គណបក្សប្រជាជន: ទីបង្អែកនៃជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជា

09:25 | 25/07/2018

យុគសម័យ - ប្រទេសកម្ពុជាមានសម្រស់ស្រស់ស្អាតកំពុងបង្ហាញរូបរាងថ្មី កាន់តែទំនើបនិងកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋកម្ពុជាបាននិងកំពុងទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេស។

នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុនសែន ក្នុងពិធីចេញដំណើរយុទ្ធនាការឃោសនារកសំឡេងឆ្នោត (រូបថតៈ freshnewsasia.com)

អាណត្តិសភា៥ឆ្នាំមានរយៈពេលមិនវែងប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលគណបក្សប្រជាជនបានធ្វើសម្រាប់ប្រជាជនកម្ពុជាគឺមានទំហំធំធេងខ្លាំងណាស់។ ប្រការនេះជួយឱ្យប្រជាជនកម្ពុជាកាន់តែមានទំនុកចិត្តថែមមួយកម្រិតទៀត នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។

ការថែរក្សាសន្តិភាពស្ថិរភាពនយោបាយ និងសន្តិសុខឲ្យមានភាពរឹងមាំ បានធានាថាកម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗដ៏ធំសម្បើមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ប្រទេសកម្ពុជាបានឈានដល់ចំណុចសំខាន់មួយពីប្រទេសដែលមានប្រាក់ចំណូលទាបឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម និងកំពុងបន្តក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៣០។

ចំណុចទាំងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី ភាពជោគជ័យនៃការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ នៃរដ្ឋាភិបាល អាណត្តិទី៥ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់រូប។

ទិដ្ឋភាពនៃពិធីចេញដំណើរយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណៈបក្សប្រជាជនកម្ពុជា (រូបថតៈ VOV)

ជ័យជំនះនេះ ត្រូវអរគុណចំពោះគណបក្សប្រជាជនមុនគេ ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពតាមរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់និង យុត្តិធម៌ក្នុងសង្គម។ ចំណុចទាំងអស់នេះ គណបក្សប្រជាជនកម្ពុជាបានបន្តបញ្ចូលទៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការដឹកនាំនៃអណត្តិ ឆ្នាំ​២០១៨-២០២៣ ។

ក្នុងរយៈពេល​៥ ឆ្នាំកន្លងមកក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយរក្សាបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាពដែលជាមធ្យម មាន ៧,៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ និងបានរក្សាជំហរយ៉ាងរឹងមាំជាមួយនឹងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ ២០០៨​ ថែមទៀតផង។ គួររំលឹកផងដែរថា ប្រទេសកម្ពុជាត្រូវបា ធនាគារពិភពលោក កំណត់ថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងកូនខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។

រាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពគឺសំដៅទៅលើប្រជាជន។ យោងតាមស្ថិតិ បានបង្ហាញថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកំពុងមានភាពប្រសើរឡើង ដោយប្រាក់ចំណូលក្នុងមនុស្សម្នាក់ៗកើនឡើងពី ១,០៤២ ដុល្លារ ក្នុងឆ្នាំ២០១៣ ដល់ ១,៥៦៣ ដុល្លារក្នុងឆ្នាំ ២០១៨ ។ អត្រានៃភាពក្រីក្រ បានធ្លាក់ចុះយ៉ាងខ្លាំងចាប់ពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ ថយចុះរហូតដល់ ១៣% ក្នុងឆ្នាំ ២០១៦ ហើយនឹងបន្តធ្លាក់ចុះទៀត។ ទន្ទឹមនឹងសមិទ្ធិផលនេះ គម្លាតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋត្រូវបានបង្រួញបន្តិចម្តង ៗ ។ ល្បឿននៃការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាមានល្បឿនលឿនជាងគោលដៅអភិវឌ្ឍន៍សហសវត្ស និងគោលដៅកាត់បន្ថយភាពក្រីក្រជាង១ភាគរយក្នុងមួយឆ្នាំ។

លើសពីនេះទៀត ដោយមានការអនុវត្តយ៉ាងប្រុងប្រយ័ត្ននូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ស្របពេលដែលមានការលើកកម្ពស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួតប្រជែង ការផលិត និងការប្រើប្រាស់នៅក្នុងប្រទេស, ដូចនេះ ប្រទេសកម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីពេញចិត្តជាច្រើនទៀត។ ជាពិសេស ប្រាក់បម្រុងរូបិយប័ណ្ណបរទេសបានកើនឡើងពី ៣ ពាន់ ៦៤៣ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០១៣ កើនដល់ ៩ ពាន់ ៥០ លានដុល្លារនៅក្នុងឆ្នាំ ២០១៧ ដោយសារការវិនិយោគផ្ទាល់ពីបរទេសបន្តកើនឡើង។ តុល្យភាពនៃការទូទាត់ត្រូវបានកែលម្អខណៈពេលដែលបំណុលសាធារណៈរបស់កម្ពុជាមានអត្រាទាបបំផុតបើធៀបនៅក្នុងតំបន់ ដែលឆ្លុះបញ្ចាំងពីហានិភ័យទាបនិងនិរន្តភាពនៃបំណុលរបស់ខ្លួន។

ក្រោមការដឹកនាំរបស់គណៈបក្សប្រជាជននិងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជាកំពុងមានមុខមាត់កាន់តែស្រស់ស្អាតនិងទំនើបពីមួួយថ្ងៃទៅមួយថ្ងៃ (រូបថតៈ nhandan.com)

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១៨ - ២០១៩ នឹងរក្សាកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៨ កម្ពុជាបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ៦៣៤ លានដុល្លារ ដោយមានគម្រោងចុះបញ្ជីថ្មីចំនួន ៤៧ គម្រោង វិស័យ នាំចេញនាំចូលសម្រេចបាន ៨,៣ ពាន់លានដុល្លារ។ ចំនួនភ្ញៀវទេសចរអន្តរជាតិក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០១៨ មានចំនួន ១,៧ លាននាក់ កើនឡើង ១,៩% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន (នៅឆ្នាំ ២០១៧មានភ្ញៀវទេសចរណ៍ ៥,៦ លាននាក់) ។

ក្នុងអាណត្តិថ្មី គណបក្សប្រជាជនកម្ពុជាបានប្តេជ្ញាថានឹង អនុវត្តគោលនយោបាយជាច្រើនដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋដូចជា: មិនយកពន្ធលើដីកសិកម្មរបស់កសិករ, បង្កើនផលិតកម្មកសិកម្មលក្ខណៈគ្រួសារ, ជួយកសិករពង្រីកផលិតកម្មកសិកម្មនិងស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្មក្នុងតម្លៃសមស្រប។ ប្រជាពលរដ្ឋដែលគ្មានដីធ្លីនឹងទទួលបានដីធ្លីដើម្បីបង្កើតទីជម្រក និងបង្កើនផលិតកម្មរបស់ពួកគេតាមរយៈកម្មវិធីជំនួយដីសង្គមកិច្ច។

បង្កើនប្រាក់ឈ្នួលប្រចាំខែសម្រាប់កម្មករ និយោជិត ព្រមទាំងប្រភេទផ្សេងៗនៃអត្ថប្រយោជន៍សុខុមាលភាពដើម្បីលើកកម្ពស់គុណភាពការងារនិងការការពារការងារសម្រាប់កម្មករនិយោជិត។ ដំឡើងប្រាក់ខែសម្រាប់មន្ត្រីរាជការទាំងអស់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជន។ អាជីវកម្មខ្នាតតូចដែលកំពុងប្រតិបត្តិការក្នុងដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ អាចមានសិទ្ធិគ្រប់គ្រង ប្រើប្រាស់ និង ធ្វើជាមរតកសម្រាប់កូន ៗ របស់ពួកគេ ឬអ្នកដទៃដោយមិនកំណត់ការកាន់កាប់៕

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត