រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និង​ធានាការគ្រប់គ្រងបញ្ហាជំងឺរលាកសួតប្រភេទថ្មី

07:22 | 30/01/2020

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅ​សម្រាប់ភ្ញៀវទេសចរគ្រប់ៗគ្នា ដែលនៅតែមានការការពារសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ ហើយត្រៀមទទួលស្វាគមន៍វត្តមានភ្ញៀវអន្តរជាតិជានិច្ច ពិសេសគឺធានាបានការគ្រប់គ្រង​បញ្ហា​ជំងឺរលាកសួតប្រភេទថ្មី (Coronavirus) បានយ៉ាងជឿជាក់បំផុត។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍កម្ពុជា

ការប្រកាសរបស់​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ ដើម្បីរក​ដំណោះស្រាយទប់ទល់នឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេស ស្របពេលដែលពិភពលោក​កំពុង ប្រឈមការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) ជាមួយវិស័យឯកជន សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគម​សណ្ឋា​គារកម្ពុជា សមាគមម្ហូបអាហារ និងចុងភៅកម្ពុជា និងដៃគូពាក់ព័ន្ធនានា នៅទីស្ដីការ​ក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមក្រសួងទេសចរណ៍។

ឯកឧត្តម ថោង ខុន បានអំពាវនាវ​យ៉ាង​ទទូចដល់ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ម្ចាស់​មូលដ្ឋានអាជីវកម្មទេសចរណ៍ ក៏ដូចជាមូល​ដ្ឋានរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ត្រូវ​រួមគ្នាអនុវត្តន៍នូវវិធានការរួមគ្នាទប់លំនឹង​ឧស្សា​ហកម្ម​ទេសចរណ៍ក្នុងប្រទេស ស្របពេលមាន​ការធ្លាក់ចុះ​នូវចំនួនភ្ញៀវអន្តរជាតិ ក្នុងដំ​ណាក់កាលផ្ទុះការរីករាលដាលជំងឺថ្មីនេះ។ ឯកឧត្តម​រដ្ឋ​មន្ត្រីបានបញ្ជាក់ថា បើទោះបីកម្ពុជាមានការឆ្លងវីរុសកូរ៉ូណាថ្មីនេះចំនួន ១ករណី កន្លងទៅក្ដី ប៉ុន្តែក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធបាននិងកំពុងរួមគ្នា​ទប់​ស្កាត់យ៉ាងសស្រាក់​សស្រាំ ហើយក៏គ្មានការឆ្លងរីករាលដាលបន្តទៀតនោះដែរ។ ឯកឧត្តម​បានបន្តទៀតថា ក្រសួង​ទេសចរណ៍បានមើលឃើញចលនាទេសចរណ៍ក្នុងប្រទេសមាន​ភាព​សកម្មយ៉ាងខ្លាំង ពោលគឺមិនមានអ្វីគួរឱ្យព្រួយបារម្ភដូចនៅប្រទេសមួយចំនួននោះឡើយ ចំណែកឯភ្ញៀវទេស​ចរអន្តរជាតិដែលកំពុងស្ថិតក្នុងប្រទេសកម្ពុជាក៏កំពុងរីករាយជាមួយដំណើរកម្សាន្តរបស់ខ្លួន នៅ​តាមគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ជាក់ស្ដែង ក្នុងអំឡុងពេលចូលឆ្នាំចិនកន្លងទៅ គេសង្កេតឃើញមានភ្ញៀវទេសចរចេញដើរកម្សាន្តយ៉ាងសប្បាយរីករាយពិសេសគោលដៅទេសចរណ៍មួយចំនួន ដែលកន្លងទៅមានការធ្លាក់ចុះចំនួនភ្ញៀវនោះ ក៏ចាប់ផ្ដើមមានវត្តមាន​ភ្ញៀវទេសចរច្រើនកុះករមកវិញគួរឱ្យកត់សម្គាល់ផងដែរ ដូចជា ក្រុងព្រះសីហនុ តំបន់ទឹកធ្លាក់​ធម្មជាតិ តំបន់អេកូទេសចរណ៍ តំបន់បេតិកភណ្ឌជាដើម។បើតាមការលើកឡើងរបស់ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួង​ទេស​ចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នចលនាទេសចរណ៍ក្នុងប្រទេសកម្ពុជាមានភ្ញៀវទេសចរចាប់ពី ១០,០០០,០០០នាក់ ដល់ ១២,០០០,០០០នាក់ ក្នុងនោះមានទាំងភ្ញៀវទេសចរជាតិ និង​អន្តរជាតិ៕

(ប្រភពព័ត៌មាន: information.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន