សម្តេចតេជោជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព

11:31 | 03/05/2020 (សរុបដោយ ហេង វុធ្ធី)

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្ដី សោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ ទាំងអស់ដែលកំពុងបំពេញការងារ លើវិស័យសារព័ត៌មាននៅកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោក ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


សម្តេចតេជោហ៊ុនសែននាយករដ្ឋលមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្ម ថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ដែលធានាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមសម្បូរសប្បាយ។ យោងតាមសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ដែលបានផ្ញើរជូនជនរួមជាតិឲ្យដឹងថា សម្តេចមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ដែលកំពុងបំពេញការងារលើវិស័យសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោកក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននិងធានាឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច។

ក្នុងឱកាសនេះសម្តេចតេជោនាយករដ្ឋមន្រ្តីបានជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើសកលលោកទាំងមូល។ សម្តេចតេជោបញ្ជាក់ថា ទិវា” សេរីភាពសារព័ត៌មានសកលលោក “ លើកទី២៧នាឆ្នាំនេះ គឺបានប្រារព្ធធ្វើឡើងក្នុងកាលៈទេសៈដែលសកលលោកទាំងមូលកំពុងទទួលរងនូវសោកនាដកម្មនៃការរាតត្បាតជំងឺឆ្លងជាសកលបង្កឡើងដោយវីរុសកូវីដ-១៩ ដែលបានឆក់យកជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាងម្ភៃម៉ឺននាក់ ហើយមនុស្សជាងបីលាននាក់បានឆ្លងវីរុសនេះ ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់ប្រជាជននៅទូទាំងសកលលោកព្រមទាំងបង្កើតឱ្យមានការរើសអើងជាតិសាសន៍ ការរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំ សេរីភាពនៃការធ្វើដំណើរការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ កាត់ផ្តាច់ខ្សែសង្វាក់ផលិតកម្មផ្នែកឧស្សាហកម្ម ការធ្វើពាណិជ្ជកម្មសកល ហើយប្រទេសមួយចំនួនកំពុងត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន រារាំងប្រជាជនរបស់ខ្លួនមិនឱ្យចេញពីផ្ទះ និងបិទច្រកព្រំដែនមិនឱ្យឆ្លងកាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដែលបង្កដោយវីរុសកូវីដ-១៩និងការពារអាយុជីវិតប្រជាជនរបស់ខ្លួនឱ្យរួចផុតពីជំងឺឆ្លងដ៏កាចសាហាវមួយនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានរបស់យើងទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋបានយល់ដឹង និងស្វែងយល់អំពីព្រឹត្តិការណ៍នានាដែលកំពុងកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងការឆ្លងរីករាលដាលជាសកលនៃវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅស្ទើរទូទាំងសកលលោក ជាពិសេសនៅប្រទេសលោកខាងលិច និងនៅបណ្តាប្រទេសមួយចំនួនទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ និងអ្នកឆ្លងវីរុសដ៏កាចសាហាវមួយនេះកាន់តែធ្ងន់ធ្ងរទៅៗ។

ដោយ ឡែកនៅកម្ពុជា ការឆ្លងវីរុសកូវីដ-១៩ គឺស្ថិតនៅក្នុងដំណាក់កាលដំបូង ដែលអ្នកឆ្លងវីរុសកូវីដ-១៩ មានអត្រាទាបបំផុត ហើយអ្នកជំងឺភាគច្រើនគឺជាជនជាតិបរទេសដែលជាករណីចម្លងមកពីខាងក្រៅ ពុំទាន់មានករណីឆ្លងរីករាលដាលនៅក្នុង សហគមន៍ទេ។ ចំណែកអ្នកជាសះស្បើយគិតមកដល់ថ្ងៃនេះបានជិត១០០ភាគរយ ហើយក៏ពុំមានមនុស្សស្លាប់ដោយសារករណីជំងឺនេះដែរ។ នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងវិធានការទប់ស្កាត់បានទាន់ពេលវេលារបស់រាជរដ្ឋាភិបាល គួបផ្សំនឹងសមត្ថភាពគ្រូពេទ្យរបស់យើង និងការចូលរួមចំណែកយ៉ាងសកម្មពីអ្នកសារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិត ការអប់រំទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញបានទាន់ពេលវេលា ដែលបង្ហាញពីភាពជាដៃគូរវាងស្ថាប័នសារព័ត៌មាន ជាមួយរាជរដ្ឋាភិបាលមិនអាចខ្វះបាននៅគ្រប់កាលៈទេសៈ។

សម្តេចបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានសកលលោក ធ្វើឡើងក្នុងគោលបំណងលើកស្ទួយសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ធានានូវឯករាជ្យភាពនៃ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងធានាឱ្យអ្នកសារព័ត៌មាន បំពេញភារកិច្ចលើវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យ ខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មាន ឱ្យកាន់តែសកម្មថែមទៀត ដើម្បីចូលរួមចំណែកលើកស្ទួយ សុខុមាលភាពសង្គម ការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមនីយកម្មនៅលើ សកលលោកទាំងមូល៕




(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews និង information.gov.kh)

(សរុបដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត