វៀតណាមនិងរុស្ស៊ីប្តេជ្ញាអនុវត្តន៍គម្រោងការមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានុយក្លេអ៊ែរ

21:34 | 19/11/2018 (យោងតាម baochinhphu.vn)

យុគសម័យ - ក្នុងជំនួបពិភាក្សា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីសហព័ន្ធរុស្សី លោក D.A.Medvedev បានព្រមព្រៀងជម្រុញរាល់គម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យថាមពល ឧស្សាហកម្ម ដឹកជញ្ជូននិងកសិកម្មព្រមទាំងបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងបច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក ក៏ដូចជាអះអាងនូវការប្តេជ្ញាក្នុងការអនុវត្តន៍មជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាមដែលមានតម្លៃ ៣៥០ លានដុល្លារ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក D.A.Medvedev (រូបថតៈ VGP/Quang Hieu)

នាថ្ងៃទី១៩ខែវិច្ឆិការនៅទីក្រុងហាណូយ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅនៅវិមានប្រធានរដ្ឋមក នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី លោក D.A.Medvedev។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev ដែលបានបន្តដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong នាខែកញ្ញាកន្លងទៅ ព្រមទាំងអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម ដែលជានិច្ចកាលគោរពនិងផ្តល់អាទិភាពសម្រាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូរយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ី។

(រូបថត៖ VGP/Quang Hieu)

ចំណែកលោក Medvedev បានសម្តែងក្តីសប្បាយរីករាយចំពោះដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ ព្រមទាំងសង្កត់ធ្ងន់ថា រុស្ស៊ីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូឈានមុខរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក។

ក្នុងបរិយាកាសមិត្តភាព ការជឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើទិសដៅនិងវិធានការនានាដើម្បីជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ សំដៅនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីកាន់តែស៊ីជម្រៅថែមទៀត។

នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីសម័យប្រជុំលើកទី ២១ នៃគណៈកម្មការអន្តររដ្ឋាភិបាលវៀត ណាម - រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យាដែលប្រារព្ធធ្វើឡើងនៅទីក្រុងម៉ូស្គូនៅចុងខែតុលាឆ្នាំ២០១៨កន្លងទៅ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពអាស៊ី - អឺរ៉ុប។

រូបថតៈ VGP/Quang Hieu

នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រេងនិងឧស្ម័នរវាងវៀតណាមនិងសហ ព័ន្ធរុស្ស៊ី និងចាត់ទុក នេះជាសរសរសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ី។ ភាគីទាំងពីរបានអះអាងថា នឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហប្រតិបត្តិការក្នុងការរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័ននៅលើដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនិងនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ីក៏ដូចជាបើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ដូចជាផ្គតផ្គង់ឧស្ម័នប្រេងរាវ ជាដើម។

ភាគីទាំងពីរបានព្រមព្រៀងជម្រុញរាល់គម្រោងសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យថាមពល ឧស្សាហកម្ម ដឹកជញ្ជូននិងកសិកម្ម ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាននិងបច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តគម្រោងការមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានុយក្លេអ៊ែរនៅវៀតណាមដែលមានតម្លៃ ៣៥០ លានដុល្លារ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងស្ថាប័នមានសមត្ថកិច្ចរបស់សហព័ន្ធរុស្ស៊ីដែលបានគាំទ្រនិងជួយឧបត្ថម្ភដល់សហគមន៍វៀតណាមនៅរុស្ស៊ីនាពេលកន្លងមក ហើយសង្ឃឹមថាភាគីរុស្ស៊ីនឹងបន្តបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលរស់នៅ ធ្វើការដោយស្ថិរភាពនិងស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ី; លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងនូវជំនឿថា សហគមន៍ជនវៀតណាមនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាសាក្សីក្នុងពិធីប្រគល់ឯកសារដោយសម្រេចកសាងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យានុយក្លេអ៊ែរ (រូបថតៈ VGP/Quang Hieu)

ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាអន្តរជាតិនិងតំបន់និងសង្កត់ធ្ងន់ថា ត្រូវរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) អនុវត្តន៍ពេញលេញនិងគ្រប់គ្រាន់នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

ភាគីទាំងពីរបានអះអាងបន្តការពង្រឹងការសម្របសម្រួលនៅវេទិកាពហុភាគី; ជម្រុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ, APEC, ASEM, អាស៊ាន - រុស្ស៊ីដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងពីរដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។

នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងជំនឿជាក់លើលទ្ធផលល្អនៃដំណើរទស្សនកិច្ចនេះដែលបានបន្តរួមចំណែកដល់ការជម្រុញកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីនៅក្នុងគ្រប់វិស័យទាំងអស់។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev បានគោរពអញ្ជើញនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាពេលខាងមុខ។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រនិងរីករាយទទួលការអញ្ជើញផងដែរ៕

(យោងតាម baochinhphu.vn)

(យោងតាម baochinhphu.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត