ក្រសួងទេសចរណ៍កម្ពុជាកំពុងសិក្សាយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញទេសចរ

14:50 | 24/05/2019 (ប្រភព៖ postkhmer.com)

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) ជាស្ថាប័នចម្រុះរវាងរដ្ឋ និងវិស័យឯកជនកំពុងពិចារណាដាក់សំណើមួយចំនួនទាក់ទងនឹងការសម្រួលទេសចរទៅរដ្ឋាភិបាល ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត។

លោក ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​ជា​ប្រធាន ​ក.ផ.ផ ​បាន​​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ​​២១ ឧសភា ​ថា ​ការ​បង្កើត​យុទ្ធសាស្រ្ត​ថ្មីៗ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​គឺ​ជា​ការ​ចាំបាច់​។

​លោក​បន្ត​ថា ការ​លើកលែង​ទិដ្ឋាការ​​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​សំណើ​មួយ​ដែល​នឹង​ត្រូវ​ដាក់​ទៅ​រដ្ឋាភិបាល ​ដោយសារ​តែ​វា​ជា​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​អង្គរ​វត្ត​កាល​ពី​ឆ្នាំ​ទៅ

អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ពន្យល់​ថា វា​ស្ថិត​ក្នុង​ដំណាក់​កាល​​​ពិចារណា​​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា ​ក.ផ.ផ​ កំពុង​ពិចារណា​​ផ្តល់​ការ​លើកលែង​​ទិដ្ឋាការ​ពិសេស​សម្រាប់​ភ្ញៀវ​សំខាន់ៗ ​ឬ​ នៅ​ពេល​មាន​ពិធី​បុណ្យ​សំខាន់ៗ​​។ លោក​ថ្លែង​ថា៖​ «​​ការ​លើក​ឡើង​នេះ ​គ្រាន់​តែ​ជា​​គំនិត​សម្រាប់​​ក្រុម​ការងារ​យក​ទៅ​សិក្សា​តែ​ប៉ុណ្ណោះ​»​។

កិច្ច​ប្រជុំ​នោះ ក៏​បាន​លើក​ឡើង​ពី​ឧបសគ្គ​ និង​ដំណោះ​ស្រាយ​មួយ​ចំនួន ​ដែល​កម្ពុជា​គួរ​អនុវត្ត​ដើម្បី​ធ្វើ​យ៉ាង​​ណា​ទាក់ទាញ​ភ្ញៀវ​​មក​ទស្សនា ​និង​​ស្នាក់​នៅ​​កម្ពុជា​រយៈពេល​វែង​​។

ចំណុច​សំខាន់ៗ​​ដែល​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នោះ​រួមមាន ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​ ការ​ពង្រីក​ជើង​​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស ​ឥណ្ឌា ​ការ​តភ្ជាប់​ជើង​ហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ពី​នាវា​ទេសចរណ៍​នៅ​​ខេត្ត​ព្រះសីហនុ ​ទៅ​កាន់​ខេត្ត​សៀមរាប ​ការ​ទប់ស្កាត់​ការ​លក់​ផលិតផល​​ក្លែងក្លាយ​ ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឲ្យ​​បាន​ច្រើន​។

កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង ​ពី​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផែន​​ការ​ទាក់ទង​នឹង​ការ​រៀបចំ​តំបន់​បឹង​​ទន្លេសាប ​និង​តំបន់​ជួរ​ភ្នំ​គូលែន​ឲ្យ​ទៅ​​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា​ផង​ដែរ​។

ក.ផ.ផ ​ត្រូវ​​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ទេសចរណ៍ ​ក្រសួង​ការ​បរទេស ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​កម្ពុជា ​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​៕

(ប្រភព៖ postkhmer.com)

(ប្រភព៖ postkhmer.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត