យុគសម័យ - ប្រារព្ធធ្វើឡើងក្នុងបរិបទនៃតំបន់អាស៊ី - ប៉ាស៊ីហ្វិក កំពុងប្រឈមនឹងការសាកល្បងជាច្រើន ជាពិសេសការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសមហាអំណាចដែលកាន់តែខ្លាំងក្លានោះ ថ្វីត្បិតតែ កិច្ចសន្ទនា Shangri-La លើកទី ១៨ (SLD 18) បានបិទបញ្ចប់នាថ្ងៃទី ២ ខែមិថុនាក៏ដោយ ប៉ុន្តែកិច្ចសន្ទនានេះនៅតែបន្តបង្ហាញថានេះគឺជាវេទិកាសន្តិសុខសំខាន់ដែលនាំមុខគេក្នុងតំបន់។
រដ្ឋមន្ត្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich ថ្លែងសន្ទរកថាក្នុងកិច្ចសន្ទនានាថ្ងៃទី ២ ខែមិថុនា (រូបថតៈ TTXVN)
នៅក្នុងកិច្ចពិភាក្សា នាថ្ងៃទី ២ ខែ មិថុនា ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-la លើកទី ១៨ ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនោះ រដ្ឋមន្ត្រីការពារប្រទេសវៀតណាមលោក Ngo Xuan Lich បានអញ្ជើញថ្លែងសុន្ទរកថា ស្តីពី ប្រធាន បទ "ទប់ស្កាត់ជម្លោះនៅក្នុងបណ្តាវិស័យដែលមានការប្រកួតប្រជែង”។
រដ្ឋមន្រ្តី លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅតែជានិន្នាការធំៗ លំហូរសំខាន់ៗ និងផលប្រយោជន៍រួមនៃបណ្តាប្រទេស។ ហេតុដូច្នេះ បណ្តាប្រទេសធំៗ ឬតូច ត្រូវបង្ហាញការទទួលខុសត្រូវរបស់ខ្លួន ក្នុងការដោះស្រាយរាល់ការខ្វែងគំនិត ដោយឈរលើមូលដ្ឋាននៃគោរពតាមច្បាប់អន្តរជាតិ។
រដ្ឋមន្រ្តី លោក Ngo Xuan Lich បានលើកឡើងថា ទោះបីជាមានភាពខុសគ្នាពីអត្ថប្រយោជន៍ក៏ដោយ ប្រសិនបើ ប្រទេសទាំងអស់ បានដាក់សន្តិភាពនិងស្ថេរភាពជាមុនសិន យើងអាចសហការគ្នាដើម្បីស្វែងរកវិធីសំដៅកាត់បន្ថយភាពខុសគ្នា និងដោះស្រាយជម្លោះ។ ផ្ទុយទៅវិញ ប្រសិនបើ ការបង្ខិតបង្ខំ ការប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះនឹងធ្វើឲ្យជម្លោះកាន់តែកើនឡើង។ តាមនោះ ភាគីត្រូវស្វែងរកវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក, កសាងទំនុកចិត្ត, និងដោះស្រាយជម្លោះជាជំហានៗ។
ទិដ្ឋភាពនៃពិធីបើក Shangri-La លើកទី ១៨ (រូបថតៈ TTXVN)
ស្តីពីបញ្ហាសមុទ្រខាងកើត លោក Ngo Xuan Lich បានលើកឡើងថា សមុទ្រខាងកើតមានសក្តានុពលយ៉ាងធំធេង លើគ្រប់វិស័យ។ ប្រទេសជាច្រើន មានផលប្រយោជន៍យុទ្ធសាស្រ្តនៅក្នុងសមុទ្រខាងកើត។ ហេតុដូច្នេះ ប្រសិនបើប្រទេសទាំងនោះគោរពតាមច្បាប់អន្តរជាតិ មានទំនួលខុសត្រូវ និងមានសុឆន្ទៈ ពិតណាស់ថា សមុទ្រខាងកើតនឹងក្លាយជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ជាក់ជាមិនខាន។
នៅចុងបញ្ចប់នៃបទសុន្ទរកថា លោក Ngo Xuan Lich បានសង្កត់ធ្ងន់ថា តំបន់អាស៊ី - ប៉ាស៊ីហ្វិក កំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលមួយក្នុងពិភពលោកដែលពោរពេញទៅដោយការប្រែប្រួល។ ហេតុដូច្នេះ មានសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្បូររុងរឿងដែរឬកអត់ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើសកម្មភាពរបស់បណ្តាប្រទេស ដែលក្នុងនោះ រួមមានទាំងបញ្ហានៃការទប់ទល់ជម្លោះនៅក្នុងវិស័យដែលមានការប្រកួតប្រជែងផងដែរ។
កិច្ចសន្ទនាស្មោះត្រង់ ជាក់ស្តែង នឹងជួយទប់ស្កាត់ជម្លោះ។ កិច្ចសន្ទនាដើម្បីឈានដល់ការឯកភាពគ្នាដើម្បីគោលដៅរួម ទោះបីជានៅក្នុងដំណើរការនេះក៏កើតមានឡើងភាពខុសគ្នានិងភាពមិនចុះសម្រុងគ្នាក៏ដោយ។ ឈរលើស្មារតីនោះ SLD 18 បានបិទបញ្ចប់ប្រកបដោយជោគជ័យដ៏អស្ចារ្យ ដោយបន្តអះអាងតួនាទីរបស់ខ្លួនដែលជាវេទិកាសន្តិសុខដ៏សំខាន់ ឈានមុខក្នុងតំបន់៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន