លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានកោតសរសើរចំពោះការដាក់ចេញវិធានការទាំងឡាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានចាត់ទុកវិធានការរបស់សម្តេចតេជោ អាចធ្វើជាគំរូមួយសម្រាប់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា
លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានសរសើរសរសើរសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសន្ទនាតាមរយៈទូរស័ព្ទនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបតាមទូរស័ព្ទនេះសម្តេចតេជោ ហ៊ុន សែន និងលោក ម៉ឌី បានពិភាក្សាផ្តោតជាសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ម៉ឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាពលរដ្ឋឥណ្ឌាដោយសារជំងឺកូវីដ១៩នេះផងដែរ។
ជំងឺកូវីដ១៩ ជាជំងឺឆ្លងដែលបានរីករាលដាលយ៉ាងស្រួចស្រាវនៅលើពិភពលោក។ មកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សជាង ៧លាននាក់ បានឆ្លង ហើយមនុស្សជិត ៤២ម៉ឺននាក់ បានស្លាប់ដោយសារជំងឺនេះ។ សម្រាប់កម្ពុជាវិញ រកឃើញអ្នកឆ្លងចំនួន ១២៦នាក់។ ក្នុងនោះ ១២៥នាក់ បានព្យាបាលជាសះស្បើយ ហើយនៅសល់តែ១នាក់ប៉ុណ្ណោះ កំពុងព្យាបាល និងគ្មានអ្នកស្លាប់នោះឡើយ។ តាមទិន្នន័យនេះ នាំឱ្យគេវាយតម្លៃថា ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ទើបនាំឱ្យការចម្លងមិនមានសភាពខ្លាំងក្លាដូចប្រទេសដទៃ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ទុកជាអគ្គមេបញ្ជាកំពូលក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺកូវីដ១៩។ ចាប់តាំងពីពេលដែលជំងឺកូវីដ១៩ បានកើតឡើងករណីដំបូងនៅកម្ពុជាកាលពីខែមករា សម្តេចតេជោ ហ៊ុន សែន បានតាមដានយកចិត្តទុកដាក់ខ្ពស់ ជាមួយការដាក់ចេញនូវវិធានការ និងចំណាត់ការនានា ប្រកបដោយភាពប្រាកដនិយម ច្បាស់លាស់ និងម៉ត់ចត់ជាទីបំផុត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា
វិធានការ និងចំណាត់ការ ដែលជាការឆ្លើយតបទាន់ពេលវេលា និងច្បាស់លាស់ក្នុងការទប់ស្កាត់ការនាំជំងឺពីខាងក្រៅ ទប់ស្កាត់ការរីករាលដាល និងការប្រឹងប្រែងព្យាបាលអ្នកជំងឺរបស់សម្តេចតេជោ ហ៊ុន សែន អមដោយការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់របស់កងទ័ពអាវស និងមន្ត្រីពាក់ព័ន្ធ ទើបធ្វើឱ្យការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ មានស្ថានភាពល្អប្រសើរបែបនេះ។ លទ្ធផលដ៏ល្អប្រសើរលើការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នេះធ្វើឱ្យកម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវការគោរពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមនាយករដ្ឋមន្ត្រី ម៉ូឌី និងរដ្ឋាភិបាលឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតពលរដ្ឋឥណ្ឌាជាច្រើនដោយសារជំងឺនេះ។ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដមនាយករដ្ឋមន្ត្រីឥណ្ឌា បានអរគុណ គ្នាទៅវិញទៅមក ចំពោះការយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅ ស្រុកវិញនៃពលរដ្ឋរៀងខ្លួនដែលជាប់នៅប្រទេសមួយទៀត។ ជាមួយគ្នានេះ យន្តហោះមួយគ្រឿង នឹងដឹកពលរដ្ឋ និងនិស្សិតកម្ពុជាចំនួន៦០នាក់ពីឥណ្ឌាមកកម្ពុជាវិញ នៅថ្ងៃទី១២ ខែមិថុនានេះ ហើយពលរដ្ឋឥណ្ឌា នឹងបានត្រឡប់ទៅស្រុកវិញតាមជើងយន្តហោះ នៅព្រឹកថ្ងៃទី១១ ខែមិថុនានេះ និងមួយជើងទៀត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួនសរុប ២៨០នាក់។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរ បានប្ដេជ្ញាបន្តពង្រឹងសហប្រតិបត្តិការតំបន់ ក្នុងនោះរួមមានក្របខ័ណ្ឌ អាស៊ាន-ឥណ្ឌា និងមេគង្គ-គង្គា។
ពាក់ព័ន្ធនឹងសហប្រតិបត្តិការផ្នែកវប្បធម៌ និងបុរាណវិទ្យា ឯកឧត្ដមនាយករដ្ឋមន្ត្រី ម៉ូឌី បានសម្ដែងការពេញចិត្តចំពោះការទុកចិត្តឱ្យឥណ្ឌា ធ្វើជាសហប្រធាននៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីស្ដារ និងអភិវឌ្ឍន៍ប្រាសាទព្រះវិហាររបស់កម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវក្ដីសង្ឃឹម និងជូនពរប្រទេសទាំងពីរឆ្លងកាត់ដោយជោគជ័យវិបត្តិដ៏ធ្ងន់ធ្ងរនេះ ឈរលើស្មារតីជួយគ្នាទៅវិញទៅមក៕
(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: FreshNews និង information.gov.kh)


មតិពីមិត្តអ្នកអាន