ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ(Loas Airline) របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ នឹងបើកការហោះហើរមកកាន់កម្ពុជាឡើងវិញ នាអំឡុងខែតុលា ឆ្នាំ២០១៩ខាងមុខនេះក្រោយពីផ្អាកការហោះហើរអស់មួយរយៈកន្លងមក។គោលដៅសំខាន់នៅចំពោះសម្រាប់ការហោះហើរនេះ រួមមាន រាជធានីភ្នំពេញ សៀមរាប-អង្គរ ព្រះសីហនុ និងខេត្តផ្សេងទៀតនៅតំបន់ឆ្នេរ។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍បញ្ជាក់ឲ្យដឹង។
ជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា លោក អាមផៃ គីនដាវង្ស នៅទីស្ដីការក្រសួងទេសចរណ៍ កាលរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩(រូបថតក្រសួង)
ប្រភពដដែលនិយាយថាដំណឹងដ៏ល្អនេះត្រូវបានបង្ហាញឡើងនាឱកាសជំនួបពិភាក្សារវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ឯកឧត្តម អាមផៃ គីនដាវង្ស (Amphay Kindavong) នៅទីស្ដីការក្រសួងទេសចរណ៍ កាលរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។
ប្រភពដដែលបានស្រង់ប្រសាសន៍លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងសវនាការនេះលោកអាមផៃ គីនដាវង្ស បានជម្រាបលោករដ្ឋមន្ត្រី ថោង ខុន ឱ្យដឹងថា នាអំឡុងខែតុលាខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ នឹងចាប់ផ្ដើមបើកការហោះហើរត្រង់មកកាន់កម្ពុជាឡើងវិញ។ក្នុងនោះឡាវនឹងបើកការហោះហើរត្រង់ដំបូងពីរដ្ឋធានីវៀងចន្ទន៍មករាជធានីភ្នំពេញ ហើយនឹងបើកការហោះហើរមកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀត។ពិសេសជាងនេះលោកឯកអគ្គរដ្ឋទូតឡាវបានបង្ហើបថា ពេលដែលអាកាសយានដ្ឋាននៅតំបន់វិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង ត្រូវបានសាងសង់រួចរាល់នៅក្រោយឆ្នាំ២០២០ ឡាវនឹងបន្តបើកការហោះហើរត្រង់ទៅកាន់កន្លែងនេះបន្ថែមទៀត ដើម្បីនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តនៅតារាសាគរ និងតំបន់នានានៅខេត្តកោះកុង។ត្រង់ចំណុចនេះបង្ហាញថា ភ្ញៀវទេសចរឡាវ និងភ្ញៀវទេសចរប្រទេសទី៣ (ប្រហែលភាគច្រើនភ្ញៀវជនជាតិចិន) ហាក់ដូចជាចាប់អារម្មណ៍ខ្លាំង ចំពោះតំបន់វិស្សមកាលទេសចរណ៍តារាសាគរ និងតំបន់ទេសចរណ៍តាមមាត់សមុទ្ររបស់កម្ពុជា។
ប្រភពដដែលបន្តថាចំណែកលោករដ្ឋមន្ត្រី ថោង ខុន វិញបានឯកភាពជាមួយលោកឯកអគ្គរដ្ឋទូតឡាវថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញនេះ កម្ពុជា-ឡាវ នឹងខិតខំរៀបចំកញ្ចប់ទស្សនកិច្ចទេសចរ ជូនដល់ភ្ញៀវទេសចរឱ្យកាន់តែសម្បូរបែបថែមទៀត ។ពិសេសគោលដៅទេសចរណ៍នៅតំបន់មាត់សមុទ្ររបស់កម្ពុជា។លោករដ្ឋមន្ត្រីបន្តថាមួយវិញទៀត កម្ពុជា-ឡាវ ក៏ចង់ឱ្យខ្សែទស្សនកិច្ច «គោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក» កាន់តែត្រូវបានជំរុញឱ្យមានសកម្មភាពច្រើនឡើងថែមទៀត ដោយប្រទេសទាំងពីរក៏មានគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោក «សៀមរាប-អង្គរ តំបន់ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូរបស់ឡាវ» ផងដែរ ដែលតំបន់ប្រាសាទទាំងនេះសុទ្ធតែត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរឡាវជាង ៤២ម៉ឺននាក់។ ដោយឡែក ក្នុងរយៈពេលបួនខែ ឆ្នាំនេះ កម្ពុជាទទួលបានទេសចរឡាវជាង ១២ម៉ឺននាក់ ។ឡាវឈរលើចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមទេសចរអន្តរជាតិ ១០ប្រទេស ដែលមកទស្សនាកម្ពុជា (Top 10)។
ប្រទេសឡាវ ត្រូវបានគេស្គាល់ថាជាប្រទេសសម្បូរទៅដោយតំបន់អេកូទេសចរណ៍ និងតំបន់បេតិកភណ្ឌ ប៉ុន្តែប្រទេសឡាវមិនមានសមុទ្រទេ៕
(ប្រភព៖ rasmeinews.com/ សរុបព័ត៌មានដោយ សមុទ្រ))

មតិពីមិត្តអ្នកអាន