យុគសម័យ - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនដែលបានស្នើសុំចុះបញ្ជីវិនិយោគនៅកម្ពុជា ជាង១២០លានដុល្លារអាមេរិកហើយ
ប្លង់គម្រោងវិនិយោគសាងសង់នៅខេត្តត្បូងឃ្មុំ
យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះជាបន្តបន្ទាប់បានអោយដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ បានចេញជាវិញ្ញាបនបត្រជាបន្ត បន្ទាប់ដល់ក្រុមហ៊ុនដែលបានស្នើសុំវិនិយោគនៅកម្ពុជា ជាក់ស្ដែងកាលពីសប្ដាហ៍មុននេះ CDC បានចេញវិញ្ញាបត្រជូនក្រុមហ៊ុន KIM PICH DEVELOPMENT CO.,LTD ដែលមានទឹកប្រាក់វិនិយោគចំនួន ៩៨លានដុល្លារអាមេរិក ដែលជាទឹកប្រាក់វិនិយោគច្រើនជាងគេ ក្នុងខែមេសានេះ ។ ប្រភពដដែលនេះ បានបញ្ជាក់ផងដែរថា ក្រៅពីគម្រោងវិនិយោគលើសណ្ឋាគារផ្កាយ៥នៅខេត្តត្បូងឃ្មុំ ក៏មានគម្រោងផ្សេងៗទៀត ដែលដាក់សំណើរទៅក្រុមប្រឹក្សាអភិវឌ្ឍន៍ដើម្បីស្នើសុំវិនិយោគ និងទទួលបានការយល់ព្រមផងដែរ ដូចជា គម្រោងរោងចក្រកែច្នៃផ្លែឈើ នៅខេត្តត្បូងឃ្មុំ ដែលមានទឹកប្រាក់វិនិយោគប្រមាណ១១លានដុល្លារអាមេរិកដែរ ។
ដោយឡែកកាលពីដើមខែមេសា ឆ្នាំ ២០១៩នេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនបត្រជូនក្រុមហ៊ុនវិនិយោគចំនួន៥គម្រោងផងដែរ ដែលមានទឹកប្រាក់សរុបប្រមាណ២០លានដុល្លារ នៅក្នុងខេត្តកណ្ដាល កំពង់ស្ពឺ ត្បូងឃ្មុំ ភ្នំពេញ និងខេត្តព្រះសីហនុ ។ ហើយបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែររួច ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនស្នើសុំវិនិយោគចំនួនពីរផងដែរ សរុបជាទឹកប្រាក់វិនិយោគប្រមាណ៨លានដុល្លារអាមេរិក និងបង្កើតការងារជូនពលរដ្ឋក្នុងស្រុកប្រមាណជាង៤០០នាក់៕
(ប្រភព៖ kohsantepheapdaily.com.kh)

មតិពីមិត្តអ្នកអាន