លោក Takeshi Kasai នាយកអង្គការសុខភាពពិភពលោក(WHO)ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ៊្វិកមានជំនឿជឿជាក់ថា កម្ពុជានឹងអាចឆ្លងផុត និងអាចទទួលបានជោគ ជ័យលើជំងឺ នាពេលអន្តរកាលរបស់កម្ពុជា សម្រាប់សុខុមាលភាពនៃការស់នៅដ៏ល្អប្រសើរ របស់ប្រជាជន ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមូល ដ្ឋានសម្រាប់ការអភិវឌ្ឍកម្ពុជានោះ។
លោកវេជ្ជបណ្ឌិត Takeshi Kasai និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងជំនួបពិភាក្សាជាមួយលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយលោកក៍សម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួយនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។
នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានឱ្យដឹងថា តាមរយៈអង្គការ WHO ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើន ពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគជ័យពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ លោក ហ៊ុន សែន ក៏បានឱ្យដឹងផងដែរ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀត ដើម្បីដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករាលដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់នាយកអង្គការសុខភាពពិភពលោកផងដែរថា កម្ពុជាក៏មានទិសដៅនៅក្នុងឆ្នាំ២០២៥ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ។ លោក ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏មានមហិច្ឆតា ធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ ទន្ទឹមនឹងនេះ លោកក៏បានប្រាប់ វេជ្ជបណ្ឌិត Takeshi Kasai ថាកម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុងនោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ។
ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញ លោក ហ៊ុន សែន ថា មានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ១២០% នៃប្រាក់ខែដែលត្រូវបាន។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់ចំនួន១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២ ហើយនេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ និងតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថា បើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយ។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក ក្នុងជំនួបលោក ហ៊ុន សែន លោកក៏បានសសើរកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ លោកវេជ្ជបណ្ឌិត Takeshi Kasai ថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ផងដែរ៕
(យោងតាម akp និង vayo សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន