មន្រ្តីជាន់ខ្ពស់ WB និង IMF សរសើរកម្ពុជាដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងបន្តពង្រឹងភាពជាដៃគូ

16:58 | 23/10/2019 (សរុបដោយវិច្ឆិកា)

កម្ពុជា និងធនាគារពិពភលោក (WB) បានរៀបចំកិច្ចពិភាក្សាតុមូលពិសេសមួយ ស្ពីពីការរៀបចំក្របខណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារពិភពលោក និងមូលធិនិរូបិយវត្ថុអន្តរជាតិ (WB-IMF Annual Meeting) ឆ្នាំ២០១៩នេះ នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (ប្រភព៖ AKP)

កិច្ចពិភាក្សាតុមូលពិសេសនេះ ខាងភាគីកម្ពុជាដឹកនាំដោយឯកឧត្តម វង្សី វិស្សុត អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងខាងភាគីធនាគារពិភពលោកដឹកនាំដោយលោកជំទាវអនុប្រធានរបស់ធនាគារពិភពលោកចំនួន០២រូប គឺលោកជំទាវ Vicotria Kwakwa អនុប្រធានទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក និងលោកជំទាវ Ceylay Pazarba sioglu អនុប្រធានទទួលបន្ទុកផ្នែកកំណើនសមធម៌ ហិរញ្ញវត្ថុ និងស្ថាប័ន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញការរបស់ធនាគារពិភពលោក និងគណៈប្រតិភូមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមផងដែរ។

គោលដៅបំណងនៃការរៀបចំកិច្ចប្រជុំតុមូលនេះគឺដើម្បី​ ១.ធ្វើការពិភាក្សា និងពិ​គ្រោះ​​យោបល់លើឯកសារទស្សនាទានរួម (Concept Note)នៃការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលបានរៀបចំដោយផ្ទាល់ដោយក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង ២.ស្វែងយល់ពីនិន្នាការនៃសេដ្ឋកិច្ច ឌីជីថលនៅក្នុង​តំបន់ និងពិភពលោក ដែលរួមមានទាំងកាលានុវត្តភាព បញ្ហាប្រឈម​ និងហានិភ័យ ពិសេសការផ្លាស់ប្តូរទស្សនវិស័យ មេរៀន និងបទពិសោធន៍របស់បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកជាមួយនឹងជំនាញការចំណានៗរបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការរៀបចំ និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងដើម្បីអាចសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ប្រទេ​ស​​កម្ពុជាពិតជាមានភាពចាំបាច់ណាស់ក្នុងពេលនេះជាងពេលណាៗទាំងអស់ ក្នុងការចាប់យ​ក​នូវកាលានុវត្តភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណា​ឱ្យ​វិស័​យឌីជីថលអាចក្លាយទៅជាក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចថ្មី និងដើម្បីប្រើប្រាស់វិស័យបច្ចេកវិទ្យាសម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស ការបង្តើនផលិតភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ព្រមទាំងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាយថាហេតុដោយសារឥទ្ធិពលនៃការប្រើប្រាស់បច្ចេកវិទ្យាខាងលើ។

ឯកឧត្តមបានបន្តថា ក្នុងស្មារតីនេះ កាលពីដើមឆ្នាំ២០១៩ កន្លងទៅនេះ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាស្ថាប័នខួរក្បាលរបស់នាយករដ្ឋមន្រ្តី បានបង្កើតនូវក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជានៅក្នុងរយៈពេលវែង។

លោក វង្សី វិស្សុត និង លោក​ស្រី Kwakwa។ (ប្រភព៖ FN)

គិតមកទល់នឹងពេលនេះ ក្រុមការងារបានរៀបចំនូវឯកសារទស្សនាទានរួមមួយ សម្រា​ប់​​​ជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដោ​យ​ផ្តោតលើអាទិភាព និងយុទ្ធសាស្រ្ត ដែលរួមមាន ១.ការរៀបចំ និងបង្តើតរដ្ឋាភិបាលឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីម្យ៉ាងពង្រឹងការផ្តល់សេវាសាធារណៈប្រកប​ដោយគុណភាព ប្រសិទ្ធភាព និងតម្លភាពផង និងម្យ៉ាងវិញទៀត ដើម្បីបង្កើតនូវបរិស្ថាន និងជាឃ្នាស់សម្រាប់ជំរុញសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ផងដែរ ២.ការជំរុញវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជា ខែ្សកាបអុបទិច ខ្សែកាបអុបទិកតាមបាតសមុទ្រ មជ្ឈមណ្ឌលទិន្នន័យ និងការតភ្ជាប់បណ្តាញសេវាដល់អ្នកប្រើប្រាស់ និងធុរកិច្ច ដើម្បីធ្វើឱ្យសេវាអ៊ិនធឺណែតកាន់តែមានល្បឿន​លឿន ហើយថ្លៃកាន់តែថោកជាមុន និងមានវិសាលភាពអាចគ្របដណ្តប់ទូទាំងប្រទេ​ស ៣.ការទាញយកប្រយោជន៍ជាអតិបរិមាពីវិស័យឌីជីថល តាមរយៈការបង្កើនអក្ខរកម្ម និងសមត្ថភាពឌីជីថល ពិសេសការអភិវឌ្ឍជំនាញឌីជីថល និងការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ៤.ការបង្កើតក្របខណ្ឌច្បាប់ និងបទប្បញ្ញតិ្តពាក់ព័ន្ធផ្សេងៗ ពិសេសបទដ្ឋានស្តង់ដាមួយចំនួន ក្នុងគោលដៅពង្រឹងការគ្រប់គ្រងទិន្នន័យ ការការពារទិន្នន័យឯកជន និងការទប់ស្តាត់បទល្មើសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានជាដើម។ល។ និង ៥.ការបង្កើតនូវថ្នាល និងប្រព័ន្ធ អេកូឡូស៊ី សម្រាប់លើកស្ទួយសហគ្រិនភាពនិងការបង្កើតធុរកិច្ចថ្មី (Startup)ក្នុងវិស័យឌីជីថល។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញនូវវិធានការមួយចំនួនជាបន្តបន្ទាប់រួចហើយ ក្នុងគោលដៅបង្កើតនូវប្រព័ន្ធអេកូឡូស៊ីខាងលើនេះ ដូចជា ១.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ២.ការបង្កើតនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ៣.ការបង្កើតនិងដាក់ឱ្យដំណើរការមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) និងមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព (EPC) និង ៤.ការរៀបចំបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម (SMEs Bank) ជាដើម។

នៅក្នុងកិច្ចប្រជុំតុមូលនេះ ក្រៅពីការពិភាក្សាលើឯកសារទស្សនាទានរួម នៃការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលកម្ពុជា ដែលធ្វើបទបង្ហាញដោយក្រុមការងាររបស់ភាគីកម្ពុជា, ភាគីកម្ពុជាក៏បានធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ផងលើបទបង្ហាញរបស់ជំនាញការជាន់ខ្ពស់ធនាគារពិភពលោក លើប្រធានបទសំខាន់ៗមួយចំនួនដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការរៀបចំថ្នាលនិងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិនភា​ពឌីជីថល ពិសេសពាណិជ្ជកម្មអេឡិចត្រូវនិច (E-Commerce) ការរៀបចំក្របខណ្ឌច្បាប់ និងការទូទាត់ តាមប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍប្រកប​ដោយបរិយាប័ន្នក្នុងយុគសម័យឌីជីថល ព្រមទាំងអន្តរាគមន៍ និងអាទិភាពគោលនយោបាយរបស់ធនាគារពិភពលោកក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ជាដើម។ល។

នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីជំនាញការរបស់ធនាគារពិភពលោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគិតគូរ និងការកំណត់យុទ្ធសាស្រ្ត និងអាទិភាពគោលនយោបាយទាំងឡាយ ដែលមាននៅក្នុងឯកសារទស្សនាទានរួមនៃការរៀបចំក្របខណ្ឌគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិ​ច្ច​​ឌីជីថលកម្ពុជា ដែលរៀបចំឡើយដោយក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។

ក្រុមការងារភាគីកម្ពុជាយល់ឃើញថា ការរៀបចំកិច្ចប្រជុំតុមូលនេះ ពិតជាមានសារៈសំខាន់ ហើយក្រុមការងារប្រមូលបាននូវធាតុចូលគន្លឹះសំខាន់ៗ និងបទពិសោធន៍ល្អៗបានយ៉ាងច្រើន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលកម្ពុជាឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សូមបញ្ចាក់ផងដែរថា ការរៀបចំក្របខណ្ឌគោលនយោបាយរយៈពេលវែងសេដ្ឋកិច្ចឌីជីថលកម្ពុជា ​ត្រូវបានធ្វើឡើងទាំងស្រុងដោយក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការចូលរួមពីដៃគូសំខាន់ៗមួយចំនួន ពិសេសធនាគារពិភពលោក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម