ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានរៀបចំវេទិកាមួយដែលមានឈ្មោះថា «កាលានុវត្តភាពធុរកិច្ចក្នុងវិស័យកសិកម្មនៅកម្ពុជាឆ្នាំ២០២០» ក្នុងទិសដៅជំរុញដល់ការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាពីសំណាក់អ្នកវិនិយោគរបស់អាមេរិក។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។
វិទិកាត្រូវបានធ្វើឡើងនៅសណ្ឋាគាររ៉ូសវូត ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ប៉ាទ្រិក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរជនជាតិ និងអន្តរជាតិ។ ជាពិសេសអ្នកវិនិយោគលើវិស័យកសិកម្មមកពីក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនរូបទៀត។
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ដែរថា គណៈប្រតិភូ មកពីអាមេរិក ចូលរួមស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិកម្ម នៅកម្ពុជា ដោយពួកគេបានសំឡឹងឃើញថា កម្ពុជា ត្រូវការចំណេះដឹងបន្ថែមលើវិស័យកសិកម្ម បច្ចេកវិទ្យាលើការដាំដុះ និងគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេស សន្តិសុខស្បៀងអាហារ ស្របទៅតាមស្តង់ដារនៃទីផ្សារសកលលោក ហើយវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសិករកម្ពុជា អាចបង្កើនទិន្នផលកសិកម្ម បង្កើនប្រាក់ចំណូល និងដើរទាន់បច្ចេកវិទ្យាកសិកម្មនាពេលអនាគត ដែលជំរុញឲ្យពួកគាត់អាចធ្វើការនាំចេញទៅក្រៅប្រទេសថែមទៀតផង។
ឯកអគ្គរដ្ឋទូតអាមេរិក បន្តថា ក្រុមហ៊ុនធំៗទាំងអស់នេះ មានដូចជា Amazon, IBM, Jonh Deer មានជំនាញលើ ផ្នែកកសិកម្ម និងបច្ចេកវិទ្យា ដែលអាចព្យាករណ៍ពីអាកាសធាតុ គ្រោះធម្មជាតិ អាចសិក្សាពីសណ្ឋានដីនៅកម្ពុជា ថាគួរប្រើប្រាស់បែបណាល្អនិងទទួលបានទិន្នផលខ្ពស់ អាចគ្រប់គ្រងទៅលើការដាំដុះ និងស្រោចស្រពឲ្យត្រូវតាមស្តង់ដារ ជាពិសេសគឺ ការពិនិត្យទៅលើស្តង់ដារសុវត្ថិភាពស្បៀងអាហារ ដើម្បីស្របតាមស្តង់ដារទីផ្សារសកលលោក។
ក្នុងវេទិកានេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា ផលិតផលកសិកម្មមួយចំនួនដូចជាស្រូវ-អង្ករ ពោត សណ្ដែកសៀង ដំឡូងមី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ សុទ្ធសឹងជាផលិតផលមានសក្ដានុពល សម្រាប់ធុរជនជាតិ និងអន្តរជាតិ ពិចារណាក្នុងការធ្វើអាជីវកម្ម ឬវិនិយោគនៅកម្ពុជា។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់លើការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងការកែច្នៃផលិតផលកសិកម្ម ជាការងារអាទិភាពមួយ ដើម្បីទ្រទ្រង់វិស័យកសិកម្មឱ្យមានការរីកចម្រើនមួយចំណែកទៀត។ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកជាឧទាហរណ៍ថា ការកែច្នៃដំឡូងមីទៅជាម្សៅ គ្រាប់ថ្នាំ ថង់ អេតាណុល និងជាវត្ថុផ្សេងៗទៀត ដែលសកម្មភាពទាំងនោះ នឹងបង្កើតការងារ បង្កើនចំណូល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន។ នៅក្នុងន័យនេះ លោករដ្ឋមន្ត្រី បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ពិចារណាលើការវិនិយោគបន្ថែមលើការកែច្នៃផលិតផលកសិកម្ម ដោយបានលើកឡើងអំពីបរិយាកាសវិនិយោគល្អប្រសើររបស់កម្ពុជា។
លោក អេឡែន ឌី តាន់ ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានកំណើនល្អលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយបញ្ហាប្រឈម នាពេលបច្ចុប្បន្នគឺ បច្ចេកវិទ្យា ឱកាសនៃការចាប់ដៃគូវិនិយោគ និងកត្តាបម្រែបម្រួលអាកាសធាតុ។ ដូច្នេះហើយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចការរវាង វិនិយោគិនអាមេរិក និងវិនិយោគកម្ពុជា ឲ្យកាន់តែងាយស្រួល និងប្រសើរឡើង ដើម្បីជាចំណែកមួយ ក្នុងការជួយរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
គួរជម្រាបដែរថា តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា សម្រេចបានប្រមាណ ៥,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០១៩ ក្នុងនោះ កម្ពុជា សម្រេចបានការនាំចេញ ៤,៩ ពាន់លានដុល្លារអាមេរិក ភាគច្រើនជាផលិតផលកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងអង្ករ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន