សម្តេចពញាចក្រី ហេង សំរិន បានជម្រាប AIPA ពីសារ:សំខាន់វិស័យការទូតសភា ក្នុងការជំរុញការអភិវឌ្ឍសហគមន៍អាស៊ាន

15:11 | 26/08/2019 (ប្រភព៖ Fresh News)

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជម្រាបមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ AIPA ថា ការងារការទូតសភា និងភាពជាដៃគូ ជាកត្តា សំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់និងពិភពលោកប្រកបដោយចីរភាព។

សម្តេច ហេង សំរិន អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ FN)

សម្តេចបានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនងជាមួយប្រទេសដទៃទៀតឡើយ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ AIPA ត្រូវមានគោលជំហររួមមួយ ដែលមានភាពបន្ស៉ីគ្នារវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់។ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាកត្តាសំខាន់ចាំបាច់ ដែល AIPA គួរតែយកចិត្តទុកដាក់ តាមដាន និងរក្សាឱ្យបាននូវជំហររួមរបស់ខ្លួន គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ អន្តរជាតិ ការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA នៅព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។ សភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤០ ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមមូលបទ«ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព»

គណៈប្រតិភូកម្ពុជាដែលចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤០ នៅប្រទេសថៃ (រូបថតៈ FN)

អន្តរសភាអាស៊ានដែលហៅកាត់ថា(AIPA) ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែល មានសមាជិក១០ប្រទេស គឺ ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។ AIPA ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ដើម្បីធ្វើជាដៃគូអាស៊ាន ក្នុងការជំរុញឲ្យបានសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពជាគោលការណ៍គ្រឹះ របស់សហគមន៍អាស៊ាន និងជាចំណុចស្នូលដ៏សំខាន់របស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយ ដែលមានសមាហរណកម្មជិតសិទ្ធនាពេលអនាគត ដោយផ្អែកលើគោលការណ៍ប្រកបដោយបរិយាប័ន្ន។

សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ AIPA ឲ្យគិតគូរ និងយកចិត្តទុកដាក់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថតៈ TTXVN)

សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពេញអង្គទៅ មហាសន្និបាត AIPA នឹងបើកកិច្ចប្រជុំតាមគណៈកម្មាធិការរបស់ខ្លួនជាបន្តបន្ទាប់ ដែលមានដូចជា គណៈកម្មាធិការនយោបាយ នឹងជជែកពីបញ្ហាអំពើភេវរកម្ម ភាពជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រយុទ្ធប្រឆំាងអំពើពុករលួយ។ គណៈកម្មាធិការស្រ្តី នឹងជជែកពីបញ្ហាសមភាពយេនឌ័រ។ ចំណែកគណៈកម្មាធិការសេដ្ឋកិច្ច នឹងលើកឡើងប្រធានបទជាច្រើនមកជជែកគ្នា ដូចជា ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមនៅអាស៊ាន។ ការធ្វើឲ្យប្រសើរឡើងលើសហប្រតិបត្តិការអាស៊ានដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មទី៤។

គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នឹងចូលរួមតាមគណៈកម្មាធិការទំាងអស់នោះ។ វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាលើឆាកអន្តរជាតិ គឺជាការបំពេញបេសកកម្មការទូតសភានៅក្នុងការចូលរួមកសាងសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ហើយក៏ជាការកសាងកិត្យានុភាពដល់សភានិងប្រទេសជាតិយើងនៅលើឆាកអន្តរជាតិផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន