​ ​កូន​ប្រុស​ពៅ​របស់​ ​នាយក​រដ្ឋមន្ត្រី​ សម្តេច ហ៊ុន សែន ​ដែល​ជា​តំណាង​រាស្ត្រ​មួយ​រូប​របស់​ខេត្ត​កំពង់ស្ពឺ​ បាន​ប្រតិកម្ម​ទៅ​នឹង​សាររបស់​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី ​ដែល​បាន​ផ្ញើសំបុត្រ​ទៅ​កាន់​រដ្ឋាភិបាល​ថៃ​ដើម្បីចែក​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​គឺ​ឧត្តមសេនីយ៍​ Prem Tinsulanonda។​ នៅ​ក្នុង​សារ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បាន​សង្កត់​ធ្ងន់​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូប​នោះ​ក្នុង​ការ​ការពារសន្តិសុខ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ទសវត្សរ៍​៨០និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥​នៅ​ពេល​នោះ​ ដោយទប់ទល់ការ​វាតទីរបស់​ប្រទេសកុម្មុយ​និស្ត​វៀតណាម​ ដែល​បាន​«ឈ្លាន​ពាន»ប្រទេស​កម្ពុជា​ដែល​ស្ថិត​ក្នុង​របប​ខ្មែរក្រហម ​ហើយ​ដែល​ការណ៍​នេះបានរារាំង​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ថ្មី​ដែល​កើត​ចេញ​ពី​អន្តរាគមន៍​យោធា​របស់​វៀតណាម​នៅ​ពេល​នោះ។

លោក ​ហ៊ុន ម៉ានី​ បាន​បញ្ចេញ​មតិ​ក្នុង​នាមផ្ទាល់​ខ្លួន​ថា ​ទោះ​បី​លោក​យល់​ថា​ ​មតិ​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ធ្វើ​ឡើង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ទស​វត្សរ៍​១៩៧០​និង​១៩៨០ក្តី ​ ក៏​លោកយល់​ថា​ គេ​មិន​គួរ​មើល​រំលង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ការ​ប្រល័យ​ពូជ​សាសន៍​ប្រព្រឹត្ត​ដោយរបប​ខ្មែរ​ក្រហម​លើ​ជន​រង​គ្រោះ​«ជិត​៣​លាន»​នាក់​នោះ​ទេ។​

លោក​ ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខណៈ​ដែល​អ្នក​រាល់​គ្នា​កំពុង​លេង​ល្បែង​នយោបាយ​ ​ប្រជាជន​កម្ពុជា​បាន​បន់​ស្រន់​ថា​ ​ពួក​យើង​ចង់​ឲ្យ​គេ​មក​សង្គ្រោះខ្លួន​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ ហើយ​វា​មិន​សំខាន់​ទេ​ថា​ ​ការ​សង្គ្រោះ​នោះ​ចេញ​ពីអ្នក​ណា​ ឬ​មាន​ប្រភព​ពី​ទី​ណា​នោះ។ ​ការ​ជួយ​[សង្គ្រោះ​]​នោះ​ក៏​បាន​ចេញ​ជា​រូបរាង​ក្នុង​ទម្រង់​ជា​គណបក្ស​ប្រជាជន​កម្ពុជា ​ដោយ​មាន​ជំនួយ​ពី​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​ជិត​ខាង»។​

មានប្រតិកម្មចំពោះបញ្ហានេះ លោកឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា ​ដែល​ទើប​ត្រឡប់​មក​ពី​កិច្ច​ប្រជុំ ​Shangri-La ​ ​នៅ​រសៀល​ថ្ងៃ​អង្គារ​បានមានប្រសាសន័ថា ​ការ​លើក​ឡើង​ដោយ​ប្រើ​ពាក្យ«ការ​ឈ្លាន​ពាន​របស់​វៀតណាម»​មិន​«យុត្តិធម៌»​ចំពោះ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា​ដែល​រង​គ្រោះដោយ​របប​ខ្មែរក្រហមនោះ​ទេ។​ ​លោក​បាន​បញ្ជាក់​ថា​ វា​ជា​ការ​ស្នើ​សុំ​របស់​កម្ពុជា​ដើម្បី​ឲ្យ​ភាគី​វៀតណាម​មក​ជួយ ​«រំដោះ»​ កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍។​

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិរូប​នេះបញ្ជាក់​ថា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ​Shangri-La Dialogue នៅ​សិង្ហបុរី​កាល​ពី​ចុង​សប្តាហ៍​នេះ​ ​លោក​បាន​លើក​ចំណុចអាក់អន់​ចិត្តបន្តិច​បន្តួច​របស់​ភាគី​កម្ពុជា​នេះទៅ​ជម្រាប​ជូន​សមភាគី​លោក​គឺ​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី Ng Eng Hen ​រួច​ហើយ។​

«យើង​បញ្ជាក់​ឲ្យគាត់​ថា​ ពាក្យ​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ។​ ដូច្នេះ​គាត់​ចង់​កែ​តម្រូវ​របៀប​ណា​ អា​នេះ​គឺ​ជា​សិទ្ធិ​របស់​គាត់​ទេ។​ យើង​ក៏​មិន​ហ៊ាន​ទៅ​ផ្ទៀងផ្ទាត់ ឬ​ក៏​ទៅ​បញ្ជា​គេ​ថា ​អញ្ចុះ​អញ្ចេះ​នោះ​ យើង​អត់​មាន​ទេ»។​

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត