នៅថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពី វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ
រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពី វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី កិច្ចអន្តរាគមន៍ជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ១៩ បានបញ្ជាក់ ពីការបងើ្កនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និង ជំរុញកំណើនក្រោយវិបត្តិនៃជំងឺកូវីដ-១៩មានដូចជា៖
១៖ វិធានការបងើ្កន និង សម្រួលរំហូរសាច់ប្រាក់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីពិនិត្យលទ្ធភាពបន្ធូរបន្ថយ និង កែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីបង្កើន និង សម្រួលរំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធធនាគារថែមទៀត។
២៖ ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុក លើការប្រាក់សម្រាប់អ្នកផ្តល់កម្ចីក្នុងស្រុក និង ក្រៅស្រុក (Withholding Tax)
* សម្រាប់កម្ចីថ្មី៖
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ៥% (ទាំងការខ្ចីពីប្រទេសដែលមានកិច្ចព្រមព្រៀង ស្តីពីការ លុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ (DTA) និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និងខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២១។
- កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២២ ។
* សម្រាប់កម្ចីចាស់៖
- ទម្លាក់អត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, មកនៅត្រឹម ១០% (ទាំងការខ្ចីពីប្រទេសដែលមាន DTA និង ការខ្ចីពីប្រទេសដែលមិនមាន DTA) សម្រាប់ឆ្នាំ ២០២០។
- កែតម្រូវអត្រាពន្ធកាត់ទុក លើកម្ចីរបស់ធនាគារ និង ស្ថាប័នមីក្រូហិរញ្ញវត្ថុ, ទាំងពីប្រភពខាងក្រៅ និង ខាងក្នុងស្រុក, ឲ្យឡើងដល់កម្រិតធម្មតា ស្របតាមច្បាប់ និង បទប្បញ្ញត្តិជាធរមានវិញ នៅឆ្នាំ ២០២១ ។
៣៖ ប្រភពហិរញ្ញប្បទានសម្រាប់ទុនបង្វិល (Working Capital)
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងរៀបចំបង្កើត «មូលនិធិធានាឥណទាន» (Credit Guaran-tee Fund) ជាមួយថវិកា ២០០ លានដុល្លារអាមេរិក ។ មូលនិធិនេះ អាចធានាឥណទានកម្ចី តាមរយៈធនាគារ និង មីក្រូហិរញ្ញវត្ថុ ដោយប្រើគោលការណ៍ទីផ្សារ ដើម្បីជួយសម្រាលសម្ពាធ រំហូរសាច់ប្រាក់ និង ទុនបង្វិលរបស់អាជីវកម្ម-ធុរកិច្ចក្នុងគ្រប់វិស័យ បានយ៉ាងតិចចំនួន ២០០០លានដុលា្លរអាមេរិក ។
៤៖ ការត្រៀមឧបករណ៍ផ្តល់ហិរញ្ញប្បទាន (Financing Facility) បន្ថែម
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងត្រៀមថវិកាសម្រាប់ហិរញ្ញប្បទានបន្ថែមចំនួន ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រ និង ដើរតួជាកាតាលីករជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិ។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបងើ្កនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចពង្រីកវិសាលភាពគ្របដណ្តប់ និងទំហំថវិកាសម្រាប់ «កម្មវិធីសាច់ប្រាក់ពលកម្ម» (Cash for Work) នៅក្នុងឆ្នាំ២០២០ ឲ្យឡើងដល់ ១០០លានដុល្លារអាមេរិក។
ការពង្រីកវិសាលភាពបែបនេះ ដើម្បីស្រូបយកកម្លាំងពលកម្ម ដែលបាត់បង់ការងារពីរោងចក្រ សហគ្រាស និងដែលបានវិលត្រលប់ពីបរទេសមកស្រុកកំណើតវិញផង ព្រមទាំងដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាទូទៅផង និងដើម្បីបង្កើតនូវសមិទ្ធផលសង្គមសេដ្ឋកិច្ច តាមរយៈការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតូចៗ នៅតាមមូលដ្ឋាន សំដៅលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចផងដែរ។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបេ្តជ្ញា បន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយ ដែលមានស្រាប់មិនឲ្យខកខាន ដោយនឹងរៀបចំដាក់ឲ្យអនុវត្ត នៅក្នុងខែមិថុនា ឆ្នាំ២០២០នេះ នូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម៥ឆ្នាំ, ជនពិការ, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារប្រជាពលរដ្ឋក្រីក្រទាំងនោះផងដែរ។
សូមជម្រាបថា ក្នុងគោលដៅធានាលំនឹងនៃសេដ្ឋកិច្ច និងសង្គម ពិសេសរក្សាលំនឹងអាជីវកម្មរបស់ក្រុមហ៊ុន, រោង-ចក្រ និង សហគ្រាស ឲ្យអាចបន្តអាជីវកម្ម ឆ្លងផុតពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ, រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការជុំទី ៤ ដើម្បីកាត់បន្ថយផលប៉ះពាល់នានា ដែលអាជីវកម្ម-ធុរកិច្ចក្នុងវិស័យសំខាន់ៗកំពុងជួបប្រឈម។
កញ្ចប់នៃវិធានការនេះ រួមបញ្ចូលនូវសមាសភាគធំៗពីរ គឺ៖ (១)-ការបន្តសុពលភាពនៃវិធានការមួយចំនួនដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក; និង (២)-ការដាក់ចេញនូវវិធានការថ្មីបន្ថែម ។
ជាមួយគ្នានេះ, វិធានការជុំទី ៤ នេះ ក៏បានគិតគូរដល់ការបង្កើននូវការចូលរួមចំណែកបន្ធូរបន្ទុក នៃការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ តាមរយៈកម្មវិធីជំនួយសង្គម (Social Assistance) ផងដែរ ។
ជាងនេះទៅទៀត, ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ អាចនឹងវិវត្តទៅដល់ដំណាក់កាលមួយដែលកាន់ តែធូរស្បើយ ហើយសេដ្ឋកិច្ចអាចដំណើរការបានប្រក្រតីឡើងវិញនាពេលឆាប់ៗខាងមុខ, វិធានការជុំទី ៤ នេះ ក៏ផ្តោតផងដែរ លើការជួយស្ដារ និង ជំរុញលទ្ធភាពអាជីវកម្ម និង ធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺនេះ៕
(សរុបដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន