សួន​ស្នេហ៍​ជនបទ ទី​កម្សាន្ត​កំពុង​ពេញ​និយម​នៅ​​​បន្ទាយ​មាន​ជ័យ

14:01 | 05/08/2020 (សរុបដោយ ហេង វុធ្ធី)

ក្រៅ​ពី​មាន​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​និង​ទី​កន្លែង​កម្សាន្ត​ធម្មជាតិ​ជា​ច្រើន​នោះ​ទឹក​ដី​ដ៏​ស៊ីវីល័យ​នៅ​ទិស​ពាយព្យ​ជាប់​ព្រំ​ប្រទល់​កម្ពុជា-ថៃ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ដែល​ទើប​កែ​ច្នៃ​ដោយ​ដៃ​កូន​កសិករ​រស់​នៅ​ទី​នោះ​ឈ្មោះ​ថា រមណីយ​ដ្ឋាន​សួន​ស្នេហ៍​ជនបទ ដែល​លាត​សន្ធឹង​លើ​ទំហំ​ដី​ដ៏​ធំ​ល្វឹង​ល្វើយ​ជាង​បួន​ហិកតា​នៅ​ជាប់​នឹង​ជើង​ភ្នំ​ខ្លា​កូន​ស្ថិត​ក្នុង​ភូមិ​ខ្លា​កូន​សង្កាត់​កំពង់​ស្វាយ ខណ្ឌ និង​ក្រុង​សិរី​សោភ័ណ។

សួន​ស្នេហ៍​ជនបទ ទី​កម្សាន្ត​កំពុង​ពេញ​និយម​នៅ​​​បន្ទាយ​មាន​ជ័យ

មិន​ខុស​ពី​ឈ្មោះ​របស់​វា​ទេ សួន​ស្នេហ៍​ជនបទ​មាន​ទេសភាព​ធម្មជាតិ​កែ​ច្នៃ​ដ៏​ស្រស់​ត្រកាល បែប​ព្រៃ​ភ្នំ​ជនបទ​លម្អ​ទៅ​ដោយ​សួន​ច្បារ​តូចៗ​កន្លែង​អង្គុយ​លេង​កម្សាន្ត​មាន​បង់​រោង​ខ្យូស​តម្រៀប​ជា​ជួរ​និង​រូប​ចម្លាក់​សត្វ​ព្រៃ​និង​សត្វ​ស្រុក​ជា​ច្រើន​លាក់​ខ្លួន​តាម​គុម្ព​ផ្កា​។ នៅ​ឆ្វេង​ដៃ​ខាង​ក្រោយ​ខ្លោង​ទ្វារ​ចូល​ក៏​មាន​រូប​ចម្លាក់​បុរស​ស្រ្តី​ក្នុង​ឈុត​រៀបការ​ដែល​មាន​ប្រឡង់​មុខ​ចំហ ទុក​ឲ្យ​អ្នក​មក​ទស្សនា​ដាក់​មុខ​ចូល ដើម្បី​ថត​រូប​លេង​ផង​ដែរ​។

ការ​តុប​តែង​ដ៏​ត្រជាក់​ភ្នែក​ដូច្នេះ​បាន​ប្រែ​ក្លាយ​អតីត​ដី​ខ្ពង់​រាប​ជំរាល​ភ្នំ​មួយ​នេះ​ក្លាយ​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ឆ្លង​កាត់​ខេត្ត​នោះ​ចូល​ទៅ​ទស្សនា​កម្សាន្ត​និង​ភ្លក្ស​រសជាតិ​អាហារ​ស្រែ មាន់ និង​ត្រី​ស្រស់ៗ​ពី​ស្រះ​ធម្មជាតិ ពុំ​មាន​លស់​ថ្ងៃ​ឡើយ​។ រមណីយដ្ឋាន​នេះ​លេច​រូប​រាង​ដំបូង​ក្រោម​រូបភាព​ជា​កន្លែង​កម្សាន្ត​របស់​គ្រួសារ​ឯកជន​មួយ​នៅ​ឆ្នាំ​២០០៦ នៅ​លើ​ផ្ទៃ​ដី​ចំនួន​មិន​ដល់១​ហិកតា​។

លោក ឱក ប៊ុន​លី ស្ថាបនិក​សួន​ស្នេហ៍​ជនបទ​បាន​ឲ្យ​ដឹង​ថា៖ «​កាល​ណោះ​ខ្ញុំ​បង្កើត​ឡើង​ជា​សួន​កម្សាន្ត​សម្រាប់​គ្រួសារ​ខ្ញុំ​ទេ​មិន​បាន​គិត​ដល់​ពី​ការ​ស្វែង​រក​កម្រៃ​ឡើយ។​ពោល​គឺ ខ្ញុំ​បង្កើត​វា​ឡើង​សម្រាប់​តែ​ផ្លាស់​ប្តូរ​អារម្មណ៍​អ៊ូអរ​និង​ក្លិន​ឆ្អាប​របស់​ពួក​ខ្ញុំ​នៅ​ផ្សារ​ឲ្យ​រសាយ​ពេល​ដែល​ខ្ញុំ​បាន​នាំ​ប្រពន្ធ​កូន​មក​ដល់​លេង​ទីនេះ​នៅ​ពេល​ល្ងាចៗ​តែ​ប៉ុណ្ណោះ»។

សួន​ស្នេហ៍​ជនបទ ទី​កម្សាន្ត​កំពុង​ពេញ​និយម​នៅ​​​បន្ទាយ​មាន​ជ័យ

ស្ថាបនិក​វ័យ​៤៩​ឆ្នាំ​រូប​នេះ​រំឭក​ថា៖ «ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​រក​ទី​លម្ហែ​កាយ​កាន់​តែ​ច្រើន​និង​មាន​ពេល​មួយ​ខ្ញុំ​បាន​ស្តាប់​ឮ​ប្រសាសន៍​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា​កូន​ខ្មែរ​បើ​មាន​ឱកាស​និង​មាន​លទ្ធភាព​គួរ​តែ​បង្កើត​ស្នាដៃ​អ្វី មួយ​ដើម្បី​ជាតិ​។ ឮ​ដូច្នេះ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​មុន​នោះ​វាក៏​ជា​ការ​ជួយ​រួម​ចំណែក​អភិវឌ្ឍ​ស្រុក​ភូមិ​មួយ​ដែរ​ហើយ​ខ្ញុំ​ក៏​បាន​ចំណាយ​ទុន​ទិញ​ដី​ធ្វើ​ការ​ពង្រីក​សួន​កម្សាន្ត​រហូត​បាន​ដល់​ទៅ​ទំហំ​ជាង​៤ហិកតា​និង​បាន​បំពេញ​តម្រូវ​ការ​មនុស្ស​គ្រប់​វ័យ​គ្រប់​ជាតិ​សាសន៍​ដែល​មក​កម្សាន្ត​នៅ​សួន​របស់​ខ្ញុំ​»។

ទាក់​ទិន​នឹង​ការ​ប្រើ​ឈ្មោះ​ថា «សួន​ស្នេហ៍​ជនបទ​អាជីវករ​លក់​ត្រី​និង​ជា​ម្ចាស់​ដី​លោក ឱក ប៊ុន​លី បាន​ពន្យល់​ថា៖ «វា​មិន​មែន​ជា​កន្លែង​សម្រាប់​ឲ្យ​យុវវ័យ​បង្កាត់​ភ្លើង​ស្នេហ៍​នោះ​ទេ​។ ខ្ញុំ​ដាក់​ឈ្មោះ​នេះ​គឺ​មក​ពី​ទីនេះ​ជា​ទី​រសាយ​អារម្មណ៍​របស់​ខ្ញុំ​និង​ក្រុម​គ្រួសារ​ក្រោយ​ពី​លក់​ត្រី​នឿយ​ហត់​ហើយ​បាន​នាំ​គ្នា​មក​បង្កើត​ភាព​សប្បាយ​ទី​នេះ​ជា​មួយ​ប្រពន្ធ​កូន​បាន​ជា​ដាក់​ឈ្មោះ​ថា​ជា​សួន​ស្នេហ៍​ជន​បទ​ជាប់​រហូត​ពេល​នេះ​»។

សួន​ស្នេហ៍​ជនបទ ទី​កម្សាន្ត​កំពុង​ពេញ​និយម​នៅ​​​បន្ទាយ​មាន​ជ័យ

សួន​នេះ​បាន​ទាក់​ទាញ​ភ្ញៀវ​ឲ្យ​ចូល​កម្សាន្ត​ជា​ច្រើន​មាន​ទាំង​ភ្ញៀវ​អន្តរជាតិ​នោះ​ត្រូវ​បាន​លោក​ឲ្យ​ដឹង​ថា​៖ «ដើម​ឡើយ​ខ្ញុំ​ក៏​មិន​រំពឹង​ថា អ្វី​ដែល​ខ្ញុំ​បង្កើត​ឡើង​អាច​ទទួល​បាន​ភ្ញៀវ​ចូល​ទៅ​ទស្សនា​ច្រើន​យ៉ាង​ណា​នោះ​ដែរ​ក្រៅ​ពី​ខំ​កែ​ច្នៃ​បន្ថែម​ដើម្បី​បង្កើន​សោភ័ណភាព​និង​ពង្រីក​តាម​តម្រូវ​ចិត្ត​ភ្ញៀវ​មួយ​ចំនួន​ដែល​តែង​ណែ​នាំ​បន្ថែម​នោះ​»​។

ម្ចាស់​រមនីយដ្ឋាន​កែ​ច្នៃ​ដែល​ជា​អ្នក​លក់​ត្រី​រូប​នេះ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​ភ្ញៀវ​និយម​ចូល​មក​លេង​កម្សាន្ត​មិន​ដែល​ដាច់​នោះ​គឺ​មក​ពី​រមណីយដ្ឋាន សួន​ស្នេហ៍​ជនបទ​របស់​លោក​មិន​បាន​គិត​តម្លៃ​សម្រាប់​កន្លែង​អង្គុយ​ណា​មួយ​ឡើយ​ក្រៅ​ពី​សេវា​ម្ហូប​អាហារ​និង​ភេសជ្ជៈ​នោះ​គឺ​ភ្ញៀវ​អាច​សម្រាក​លេង​រយៈ​ពេល​យូរ​ប៉ុន​ណា​ក៏​បាន​ឲ្យ​តែ​នៅ​ក្នុង​ម៉ោង​បើក​បម្រើ​សេវា​»។

សួន​ស្នេហ៍​ជនបទ ទី​កម្សាន្ត​កំពុង​ពេញ​និយម​នៅ​​​បន្ទាយ​មាន​ជ័យ

ក្រៅតែពី​សម្រស់​ដ៏​ស្រស់ត្រកាល ទេស​ភាពល្អ​ត្រជាក់​ភ្នែក សួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជា សេវាកម្ម​ចំណីអាហារ ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ ហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pre-wedding សម្រាប់​គូស្នេហ៍​ទៀតផង​។​

​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​តំបន់​ទេសចរណ៍​ច្រើន​ប្រភេទ រួមមាន តំបន់​ទេសចរណ៍ធម្មជាតិ​បែប​កែច្នៃ និង​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ក្នុងនោះ ប្រាសាទបន្ទាយឆ្មា បារាយណ៍​បុណ្យ និង​អាង​ជើងគ្រុស​ដែលជា​តំបន់​មាន​សក្ដានុពល​ជាងគេ​ក្នុង​ខេត្ត​នេះ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Thmeythmey និង postkhmer.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត