រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តគោលនយោបាយប្រមូលពន្ធចំណេញលើមូលធនចំនួន ២០% ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ខាងមុខ។ គោលនយោបាយនេះត្រូវបានអ្នកសេដ្ឋកិច្ចចាត់ទុកថា ជាវិធានការយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។
ការប្រមូលពន្ធមូលធនរបស់កម្ពុជាគឺជាវិធានការយុទ្ធសាស្ត្រដើម្បីស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់ការផ្ទុះវិស័យអចលនទ្រព្យក្នុងបរិបទនៃ COVID-19
អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសមុនហើយថា រាជរដ្ឋាភិបាល នឹងប្រមូលពន្ធលើការចំណេញអចលនទ្រព្យ និងពន្ធប្រាក់ចំណេញមូលធន ចំនួន២០ភាគរយ នៅដើមឆ្នាំ២០២១។ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា គម្រោងដាក់ឱ្យអនុវត្តការយកពន្ធមូលធននេះ ធ្វើឡើងស្របពេលដែលសេដ្ឋកិច្ចកម្ពុជា ឈរនៅក្នុងកម្រិតមួយសមរម្យ។អ្នកជំនាញសេដ្ឋកិច្ច យល់ថា វិធានការប្រមូលពន្ធមូលធននេះ វាផ្ដល់ផលវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ-១៩។ សម្រាប់លោក គី សេរីវឌ្ឍន៍ ការយកពន្ធមូលធននេះ មិនមានអ្វីប្លែកទេ ខណៈបណ្ដាប្រទេសអាស៊ាន និងអឺរ៉ុបខ្លះ បានអនុវត្តទៅហើយ។
បណ្ឌិតសេដ្ឋកិច្ចរូបនេះ ព្យាយាមពន្យល់ថា ពន្ធមូលធន២០ភាគរយ វាមិនច្រើនទេ បើធៀបនឹងប្រទេសដទៃ ដូចជាអាល្លឺម៉ង់ កូរ៉េ ដែលគេកំណត់ពន្ធរហូតដល់៣០ភាគរយ ។ លោក គី សេរីវឌ្ឍន៍ បានសង្កត់ធ្ងន់ថា ដ្បិតរដ្ឋាភិបាលកំណត់ពន្ធមូលធន២០ភាគរយមែន ប៉ុន្តែវាមិនប៉ះពាល់ដល់អ្នករកស៊ីក្នុងស្រុកខ្លាំង ដូចអ្នករកស៊ី និងធ្វើការនៅក្រៅប្រទេសទេ ។
សម្រាប់លោក គី សេរីវឌ្ឍន៍ ការយកពន្ធមូលធននេះ វាជាការបំពេញបន្ថែម លើការយកពន្ធរកស៊ី ឬ វិនិយោគ ដែលរដ្ឋាភិបាលបានអនុគ្រោះ ក្នុងអត្រាកម្រិតពន្ធទាបកន្លងមក។ បើតាមបណ្ឌិតសេដ្ឋកិច្ចរូបនេះ ការអនុវត្តពន្ធមូលធន ក៏ជាយុទ្ធស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ផងដែរ។ «កាលណាគេនិយាយទ្រឹស្តីសេដ្ឋកិច្ច ការដំឡើងពន្ធរបស់រដ្ឋាភិបាល មានន័យថា ទាក់ទងនឹងថវិការដ្ឋ ដែលត្រូវការដើម្បីបង្កើនចំណាយ វាជាយុទ្ធសាស្ត្រមួយនៃគោលនយោបាយសារពើពន្ធ ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ក្រោយពេលកូវីដ-១៩ ។ អ៊ីចឹងខ្ញុំជឿថា វាជាយុទ្ធសាស្ត្រនៃការស្ដារសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះឡើងវិញ សម្រាប់ក្រោយកូវីដ-១៩ នៅក្រោយឆ្នាំ២០២១នេះ។អ៊ីចឹងហើយការប្រមូលពន្ធបន្ថែមនេះ វាជាឧបករណ៍មួយជួយជំរុញកំណើនសេដ្ឋកិច្ចដើរ»។នេះជាការបញ្ជាក់របស់អ្នកជំនាញសេដ្ឋកិច្ច។
ដ្បិតអ្នកសេដ្ឋកិច្ច អះអាងថា ការយកពន្ធមូលធន មិនប៉ះពាល់ដល់អ្នករកស៊ីក្នុងស្រុកក្តី ប៉ុន្តែអ្នកអចលនទ្រព្យកំពុងបារម្ភពីការយកពន្ធនេះ។ ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បាននិយាយថា បើរដ្ឋនឹងអនុវត្តយកពន្ធមូលធននេះមែន នោះអ្នករកស៊ីវិស័យអចលនទ្រព្យ នឹងរងផលប៉ះពាល់។ លោក អះអាងថា ការយកពន្ធនេះ វាគឺជាការបន្ថែមបន្ទុកដល់អ្នករកស៊ីវិស័យអចលនទ្រព្យទៅវិញទេ ខណៈដែលពួកគេកំពុងប្រឈមមុខធ្លាក់ចុះចំណូល ដោយសារបញ្ហាកូវីដ-១៩។
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានលើកឡើងដូច្នេះថា៖«ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ រាល់ថ្ងៃដំណើរការដោយសារអ្នកទិញនៅក្នុងស្រុកទេ ពាក់ព័ន្ធនឹងបរទេសសឹងតែមិនសូវមាន(អ្នកទិញ)ហើយ។ អ៊ីចឹងបញ្ហាការអនុវត្តពន្ធសម្រាប់មូលធននេះ ខ្ញុំគិតថា វាជាពេលវេលាដែលលំបាកសម្រាប់អ្នកវិនិយោគិននៅក្នុងប្រទេសរបស់យើង ដើម្បីទ្រទ្រង់នូវវិស័យអចលនទ្រព្យនេះ។ ហើយប្រសិនជាពន្ធនេះ ត្រូវបានអនុវត្តពិតប្រាកដមែន ខ្ញុំមើលឃើញថាវា គឺជាអម្រែកយ៉ាងធ្ងន់សម្រាប់អ្នកវិនិយោគិនទៅលើវិស័យអចលនទ្រព្យ ហើយរដ្ឋាភិបាលក៏ជួបប្រឈមនូវបញ្ហាមួយចំនួនដែរ។ ប្រសិនជាពន្ធនេះចេញឡើង ដូច្នេះខ្ញុំគិតថា ការទិញដូរ(អចលនទ្រព្យ)មួយចំនួននឹងធ្លាក់ចុះ»។
សម្រាប់លោក ច្រឹក សុខនីម ឆ្នាំ២០២១ខាងមុខនេះ មិនមែនជាពេលវេលាត្រូវកំណត់យកពន្ធមូលធន ឬពន្ធផ្សេងៗលើអ្នករកស៊ី ឬពលរដ្ឋនោះទេ ។ លោកថា រដ្ឋាភិបាលគួរតែជួយដល់វិស័យវិនិយោគនៅកម្ពុជា ជាពិសេសវិស័យអចលនទ្រព្យ ដែលត្រូវការទុនវិនិយោគបន្ថែម ក្រោយវិបត្តិកូវីដ-១៩ផុតរលត់។
ផ្ទុយពីការលើកឡើងរបស់អ្នកជំនាញអចលនទ្រព្យនេះ លោក គី សេរីវឌ្ឍន៍ អះអាងថា វិស័យអចលនទ្រព្យ គឺមិនងាយដួលឡើយ។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ យល់ឃើញបែបវិជ្ជមានវិញថា ការអនុវត្តពន្ធមូលធន គឺជាការទប់ស្កាត់មិនឱ្យវិស័យអចលនទ្រព្យប៉ោងផ្ទុះទៅវិញទេ។ ត្រង់ចំណុចនេះលោក សេរីវឌ្ឍន៍ ពន្យល់ថា នៅពេលការអនុវត្តពន្ធមូលធនចូលជាធរមាន វាធ្វើឱ្យពលរដ្ឋឈប់នាំគ្នាសម្រុកទិញ និងលក់ដីដូចមុន ព្រោះតម្លៃអចលនទ្រព្យឡើងខ្ពស់ដោយសារកម្រិតពន្ធ ហើយករណីចាក់ដីលុបបឹង ដើម្បីលក់ដីនោះ ក៏លែងសូវមានទៀតដែរ។ ជាពិសេសវានឹងជំរុញឱ្យការប្រើប្រាស់ដីធ្លី មានគោលដៅច្បាស់លាស់ និងបង្កើនកំណើនផលិតកម្មទៀតផង៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន