នាពេលថ្មីៗនេះ ក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្តកំពង់ចាមបាន ជំរុញឲ្យកសិករដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ដោយសារបន្លែសុវត្ថិភាពកាន់តែក្លាយជាជម្រើសកំពូលរបស់មនុស្សជាច្រើន ទីផ្សារប្រើប្រាស់ខ្ពស់។
ដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ដើម្បីបំពេញតំរូវការទីផ្សារក្នុងស្រុកនិងបរទេស
បន្លែសុវត្ថិភាពមានប្រភពវីតាមីននិងជាតិរ៉ែជាច្រើនដែលចាំបាច់សម្រាប់រាងកាយក្នុងការថែរក្សានិងលូតលាស់ឱ្យមានសុខភាពល្អ។ សារធាតុចិញ្ចឹមនៅក្នុងបន្លែសុវត្ថិភាពមានប្រសិទ្ធិភាពបង្កើនប្រព័ន្ធភាពស៊ាំ ការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង សម្ពាធឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹថាបច្ចុប្បន្នមានកសិករតិចតួចប៉ុណ្ណោះ ដែលងាកមកដាំបន្លែសុវត្ថិភាព ដូចជាដាំក្នុងផ្ទះសំណាញ់នេះ ខណៈកសិករមួយចំនួនទៀត នៅរារែកចិត្តនៅឡើយ ដោយសារត្រូវការដើមទុន។
ដើម្បីជំរុញការដាំដុះបន្លែសុវត្ថិភាពនេះ ក្រសួងកសិកម្ម មានគម្រោងផ្ដល់ឲ្យកសិករ នូវសម្ភារមួយចំនួន ចុះបង្រៀនពីរបៀបសាងសង់ របៀបដាំ ការប្រើប្រាស់ជី ដើម្បីជាគំរូដល់កសិករផ្សេងទៀត ក៏ដូចជាណែនាំឲ្យប្រជាកសិករ បង្កើនកាដាំដំណាំក្នុងផ្ទះសំណាញ់។ លោក ស៊ឹម ថាវីរៈ បញ្ជាក់ដូច្នេះ រួមបន្តថា៖ “ការដាំបន្លែក្នុងផ្ទះសំណាញ់ មានលក្ខណៈខុសប្លែកពីការដាំបន្លែធម្មតា ដោយសារតែការដាំបន្លែធម្មតាមានការថែទាំច្រើនជាង ចំណាយកម្លាំងច្រើន ចំណាយពេលវេលាច្រើនក្នុងការថែទាំ និងងាយមានការរំខានពីសត្វចង្រៃ និងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគផង”៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន