យុគសម័យ - ក្រោយបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ក្រមា១០០០ម៉ែត្រ និងកីរចនាបថបុរាណ ត្រូវបានដាក់តម្កល់នៅក្នុងសារមន្ទីរជាតិ ដើម្បីថែរក្សាបន្ត និងបង្ហាញភ្ញៀវជាតិ-អន្តរជាតិឲ្យបានស្គាល់ពីក្រមាខ្មែរ។ ក្រមាវែងជាងគេនេះ ជាមោទកភាពថ្មីសម្រាប់កម្ពុជា ដែលកើតចេញពីការសាមគ្គីរវាងពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ នេះបើយោងតាមកាសែត thmeythmey ចេញផ្សាយនាថ្ងៃ១៩ខែសីហាឆ្នាំ២០១៨។

ពិធីប្រគល់ក្រមា និងកីតម្បាញនេះ រៀបចំឡើងតាមបែបសាសនា ដែលមានថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនចូលរួមផងដែរ។ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ «ក្រមាវែងជាងគេដែលតម្កល់ក្នុងសារមន្ទីរនេះ មានតម្លៃជារបស់ជាតិ។ បើទោះបីមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែក្រមានេះ មានការចូលរួមពីពលរដ្ឋជាច្រើននាក់ ដែលបានបំបែកឯតទគ្គកម្ម»។ រដ្ឋមន្ត្រីរូបនេះ បន្តថា សារមន្ទីរជាតិ ជាទីតាំងសមរម្យបំផុតសម្រាប់ការទទួលក្រមានេះ។

សូមបញ្ជាក់ថា យុទ្ធនាការក្រមានេះ បានចាប់ផ្ដើមបើកត្បាញសរសៃដំបូង នៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីតាំងវាលព្រះមេរុ និងទទួលបានកំណត់ត្រាក្រមាវែងជាងគេកាលពីថ្ងៃទី ១ កក្កដាកន្លងទៅ។ ការត្បាញក្រមាវែងជាងគេលើពិភពលោកនេះ បានផ្ដល់ឱកាសឲ្យសាធារណជនទូទៅ ចូលរួមត្បាញដោយផ្ទាល់ដៃ ដោយមានការសម្រួលពីក្រុមការងារផ្នែកបច្ចេកទេស និងអ្នកតម្បាញជំនាញនៅទីតាំងកម្មវិធីផ្ទាល់តែម្ដង ។
GoGo Cambodia គឺជាចលនាថ្នាក់ជាតិមួយ ដែលកើតចេញពីឆន្ទៈកូនខ្មែរ ធ្វើឡើងក្នុងគោលបំណងលើកតម្កើងមោទនភាពជាតិ បង្ហាញពីសក្តានុពលរបស់កម្ពុជានៅគ្រប់វិស័យ និងជាវេទិកាសម្រាប់យុវជនខ្មែរគ្រប់រូប អាចបង្ហាញនូវមោទនភាពរបស់ខ្លួន ក្នុងនាមជាកូនខ្មែរ ទៅដល់សហគមន៍អន្តរជាតិ៕
(យោងតាម thmeythmey)