យុគសម័យ - នារសៀលថ្ងៃទី១៨ខែតុលា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM 12) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និងនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបពិភាក្សាជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធានរណរដ្ឋប្រជាមានិតចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីនិងសុច្ឆន្ទៈដ៏វិជ្ជមានរបស់ចិនក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសចិនអនុវត្តន៍គម្រោងបច្ចេកវិទ្យាខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន...(VGP/Quang Hieu)
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខនេះ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺសម្របសម្រួលការនាំចូលយ៉ាងងាយស្រួលក៏ដូចជាពង្រីកទីផ្សារសម្រាប់ទំនិញវៀត ណាមផងដែរ។
រូបថតៈ VGP/Quang Hieu
ចំណែកលោក Li Keqiang បានមានបំណងថា ភាគីទាំងពីរនឹងចាប់យកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការដោយទទួលបានអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមកលើគ្រប់វិស័យ រក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងសមុទ្រខាងកើត; រួមចំណែកដល់ករជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម-ចិនឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (រូបថតៈ VGP/Quang Hieu)
ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីន័រវែសលោកស្រី Erna Solberg ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ច សហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នាថា ត្រូវពង្រឹងថែមទៀតកិច្ចសហប្រតិ បត្តិការទ្វេភាគីក្នុងវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច- ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការពារជាតិ សន្តិសុខ ... ជាពិសេស បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។
រូបថតៈ VGP/Quang Hieu
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមុទ្រ ដោយឯកភាពថា មិនត្រឹមតែអភិរក្សប៉ុណ្ណោះទេ ថែមទាំងត្រូវអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហើយដើម្បីសម្រេចបានគោលដៅនេះគឺត្រូវរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នីមួយៗ ឈរលើច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។នាយករដ្ឋមន្ត្រីន័រវេស លោកស្រី Erna Solberg បានអះអាងថានឹងសហការជាមួយវៀតណាមដើម្បីជម្រុញការឲ្យ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម - អឺរ៉ុប (EVFTA) នាពេលឆាប់ៗនេះ ដោយចាត់ទុកថា នេះជាស្ពានដើម្បីជម្រុញកិច្ចសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)





មតិពីមិត្តអ្នកអាន