សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» នៅទីក្រុងបាងកក ពីថ្ងៃទី០២ ដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅទីក្រុងបាងកក។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា តាមការអញ្ជើញរបស់ ឯកឧត្តម ប្រាយុទ្ឋ ច័ន្ទអូចា(Prayut Chan–o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៤ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ស្របពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀតមានដូចជា ជំនួបរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបូកបី និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ីបូព៌ា អាហារថ្ងៃត្រង់ពិសេស ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និង កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១១ (អាហារការងារពេលល្ងាច)។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងបាងកក សម្តេចតេជោនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ាន ផងដែរ។ សម្តេចតេជោ នឹងអញ្ជើញចូលរួមកម្មវិធីអាហារការងារពេលព្រឹកជាមួយឯកឧត្តម ង្វៀន សួនហ៊ុក នាយករដ្ឋមន្រ្តី វៀតណាម និងឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។
ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២០ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៤ និងពិធីចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអាល្លឺម៉ង់ និងប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅនៅមុនកិច្ចប្រជុំកំពូលអាស៊ាន៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន