យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញម្ទេសស្រស់ជាង ៣ ម៉ឺនតោនក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះទៅកាន់ប្រទេសថៃ។
ការនាំចេញម្ទេសស្រស់មានការកើនឡើង ខណៈដែលពោតមានការថយចុះវិញ
របាយការណ៍បានបន្តឲ្យដឹងថាទីផ្សារនៃការនាំចេញម្ទេសស្រស់មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ម្ទេសមានតម្លៃ ៦៤០០ រៀល (១.៥៥ ដុល្លារ) ក្នុងមួយគីឡូក្រាមនៅភ្នំពេញគិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន។
ប្រទេសកម្ពុជាបាននាំចេញម្ទេសស្រស់ដែលមានចំនួនប្រមាណជា ១០០២ តោនទៅកាន់ប្រទេសថៃក្នុងឆ្នាំ ២០១៥ ហើយតួលេខនេះបានកើនឡើងដល់ចំនួន ៥៥៥១៣ តោនកាលពីឆ្នាំមុន។ ទោះយ៉ាងណា ការនាំចេញនៃដំណាំពោតវិញមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅលើទីផ្សារអន្តរជាតិ ដែលមានការថយចុះពី ២០៤១៨៤ តោន ក្នុងឆ្នាំ ២០១៨ ដល់ ១១៩៩៩៣ តោនកាលពីឆ្នាំមុន។ ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ ប្រទេសកម្ពុជាបាននាំចេញពោតចំនួន ៣៥៦៣៦ តោន ជាការធ្លាក់ចុះចំនួន ២៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីសប្តាហ៍មុន ពោតមានតម្លៃជាមធ្យម ២៦០០ រៀល (ប្រហែល ០,៦៣ ដុល្លារ) ក្នុងមួយគីឡូក្រាម។
ក្រសួងបានបន្ថែមទៀតថាការថយចុះនៃការនាំចេញពោតមិនមែនជាបញ្ហាសម្រាប់កសិករនោះទេ ខណៈដែលវាមានតម្រូវការខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក។ ក្រសួងបានបន្តឲ្យដឹងទៀតថា៖ «ការនាំចេញនៃដំណាំពោតមានការធ្លាក់ចុះកាលពីឆ្នាំមុន ខណៈដែលចំនួនពោតដែលនៅសល់ក្នុងស្តុកត្រូវបានទិញដើម្បីយកទៅកែច្នៃដើម្បីផលិតជាចំណីសត្វក្នុងវិស័យកសិកម្ម។ សកម្មភាពនេះគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានគោលបំណងជំរុញផលិតកម្មកសិកម្មនិងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក ស្របពេលដែលប្រទេសកម្ពុជាមានវិធានការណ៍ក្នុងការយកពន្ធលើការនាំចូលពោតពីទីផ្សារបរទេស។»
យោងតាមការឲ្យដឹងពីសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) ប្រទេសកម្ពុជាបានចំណាយថវិកាប្រមាណជា ៤០០ លានដុល្លារដើម្បីទិញជ្រូករស់ពីបរទេសជារៀងរាល់ឆ្នាំ ខណៈដែលសមាគមនេះបានបន្ថែមឲ្យដឹងថាថវិកានេះគួរតែត្រូវបានប្រើប្រាស់ដើម្បីទិញពោត សណ្តែក និងផលិតផលកសិកម្មផ្សេងទៀតក្នុងស្រុក ព្រោះវានឹងជួយបានច្រើនដល់កសិករក្នុងតំបន់ ។ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) បានថ្លែងថា៖ «យើងអាចចិញ្ចឹមជ្រូកដើម្បីទ្រទ្រង់ទីផ្សារក្នុងស្រុកបាន ដោយមិនចាំបាច់មានការនាំចូល ខណៈដែលការចំណាយលើការនាំចូលសាច់និងបន្លែពីក្រៅប្រទេសមានទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ»។
ជាមួយគ្នានេះផងដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាវិស័យនេះទទួលបានផ្លែផ្កាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយបើកចំហសម្រាប់វិស័យឯកជនក្នុងការវិនិយោគលើវិស័យកសិកម្មតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច ស្របពេលដែលប្រទេសកម្ពុជាកំពុងតែមានការនាំចេញផ្លែឈើជាបន្តបន្ទាប់ទៅកាន់ប្រទេសមួយចំនួន ជាពិសេសប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
(ប្រភពព័ត៌មាន: Khmertimes)

មតិពីមិត្តអ្នកអាន