សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅវិមានមិត្តភាព។
ទិដ្ឋភាពនៃកិច្ចប្រជុំ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារជារួម ក្រោយកិច្ចប្រជុំនេះថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ដោយបង្ហាញនូវលទ្ធផលការងារក្នុងឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២០ ក្នុងនោះយើងបានធ្វើតាមសេចក្តីសម្រេចបញ្ជូលសមាសភាពបន្ថែម ដែលអភិបាលរាជធានី-ខេត្តទាំង២៥ជាអនុប្រធាន CAMSOC ដើម្បីបញ្ជ្រាបការគាំទ្រពីដំណើរការនានាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ ឯកឧត្តមអគ្គលេខាធិការបានអះអាងថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ដោយសម្តេចពិជ័យសេនាជាប្រធានបានបង្ហាញចេញនូវសក្តានុពលនៃការរៀបចំឆ្ពោះទៅស៊ីហ្គេម ២០២៣នេះទទួលបាននូវធាតុចូលសំខាន់ៗ និងការសម្រេចមួយចំនួន ដើម្បីបន្តការអនុវត្តការងារ នៅឆ្នាំ២០២០នេះ។
ឯកឧត្ដមបានបន្ដថា ក្នុងនោះយើងបានរំលេចនូវទិដ្ឋភាពសំខាន់ៗ ដូចជាសមិទ្ធផល ដែលយើងខិតខំធ្វើ កាលពីឆ្នាំ២០១៩ ដោយបានជួយជ្រោមជ្រែងដល់ផ្នែកជំនាញ ជួយជានយោបាយក្នុងការដឹកនាំ និងជួយដល់សហព័ន្ធកីឡាជាតិមួយចំនួនលើគោលការណ៍ជំរុញការអភិវឌ្ឍជំនាញ ដូចជាជួយផ្តល់ថវិកាជាតិបន្ថែមរបស់ CAMSOC ក្នុងការចូលរួមការហ្វឹកហាត់ការប្រកួតនានា នៅក្រៅប្រទេស។ ទន្ទឹមនេះ ជាលទ្ធផលដែលទទួលបានដ៏ធំធេង គឺស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ កន្លងទៅនេះ ដោយសសរស្តមទាំងបី គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលរួមគ្នាធ្វើកិច្ចការនេះ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា “ឆ្នាំ២០២០នេះ ជាគោលការណ៍យុទ្ធសាស្ត្រ ក្នុងពេលដែលជំងឺផ្លូវដង្ហើម COVID-19 កំពុងរីករាលដាលនៅលើពិភពលោក និងប៉ះពាល់ដល់ការចេញទៅហ្វឹកហាត់ក្រៅប្រទេស ដោយយើងបានបង្វែរទិសដៅពីការហ្វឹកហាត់ត្រៀមនៅក្រៅប្រទេស ប្តូរមកហ្វឹកហាត់ក្នុងប្រទេសឱ្យបានច្រើន ហើយជំរុញគ្រូបរទេសមកជួយបង្វឹកដល់ក្រុមជម្រើសជាតិនៅក្នុងប្រទេសវិញ”។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ឱ្យគណៈកម្មការជំនាញបន្តនិរន្តរភាពអភិវឌ្ឍន៍ កុំឱ្យពឹងផ្អែកតែទៅលើស្ថានភាពណាមួយ ដែលមិនអាចទៅរួច ហើយប្រើប្រាស់យុទ្ធសាស្ត្រថ្មីៗ។ ឯកឧត្ដមអគ្គលេខាធិការបានបន្ថែមថា នៅក្នុងគម្រោងដែលគាំទ្រឱ្យកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិន នោះ កាលពីឆ្នាំ២០១៩ ដែលមិនទាន់មានបញ្ហាជំងឺ COVID-19នោះ គឺពេលនេះ រដ្ឋាភិបាលចិននៅតែរក្សាគម្រោងនេះ នៅឡើយទេ ដោយសង្ឃឹមថា នាខែក្រោយៗនេះបញ្ហាជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះនឹងល្អប្រសើរឡើងវិញ ហើយយើងនឹងបន្តការហ្វឹកហាត់នៅចិន៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន