ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ — ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង១០ នៅក្រោមគណៈកម្មការនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការទាំងមូល ក្នុងការងាររៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលបានសម្រេចលទ្ធផលបានផ្លែផ្កាជាបណ្ដើរៗ ដូចជាច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមបាន ណែនាំឱ្យអនុគណៈកម្មការទទួលបន្ទុកច្បាប់ទាំងពីរ ត្រូវជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យ ឬប្រកាសនានា ដើម្បីអនុវត្តន៍ច្បាប់ទាំងនោះឱ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ក៏មានកាតព្វកិច្ចរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធច្បាប់ក្រោមវិស័យពាណិជ្ជកម្មរបស់យើងឱ្យកើនឡើង និងមានភាពទំនើបមួយជំហានទៀត។

សូមបញ្ជាក់ថា គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម មានអនុគណៈកម្មការ ចំនួន១០ ទទួលបន្ទុករៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលរួមមាន៖ ១. បទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ២. បទប្បញ្ញត្តិសម្រាប់អនុវត្តន៍ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ៣. សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ ៤. អនុគណៈកម្មការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារ។ ៥. សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម។ ៦. ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត។ ៧. សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និងច្បាប់ស្ដីពីក្ស័យធន។ ៨. សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម។ ៩. សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និង ១០ សេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម៕
(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន