យុគ្គមស័យ - យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលីនាថ្ងៃទី២៦ ឧសភាដែលបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ឧសភាដើម្បីរួមជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ចូលរួមបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន Cao Lanh និងអញ្ជើញជាសហអធិបតីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការទូតវៀតណាម-អូស្ត្រាលី។
ដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop (រូបថតៈ Epicentrum World - WordPress.com )
តាមសេចក្តីប្រកាសនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹងថា អូស្ត្រាលី ជាសហឧបត្ថម្ភការរចនានិងសាងសងស្ពាន Cao Lanh ដែលជាផ្នែកមួយនៃគម្រោងការគមនាគមន៍ជួយតភ្ជាប់ប្រជាជនវាលសណ្តទន្លេ Cuu Long ចំនួន១៨លាននាក់ ជាមួយទីផ្សារនានាក្នុងតំបន់ ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច។ លោកស្រី Bishop បានសង្កត់ធ្ងន់ថា ស្ពាន Cao Lanh ជានិមិត្តរូបច្បាស់លាស់សម្រាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងអូស្ត្រាលីនិងវៀតណាម ដែលបច្ចុប្បន្នត្រូវបានលើកតម្កើងជាដៃគូយុទ្ធសាស្ត្ររួមទាំងសម្តែងការសន្យារបស់អូស្ត្រាលីក្នុងការកសាងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធិលើទូទាំងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ អូស្ត្រាលីនិង វៀតណាមរំលឹកខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត។ តាមនោះ លោកស្រីបានសម្តែងក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចលើកនេះ នឹងធ្វើការពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អំពីវិធានការដើម្បីប្រទេសទាំងពីរអាចពង្រីកថែមទៀតកិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងបញ្ហាតំបន់សំខាន់ៗ ពាក់ព័ន្ធដល់ស្ថិរភាព សន្តិសុខនិងភាពសម្បូររុងរឿង៕
(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន