ជាមោទនភាពថ្មីមួយទៀត នៅក្នុងវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលយុវសិស្សម្នាក់វ័យ ១៤ឆ្នាំ ឈ្មោះ សុខុម តារារចនា សិក្សាថ្នាក់ទី១០ បានឈ្នះមេមាស និងមេដាយប្រាក់ចំនួន១១ ក្នុងការប្រកួត World Scholar’s Cup Competition ដែលទើបបញ្ចប់នាពេលថ្មីៗនេះ នៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។
យុវតី សុខុម តារារចនា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការនៃការប្រឡើង គឺជម្រុះលើកទី១ នៅរាជធានីភ្នំពេញ ដោយខ្លួនទទួលបានមេដាយប្រាក់១ ទើបអាចចូលរួមប្រកួត ជម្រុះលើកទី២ នៅ KINCOPPAL ROSE BAY SCHOOL ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដោយទទួលបាន មេដាយមាស១ និងប្រាក់ចំនួន១
ការប្រកួតនេះ ធ្វើឡើងក្រោមប្រធានបទ «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)» ដែលមានសិស្សានុសិស្សប្រមាណ១,៥០០នាក់ មកពី ៨២ប្រទេសជុំវិញពិភពលោក។ យុវតី សុខុម តារារចនា គឺជាកូនស្រីរបស់លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS។
ក្រោយមកដល់ប្រទេសកម្ពុជាភ្លាម យុវតី សុខុម តារារចនា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការនៃការប្រឡើង គឺជម្រុះលើកទី១ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដោយខ្លួនទទួលបានមេដាយប្រាក់១ ទើបអាចចូលរួមប្រកួត ជម្រុះលើកទី២ នៅ KINCOPPAL ROSE BAY SCHOOL ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយទទួលបាន មេដាយមាស១ និងប្រាក់ចំនួន១។
ថ្លែងទាំងទឹកមុខសប្បាយរីករាយ និងពោរពេញដោយមោទនភាពនោះ យុវតី សុខុម តារារចនា បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រកួតនៅប្រទេសអូស្ដ្រាលី ខ្លួនបានឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើនៅសាកលវិទ្យាល័យយែល (Yale) សហរដ្ឋអាមេរិច កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗកន្លងទៅនេះ ដោយទទួលបានជ័យលាភីមេដាយមាសចំនួន២ លើវិញ្ញាសា Writing និងវិញ្ញាសា Special Area (Special subject) និងមេដាយប្រាក់ចំនួន៧។
សរុបមក យុវតី សុខុម តារារចនា បានឈ្នះមេដាយមាសចំនួន៣ និងមេដាយប្រាក់ចំនួន៩ ពីការប្រកួត World Scholar’s Cup ២០១៩ ដែលនេះបានសរបញ្ជាក់ ពីសមត្ថភាពចំណេះដឹង របស់កូនខ្មែរ ក៏ដូចជាជោគជ័យ នៃវិស័យអប់រំនៅកម្ពុជា ដែលយុវសិស្សមានសមត្ថភាពដណ្តើមបានមេដៃមាសកម្រិតពិភពលោក៕
| World Scholar’s Cup Competition ត្រូវបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សា នៅតាមសាលារៀន ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេ ក្នុងពេលបច្ចុប្បន្ន។ |
(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន