នាពេលថ្មីៗនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យបណ្ដាក្រសួងរបស់កម្ពុជា ត្រូវកែលម្អបន្ថែមទៀតដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុននិងប្រទេសដទៃទៀតនាពេលអនាគត។
នាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ប្រទេសកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតនៅមិនទាន់ទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្របខ័ណ្ឌពាណិជ្ជកម្មក្នុងតំបន់របស់ខ្លួននៅឡើយទេ។
លោកបន្ថែមថា៖ «ខ្ញុំបានធ្វើការស្នើទៅកាន់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេសជប៉ុននាពេលថ្មីៗនេះថាប្រទេសទាំងពីរគួរតែជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។
ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវឱ្យមានដំណើរការចរចាយ៉ាងឆាប់រហ័សក្នុងបរិបទនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (អាសិប) បើទោះបីជាគ្មានវត្តមាននៃប្រទេសឥណ្ឌាក៏ដោយ ខណៈដែលទីផ្សារ RCEP មានទំហំធំរួចទៅហើយដែលរួមបញ្ចូលទាំងប្រទេសកូរ៉េខាងត្បូង នូវែលហ្សេឡង់ និងប្រទេសដទៃទៀត។
លោកបន្ថែមថា៖ «យើងត្រូវតែធ្វើការអនុវត្តសកម្មភាពនានាដើម្បីទាញយកផលប្រយោជន៍ពីទីផ្សារដ៏ធំបែបនេះ។ ខ្ញុំក៏កំពុងតែស្នើឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មពន្លឿនដំណើរការនេះ ដើម្បីអាចឲ្យអាចនាំចេញផលិតផលកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារក្រៅប្រទេស»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានស្នើឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករវាងរដ្ឋសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូពាណិជ្ជកម្មសេរីរបស់អាស៊ានចំនួន ៥ ដែលមានដូចជាប្រទេសអូស្រ្តាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានមានប្រសាសន៍ថាការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគីឬតំបន់គឺធ្វើឡើងដើម្បីធ្វើពិពិធកម្មទីផ្សារ ខណៈដែលកិច្ចការនេះជាភារកិច្ចអាទិភាពរបស់ក្រសួង។
លោកបន្ថែមថា៖ «ដើម្បីទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះអ្នកពាក់ព័ន្ធនានាត្រូវតែខិតខំប្រឹងប្រែងដើម្បីធានាថាកម្ពុជាមានបរិយាកាសធុរកិច្ចល្អក្នុងការទាក់ទាញវិនិយោគិនបរទេស ហើយកម្ពុជាត្រូវតែមានផលិតផលចម្រុះគ្រប់ប្រភេទសម្រាប់ការនាំចេញ»។
កិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងចិនត្រូវបានបញ្ចប់ដែលនឹងត្រូវចុះហត្ថលេខានាពេលឆាប់ៗខាងមុខនេះ ហើយត្រូវបានរំពឹងថានឹងត្រូវបានអនុវត្តនៅដើមឆ្នាំក្រោយខណៈដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើផ្នែកបច្ចេកទេសនិងក្របខ័ណ្ឌច្បាប់រួចរាល់ហើយ។
ជាមួយគ្នានេះផងដែរ ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងក៏បានបញ្ចប់កិច្ចចរចាពាណិជ្ជកម្មលើកទី ២ របស់ពួកគេផងដែរ ខណៈដែលប្រទេសទាំងពីរមានបំណងចង់ធ្វើពិពិធកម្មផលប័ត្រពាណិជ្ជកម្មរបស់ពួកគេ។
ការចរចាសម្រាប់ជុំទី ២មានដំណើរការទៅយ៉ាងរលូនខណៈដែលភាគីពិភាក្សាអំពីបញ្ហាទាក់ទងនឹងការចូលទៅកាន់ទីផ្សារ។ ការចរចានាពេលអនាគតត្រូវបានគ្រោងធ្វើចំនួនពីរដងបន្ថែមទៀតហដើម្បីបញ្ចប់កិច្ចចរចានេះជាស្ថាពរនៅចុងឆ្នាំនេះ។
ប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកដែលជាទីផ្សារធំបំផុតសម្រាប់ការនាំចេញរបស់កម្ពុជាក៏កំពុងផ្តោតលើពាណិជ្ជកម្មទ្វេភាគីផងដែរ។
ក្នុងអំឡុងកម្មវិធីមួយដែលធ្វើឡើងរវាងស្ថានទូតសហរដ្ឋអាមេរិក និងក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ថាផលិតផលរបស់សហរដ្ឋអាមេរិកមានស្តង់ដារខ្ពស់សម្រាប់ផលិតផលអន្ដរជាតិដែលរួមមានយីហោល្បីៗដូចជា Ford និង Jack Daniels ដែលមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។
លោកបន្ថែមឲ្យដឹងផងដែរថាសហរដ្ឋអាមេរិកកំពុងជួយដល់ការនាំចេញរបស់កម្ពុជាតាមរយៈប្រព័ន្ធអនុគ្រោះពន្ធទូទៅផ្នែកពាណិជ្ជកម្ម GSP របស់ខ្លួនដែលរួមមានទំនិញធ្វើដំណើរ និងអង្ករ៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន