សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បានសម្រេចតែតាំងលោក ហ៊ុន ម៉ាណែត ពីអនុប្រធាន ជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល។
សម្ដេច ហ៊ុន សែន (ឆ្វេង) និងកូនប្រុស គឺឯកឧត្តម ហ៊ុន ម៉ាណែត (កណ្ដាល) ក្នុងជំនួបជាមួយនឹងលោក ស៊ី ជីនពីង (ស្ដាំ) នៅទីក្រុងប៉េកាំងប្រទេសចិន (រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត)
លោក ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគណបក្សប្រជាជនកម្ពុជា (ស៊ីភីភី) ដំឡើងឋានៈជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលកាលពីមុន លោក ម៉ាណែត គឺជាអនុប្រធាន។
ការតែងតាំងដំឡើងឋានៈបុត្រាច្បងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងតាមរយៈសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិយោធាជាឧត្ដមសេនីយ៍ឯក ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ផងដែរ។ លោក ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនចុះផ្សាយថា អាចជាមនុស្សម្នាក់ដែលនឹងស្នងតំណែងនាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺសម្ដេចតេជោ ហ៊ុន សែន៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន