តាមការប៉ាន់ស្មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១៩ ប្រទេស កម្ពុជានាំចេញអង្ករក្នុងបរិមាណ៦២ម៉ឺនតោន និងទទួលបានចំណូលប្រមាណ៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ឆ្នាំ២០១៩ កម្ពុជាទទួលបានចំណូល៥០០លានដុល្លារពីនាំចេញអង្ករជាង៦០ម៉ឺនតោន។
របាយការណ៍បានបញ្ជាក់ថា តាមការប៉ាន់ប្រមាណជាមធ្យមការទទួលបានទឹកប្រាក់ពីការនាំចេញអង្ករផ្លូវការក្នុងឆ្នាំ២០១៩ បានទំហំប្រមាណ៥០០លានដុល្លារអាមេរិក មានការធ្លាក់ចុះប្រហែល៤% បើប្រៀបធៀបទៅឆ្នាំ២០១៨ ស្របពេលដែលតម្លៃនៃឯកតានៃការនាំចេញ (FOB) ធ្លាក់ចុះជិត១០% បើប្រៀបទៅឆ្នាំ២០១៨។ តែដោយសារបរិមាណនៃអង្ករក្រអូប និងអង្ករសប្រភេទបាយទន់ នាំចេញច្រើនជាងឆ្នាំមុន បានធ្វើឱ្យតម្លៃគិតជារូបិយបណ្ណទាបជាងមុនត្រឹមតែ៤%ប៉ុណ្ណោះ។
សហ័ពន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងទៀតថា តាមការវាយតម្លៃបឋមលើបរិយាកាស នៃការនាំចេញក្នុងឆ្នាំ២០១៩ មានលក្ខណៈនៅទ្រឹង ទោះបីស្ថានភាពទីផ្សាររបស់សហភាពអឺរ៉ុប បានការធ្លាក់ចុះដោយការចាប់ផ្តើម អនុវត្តការយកពន្ធនាំចូលក្នុងចំនួន១៧៥ អឺរ៉ូ ក៏ដោយ តែស្ថានភាពនេះ អាចមានការធូរស្រាលឡើងវិញ សម្រាប់ឆ្នាំ២០២០នេះ ដោយសារការយកពន្ធនាំចូល នឹងបន្ធូរបន្ថយមកវិញត្រឹមចំនួន១៥០អឺរ៉ូក្នុង១តោន។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០នេះ ស្ថានភាពទីផ្សារអាចមានសន្ទុះ និងកំណើនល្អជាងឆ្នាំ២០១៩ ដោយសារកត្តាចំនួន៤ដូចខាងក្រោម៖
១៖ ទីផ្សារចិន៖ ការចាប់ផ្តើមអនុវត្តនូវកូតានាំចូលថ្មីចំនួន៤០ម៉ឺនតោន ដែលបានចាប់ផ្តើមតាំងពីចុងខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះកិច្ចព្រៀមព្រៀងបឋមជាមួយក្រុមហ៊ុននាំចេញរបស់កម្ពុជាចំនួន៤ លើបរិមាណប្រមាណ១២៥,០០០តោន នៅទីក្រុងសៀងហៃ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។ កិច្ចព្រៀមព្រៀងនេះ មិនរាប់បញ្ជូលការនាំចូល ដែលស្ថិតក្នុងកូតារបស់តំបន់ស្វ័យត និងតាមបណ្តាខេត្តនីមួយៗរបស់ចិននោះទេ គឺជាកូតារបស់ក្រុមហ៊ុន Cofco តែប៉ុណ្ណោះ។ ការជំរុញផ្សព្វផ្សាយបង្កើនតម្រូវការអតិថិជន នៅប្រទេសចិន ដោយមានកិច្ចសហប្រតិបត្តិការរវាង សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុន Cofco បានធ្វើការប្រជុំជាលក្ខណៈបច្ចេកទេស ជាមួយមន្ត្រីក្រុមហ៊ុន Cofco ចិន រួចហើយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។
២៖ ទីផ្សារសហភាពអឺរ៉ុប៖ ទីផ្សារនេះអាចមានកំណើនបន្តិចបន្តួច ដោយសារការទម្លាក់អត្រាយកពន្ធពីចំនួន១៧៥ អឺរ៉ូ ក្នុងឆ្នាំ២០១៩ មកត្រឹមចំនួន ១៥០ អឺរ៉ូ ក្នុងឆ្នាំ២០២០។ តែសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបន្តជំរុញការផ្សព្វផ្សាយបន្ថែមទៀត នៅសហភាពអឺរ៉ុបតាមរយៈព្រឹត្តិការណ៍សំខាន់ៗដូច Sail and Anuka។
៣៖ ទីផ្សារអាស៊ាន៖ សម្រាប់ទីផ្សារ ប្រទេសម៉ាឡេស៊ី និងព្រុយណេ គឺកម្ពុជាអាចឈរជើងបានល្អ តែកម្ពុជាអាចចាប់ផ្តើម ពិចារណាទីផ្សារប្រទេសហ្វីលីពីន លើប្រភេទអង្ករក្រអូប ដែលបច្ចុប្បន្នគឺមានតែ អង្កររបស់ថៃ និងវៀតណាមប៉ុណ្ណោះចរាចរណ៍លើទីផ្សារនេះ តាមការអង្កេតទីផ្សារក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ២០១៩ របស់ មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា ។
៤៖ ទីផ្សារផ្សេងៗទៀត៖ សម្រាប់ទីផ្សារផ្សេងៗមានជាអាទិ៍ដូចជា ប្រទេសកាប៉ុង និងតំបន់អាហ្វ្រិច មានហ្កាណា តូកូជាដើម អាចនៅបន្តរក្សាបានកំណើន។ តែទីផ្សារប្រទេសអូស្ត្រាលី អាចបន្តកើនឡើងបន្ថែមទៀត ជាពិសេសប្រភេទអង្ករសរីរាង្គ។
សូមជម្រាបថា នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណសរុបចំនួន ៦២០,១០៦តោន ធ្លាក់ចុះចំនួន៦,១១៩តោនស្មើនឹង០.៩០% បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួន ៦២៦,២២៥តោន។
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន