លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោកបានប្រាប់ឱ្យដឹងថា EU នឹងជួយដល់កម្ពុជានៅថ្ងៃពុធខាងមុខនេះ នូវទឹកប្រាក់ជាង១០០លានដុល្លារ សម្រាប់វិស័យជលផល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា
ក្នុងជំនួបនោះដែរ George Edgar បានមានប្រសាន៍ពីការងារ និងសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដែលលោកបានបំពេញការងារជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅកម្ពុជា លោកក៏បាននិយាយពីការរីកចម្រើនយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជាផងដែរ។ លោកក៏បានបញ្ជាក់អំពីការងារសំខាន់ៗ ដែល EU បានជំរុញ ជាពិសេសលើវិស័យកសិកម្ម ដែលជាអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា និងប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិរូបនេះ បានគូសបញ្ជាក់អំពីការជួយទៅដល់វិស័យបម្រែបម្រួលអាកាសធាតុ ដែលប្រទេសកម្ពុជា ជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ ហើយនេះក៏ជាបញ្ហាពិភពលោកផងដែរ។ មិនតែប៉ុណ្ណោះ EU នឹងបន្តជួយលើវិស័យព្រៃឈើ ដែលបច្ចុប្បន្នជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ដែរ។ លោក George Edgar ក៏បានអបអរសាទរលើលទ្ធផលការងារក្នុងវិស័យទ២ គឺវិស័យជលផល និងព្រៃឈើ។ ជាគ្នានោះ George Edgar ថា EU ក៏បានធ្វើវិភាគទានទៅដល់តុលាការខ្មែរក្រហម ដែលជាតុលាការកូនកាត់ ឱ្យមានភាពជោគជ័យកន្លងមកផងដែរ។ នេះបើតាមការបញ្ជាក់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៏មួយចំនួនពាក់ព័ន្ធនឹងដំណើរការរបស់តុលាការខ្មែរក្រហម ដែលនឹងមកដល់ទីបញ្ចប់នៅពេលខាងមុខនេះ ហើយលោ ហ៊ុន សែន ក៏បានអរគុណចំពោះ EU ដែលបានជួយវិភាគទានក្នុងការស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋកម្ពុជា ជាពិសេសមិនត្រឹមតែប្រជាពលរដ្ឋដែលបាត់បង់អាយុជីវិតប៉ុណ្ណោះទេ ថែមទាំងជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍នោះថែមទៀតផង។
លោក ហ៊ុន សែន បន្តថា EU នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត ជាពិសេសការផ្ដោតទៅលើគ្រប់វិស័យ និងទិដ្ឋភាពនៃទំនាក់ទំនង រវាង EU ជាមួយកម្ពុជា ជាពិសេសការបន្តធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ ហើយនៅពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបផងដែរ ដែលនៅពេលនោះ ថ្នាក់ដឹកនាំ រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុបជាច្រើន ក៏នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនោះផងដែរ។ នេះបើតាមការឱ្យដឹងពីលោកនាយករដ្ឋមន្ត្រីកម្ពុជា៕
(តាម៖ vayofm.com)
(យោងតាម vayofm.com ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន