យុគសម័យ - ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Ri Yong Ho ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ចាប់ពីថ្ងៃទី ១២ដល់ថ្ងៃទី១៤ខែកុម្ភៈ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសរបស់កូរ៉េខាងជើង លោក Ri Yong-ho ក្នុងជំនួបនៅទីក្រុងព្យុងយ៉ាង នាថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថតៈ Kyodo/TTXVN)
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណបក្សពលកម្មកូរ៉េខាងជើង Ri Su Yong និងអញ្ជើញទស្សនាស្ថានទូតវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងជើងផងដែរ។
ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Rong Ho ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងលើកនេះ ព្រមទាំងបានអះអាងថា នឹងខិតខំប្រឹងប្រែង រួមជាមួយកូរ៉េខាងជើងជំរុញការជួបប្រាស្រ័យ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឲ្យសមស្របជាមួយសក្កានុភាពនិងផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ការអភិវឌ្ឍរបស់តំបន់និងលើពិភពលោក។ វៀតណាមត្រៀមជាស្រេច ចែករំលែកជាមួយកូរ៉េខាងជើងនូវបទពិសោធន៍ក្នុងការកសាងប្រទេសជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងចូលរួមសមាហរណកម្មអន្តរជាតិ ដោយឈរលើមូលដ្ឋាននៃអនុសាសន៍របស់កូរ៉េខាងជើង។
ស្តីពីរាល់បញ្ហាពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងនូវគោលជំហរឥតងាករ៉េរបស់វៀតណាម គឺគាំទ្រជំនួបសន្ទនា សំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងត្រៀមជាស្រេច រួមចំណែកសកម្មទៅក្នុងដំណើរការនេះ។
ចំណែកឯរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ក៏បានសម្តែងការសប្បាយរីករាយ ដែលបានជួបឡើងវិញជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh នៅទីក្រុងព្យងយ៉ាង និងមានបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យទទួលបានផ្លែផ្កាថែមទៀត ជាពិសេសក្នុងឆ្នាំ២០២០ ដែលជាឱកាសរំលឹកខួបលើកទី៧០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ លោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏បានថ្លែងអំណរគុណចំពោះគោលជំហរក៏ដូចជារាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការជំរុញដំណើរការសន្ទនាដើម្បីសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍលើឧបទ្វីបកូរ៉េ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho នៅក្នុងកិច្ចពិភាក្សានៅទីក្រុងព្យុងយ៉ាងនាថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៩ (រូបថតៈ TTXVN)
ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមក អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ; ឯកភាពគ្នាបន្តសហការនៅក្នុងវេទិការអន្តរជាតិនិងតំបន់ដូចជាអង្គការសហប្រជាជាតិ សន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធ វេទិកាតំបន់អាស៊ាន (ARF) សន្និសីទ និងវេទិការអន្តរជាតិរវាងគណបក្សនយោបាយនានា ជាពិសេសបង្កើនការផ្លាស់ប្តូរលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចជា ការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ក្នុងជំនួបពិភាក្សាជាមួយអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការអន្តរជាតិ នៃគណៈបក្សពលកម្មកូរ៉េខាងជើង លោក Ri Su Yong ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា ឈរលើមូកដ្ឋាននៃការអនុវត្តគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ការធ្វើពិពិធកម្មនិងពហុភាគីក្នុងទំនាក់ទំនងកិច្ចការបរទេស ធ្វើជាមិត្ត ជាដៃគូដែលគួរឱ្យទុកចិត្ត និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់ សហគមន៍អន្តរជាតិ ហើយបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលមានបំណងរក្សានិង អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងជើងផងដែរ។
ចំណែកអនុប្រធាន លោក Ri Su Yong បានអះអាងនូវគោលជំហរមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋាភិបាលកូរ៉េខាងជើង ដោយ យកចិត្តទុកដាក់និងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលើកនេះរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh នឹងចូលរួមចំណែកក្នុងការពង្រឹងនិងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរនិងកិច្ច សហប្រតិបត្តិការរវាងបក្សទាំងពីរ។
លោក Ri Su Yong បានវាយតំលៃខ្ពស់ ចំពោះសមិទ្ធផលសំខាន់ដែលប្រជាជនវៀតណាមសម្រេចបានក្នុងបុព្វហេតុកសាង ស្ថាបនាប្រទេសជាតិនិងលើកម្ពស់ឋានៈអន្តរជាតិនិងបានសម្តែងបំណងប្រាថ្នា ចង់ធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមដើម្បីពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនាពេលអនាគត៕
(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)


មតិពីមិត្តអ្នកអាន