លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាននិយាយថា អាជ្ញាធរកម្ពុជាពិតបានទទួលព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានលក់ភាគហ៊ុនខ្លួនក្នុងក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា Cambodia Angkor Air ទៅឲ្យអ្នកវិនិយោគថ្មី
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines ដែលកាន់កាប់ភាគហ៊ុនចំនួន ៤៩ ភាគរយ នៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ពិតជាបានលក់ភាគហ៊ុនរបស់ខ្លួនទៅឲ្យអ្នកវិនិយោគិនថ្មី។ លោក ចាន់សិរីវុត្ថា បានឲ្យដឹងថា៖ “រាជរដ្ឋាភិបាលមានវិធីសាស្ដ្រផ្សេងៗ ដើម្បីឲ្យក្រុមហ៊ុន Cambodia Angkor Air រស់បាន និងមានកំណើនច្រើនជាងក្រុមហ៊ុនផ្សេងៗ ប៉ុន្ដែចំពោះយុទ្ធសាស្ដ្រនេះជាអ្វី គឺមិនអាចជម្រាបបាននោះឡើយ”។ លោកបន្ដថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air គឺរដ្ឋមិនមានគោលដៅណាមួយ ទាញយកមកកាន់កាប់១០០% ដោយខ្លួនឯងនោះទេ ព្រោះជាក្រុមហ៊ុនរបស់រដ្ឋចម្រុះជាមួយឯកជន។
លោកបានបន្ថែមថា ក្រុមហ៊ុន Cambodia Angkor Air មានភាគហ៊ុន៣ចំណែករួមមាន៖ ភាគហ៊ុនរដ្ឋ, ភាគហ៊ុនឯកជន និងភាគហ៊ុន Vietnam Airlines ប៉ុន្ដែថ្មីៗនេះក្រុមហ៊ុន Cambodia Angkor Air ខាងឯកជន និងវៀតណាម បានលក់ភាគហ៊ុនឲ្យអ្នកវិនិយោគថ្មី ប៉ុន្ដែទាក់ទងនឹងការលក់ភាគហ៊ុននេះ លោកក៏មិនមានព័ត៌មានលម្អិតនោះឡើយ។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០០៩ ជំនួសក្រុមហ៊ុនអាកាសចរណ៍ជាតិ រ៉ូយ៉ាល់អ៊ែរកាំបូដ (Royal Air Cambodge) ដែលបានក្ស័យធននៅឆ្នាំ២០០១
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបាននិយាយថា អាជ្ញាធរកម្ពុជាពិតបានទទួលព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានលក់ភាគហ៊ុនខ្លួនក្នុងក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា Cambodia Angkor Air ទៅឲ្យអ្នកវិនិយោគថ្មី។ លោកបន្តថា ទោះយ៉ាងណាលោកមិនទាន់មានព័ត៌មានលម្អិតពីកិច្ចសន្យាទិញលក់នេះទេ។ លោកថ្លែងថា៖ «យើងមិនមានព័ត៌មានលម្អិតទេ តែយើងដឹងថា ការលក់ភាគហ៊ុននេះពិតជាមានមែន»។
បើតាមលោក ចាន់សិរីវុត្ថា នៅក្នុងក្រុមហ៊ុន Cambodia Angkor Air មានភាគហ៊ុនចំនួន ៣ គឺចំណែករបស់រដ្ឋ (កម្ពុជា) ឯកជន និងក្រុមហ៊ុន Vietnam Airlines។ ការទិញលក់នៅពេលនេះគឺធ្វើឡើងចំពោះភាគហ៊ុន ឯកជន និងរបស់ក្រុមហ៊ុន Vietnam Airlines តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាលោកប្រាប់ថា ប្រតិបត្តិការទិញលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Cambodia Angkor Air នាពេលនេះនៅមិនទាន់មានការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងទេ។ លោកប្រាប់ថា៖ «រហូតមកដល់ពេលនេះគឺក្រុមហ៊ុននៅរក្សាធនធានមនុស្សនៅដដែលទាំងអស់ដោយផ្លាស់ប្តូរតែម្ចាស់ភាគហ៊ុនប៉ុណ្ណោះ»។
ទាក់ទងនឹងផែនការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍នេះលោក សិរីវុត្ថា បានបញ្ជាក់ថា រដ្ឋគ្មានបំណងទាញយកក្រុមហ៊ុនមកគ្រប់គ្រងដោយផ្ទាល់ទេ ព្រោះវាជាក្រុមហ៊ុនរដ្ឋចម្រុះជាមួយឯកជន។ លោកបានថ្លែងថា៖ «ដូចយើងដឹងហើយថា ប្រទេសកម្ពុជាមានគោលនយោបាយមិនឲ្យមានសិទ្ធិផ្តាច់មុខ ដូច្នេះក្រុមហ៊ុននេះក៏ត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗដែរ»។
ទោះយ៉ាងណាលោកបន្តថា រដ្ឋាភិបាលកម្ពុជាអាចមានវិធីសាស្ត្រផ្សេងៗទៀតក្នុងការជួយធ្វើឲ្យក្រុមហ៊ុននេះអាចបន្តនិរន្តរភាព តែក៏នឹងមិនធ្វើអ្វីខុសពីគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក ចំពោះការធ្វើអន្តរាគមន៍ក្រុមហ៊ុនរបស់រដ្ឋដែរ។
យោងតាមសារព័ត៌មាន Vietnamtimes ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះកិច្ចសន្យាលក់យន្តហោះ A321 ចំនួន ៥ គ្រឿងដែលមានទឹកប្រាក់សរុប $៣៧ លាន រួមជាមួយភាគហ៊ុនចំនួន ៤៩ ភាគរយក្នុងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Cambodia Angkor Air ទៅឲ្យអ្នកវិនិយោគមួយដែលមិនត្រូវបានប្រាប់ឲ្យដឹងពីអត្តសញ្ញាណ។
Cambodia Angkor Air ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាបន្ទាប់ពីការដួលរលំនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ Royal Air Cambodge បាន ៨ ឆ្នាំ។ ក្រុមហ៊ុននេះធ្វើប្រតិបត្តិការលើផ្លូវហោះហើរក្នុង និងក្រៅស្រុកជាង ១០ ជាមួយនឹងការរៀបចំរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Air។ បច្ចុប្បន្ន Cambodia Angkor Air មានយន្តហោះប្រភេទ A321 ចំនួន ៥ គ្រឿង។ នៅក្នុងរបាយការណ៍សវនកម្មរបស់ខ្លួនសម្រាប់ឆ្នាំ ២០១៩ ក្រុមហ៊ុន Vietnam Airlines បានឲ្យដឹងថា លក្ខខណ្ឌប្រតិបត្តិការមានការលំបាក។
លោក ចាន់សិរីវុត្ថា បានលើកឡើងទៀតថា តាមការសិក្សារបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះវិស័យអាកាសចរណ៍ដោយមានសេណារីយោធំៗចំនួន ២ ត្រូវបានលើកឡើង គឺ V Shape អ្នកដំណើរមានការថយចុះ ៤៧ ភាគរយដែលស្មើនឹង ៥០៣ លាននាក់ និងបាត់បង់ចំណូលប្រមាណ ១១២ ពាន់លានដុល្លារ បើជំងឺនេះបន្តរីករាលដាលទៅដល់ខែមិថុនា និង U Shape នឹងមានការធ្លាក់ចុះ ៥៨ ភាគរយស្មើនឹង ៦០៧ លាននាក់ និងមានតម្លៃ ១៣៥ ពាន់លានដុល្លារ បើការរីករាលដាលនេះឈានដល់ខែកក្កដា ឬសីហា៕
(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន