នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ២០២០ (GMIS 2020) តាមប្រព័ន្ធអនឡាញ។ នៅទីនេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការគាំទ្រចំពោះប្រធានបទស្តីពី “ការស្តារឡើងវិញនូវវិបុលភាព ក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត” នៃកិច្ចប្រជុំនេះ ហើយបានចែករំលែកបទពិសោធន៍និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅធ្វើអន្តរាគមន៍ និងគ្រប់គ្រងផលប៉ះពាល់លើសង្គម - សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ក្នុងសន្ទរកថាគន្លឹះថ្លែងក្នុងកិច្ចប្រជុំកំពូលកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ឆ្នាំ ២០២០ (GMIS 2020) ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេលជាងប្រាំបួនខែមកហើយ ដែលពិភពលោកបាន និង កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្កជាវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើសង្គម និង សេដ្ឋកិច្ច ។ មកដល់បច្ចុប្បន្ន ទោះបីការខិតខំអភិវឌ្ឍន៍វ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម គ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺកូវីដ-១៩នេះ នឹងបញ្ចប់នោះឡើយ ហើយក៏គ្មាននណារអាចទស្សន៍ទាយអំពីផលប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ ។
សម្តេចតេជោបានបន្តថា សកម្មភាពសេដ្ឋកិច្ច និង សង្គមស្ទើរគ្រប់វិស័យ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស តាមរយៈវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដែលត្រូវបានដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសនីមួយៗ ដូចជា ការបិទប្រទេស និង ការរឹតត្បិតដល់ការធ្វើដំណើរ ជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តទៀតថា ក្នុងបរិការណ៍នេះ ជីវិតសង្គមជាសកល ត្រូវបានគេប្រមើលឃើញថា អាចនឹងមានការប្រែប្រួលជារចនាសម្ព័ន្ធ ឬ ឈានដល់ប្រក្រតីភាពថ្មី (New Normal) មួយ ដែលរួមមាន (១) ការប្រែប្រួលនិម្មាបនកម្មសេដ្ឋកិច្ចសកល ដូចជា ការធ្លាក់ចុះនៃច្រវាក់តម្លៃសកល និង ច្រវាក់ផលិតកម្មសកល។ (២) ការថមថយរំហូរមូលធនសកល ដោយសារការធ្លាក់ចុះនៃតម្រូវការវិនិយោគ និង ការធ្លាក់ចុះរំហូរមនុស្ស។ (៣) ការធ្លាក់ចុះផលិតភាពសកល និង (៤) ការកើនឡើងនៃវិសមភាពសង្គម។ ទន្ទឹមនេះ ជំងឺកូវីដ-១៩ ក៏បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍ និង ការអនុវត្តគោលនយោបាយឧស្សាហកម្ម និង សេដ្ឋកិច្ចឌីជីថល ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី ៤ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេស ប្រទេសអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោគូសបញ្ជាក់ថា យ៉ាងណាមិញ សេដ្ឋកិច្ចសកល ត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងសន្សឹមៗ ដោយសារ (១) ការរំពឹងទុកសុទិដ្ឋិនិយមនៃការរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ ឬ ថ្នាំព្យាបាល និង លទ្ធភាពរបស់ប្រទេសនីមួយៗ ក្នុងការសម្របខ្លួនទៅនឹងជំងឺនេះ និង (២) រដ្ឋាភិបាលជាច្រើនបាន និង កំពុងគិតគូរចាប់ផ្តើមដកចេញ ឬ បន្ធូរបន្ថយវិធានការរដ្ឋបាល ជាដំណាក់ៗ ហើយអនុញ្ញាតឱ្យសេដ្ឋកិច្ចដំណើរការឡើងវិញជាបណ្តើរៗ ក្នុងគោលបំណងជួយសង្រ្គោះធុរកិច្ច និងប្រជាជន ។
ជាក់ស្តែង តំបន់អាស៊ី ជាពិសេសអាស៊ីអគ្នេយ៍ និង អាស៊ីបូព៌ា ដែលបានទទួលរងផលប៉ះទង្គិចមុនគេដោយសារជំងឺកូវីដ-១៩ គ្រប់គ្រងស្ថានការណ៍បានក្នុងកម្រិតល្អ ដែលត្រូវបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការធ្លាក់ចុះនៃករណីឆ្លងជារួម ការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងផលិតកម្ម ការប្រើប្រាស់ និង ពាណិជ្ជកម្មអន្តរជាតិ និង ការគិតគូរលើគំនិតផ្តួចផ្តើម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និង ការពង្រឹងច្រវាក់ផលិតកម្មក្នុងតំបន់។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ដើម្បីស្តារឡើងវិញនូវវិបុលភាព យើងទាំងអស់គ្នាត្រូវឆ្លើយតបជាបន្ទាន់ និង ប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈម និង ការភ័យខ្លាច ដែលកំពុងបំបែកបំបាក់បណ្តាប្រទេសនានា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និង សកម្មភាពជាក់ស្តែង សំដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និង សាមគ្គីភាព រួមទាំងកិច្ចសហការគ្នា ដោយស្មើភាព និង ការគោរពគ្នាទៅវិញទៅមក, សម្រាប់វិបុលភាពរួមនៃតំបន់ និង សកលលោកយើង។ ក្នុងន័យនេះ ប្រទេសនីមួយៗត្រូវតែបំពេញតួនាទីរបស់ខ្លួន ឱ្យកាន់តែសកម្ម និងអន្តរសកម្ម ក្នុងកិច្ចការអភិបាលកិច្ចសកល ប្រកបដោយភាពទន់ភ្លន់ ក្នុងលក្ខណៈស្ថាបនា និង មានការទទួលខុសត្រូវ ជាពិសេស រួមចំណែកកសាងសណ្ដាប់ធ្នាប់ពិភពលោកល្អ ក្នុងគោលដៅថែរក្សាឱ្យបាន នូវសន្តិភាព និង សន្តិសុខ ដែលជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុត ចំពោះពាណិជ្ជកម្ម និង ចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និង វិបុលភាពដ៏រុងរឿងយូរអង្វែងរបស់ពិភពលោកយើងទាំង-មូល ។
ក្នុងបរិការណ៍នេះ,យើងត្រូវតែធានាឲ្យបានថា យន្តការកិច្ចសហប្រតិបត្តិការរបស់យើង នៅតែរក្សាបាននូវស្មារតីបើកចំហ និង ការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេស ការពន្លឿនការតភ្ជាប់រវាងសង្គម និង សេដ្ឋកិច្ចរបស់យើង សម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ប្រកបដោយចីរភាព និង បរិយាប័ន្ន៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន